ដោយសារតែនាពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់សេវាកម្មអ៊ីនធើណេតកាន់តែសម្បូរបែប ដូច្នេះការទទួលបានព័ត៌មានជាច្រើនជុំវិញសុខភាពក៏មានច្រើនដែរ។ ក្នុងពេលជាមួយគ្នានោះដែរ អ្នកទាំងអស់គ្នាប្រហែលជាបានដឹង និងមានចម្ងល់ច្រើនហើយទាក់ទងនឹងរឿងមួយចំនួនដែលគេនិយាយថា វាអាចនាំឲ្យកើតមហារីកបាន។ ដូច្នេះខ្ញុំសូមលើកនូវរឿងញឹកញាប់មួយចំនួនដែលវាត្រូវបានគេល្បីថាអាចបង្កជាជំងឺមហារីកបាន។ ចង់ដឹងថា វាមានអ្វីជាការពិតខ្លះ សូមតាមដានដូចខាងក្រោមនេះ៖

ស្ករសិប្បនិមិត្ត

ថ្វីបើជាតិស្ករ ឬជាតិផ្អែមសិប្បនិមិត្តត្រូវបានគេល្បីជាច្រើនក៏ដោយ តែវាក៏មិនទាន់មានអំណះអំណាងមួយដែលបញ្ជាក់ថា ជាតិផ្អែមប្រភេទនេះអាចបង្កើនការប្រឈមនឹងជំងឺមហារីកបានឡើយ។ ជាតិស្ករប្រភេទ Saccharine អាចធ្វើឲ្យកើតមហារីកនៅក្នុងសត្វកណ្តុរបាន ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថា រាងកាយរបស់វាមានប្រតិកម្មខុសគ្នាពីមនុស្សយើង។ 

កាំរស្មីអ៊ិច

ពេទ្យធ្មេញត្រូវការប្រើភួយសំណរគ្របខ្លួនរបស់អ្នកដោយសារតែហេតុផលមួយនេះ។ ទោះបីជាកាំរស្មីអ៊ិចតិចតួចក៏ដោយ ក៏វាអាចបង្កើនឱកាសនៃការកើតជំងឺមហារីកដែរ ប៉ុន្តែវាកើតឡើងក្នុងករណីតិចតួចប៉ុណ្ណោះ។ ជាទូទៅ កាំរស្មីអ៊ិចដែលមានកម្លាំងកាន់តែខ្លាំង ការប្រឈមមុខក៏មានច្រើនដែរ។ ប៉ុន្តែវាមិនមានចំនួនណាមួយដែលនិយាយថា មានសុវត្ថិភាពនៅឡើយទេ។ ហេតុដូច្នេះហើយ គួរតែចៀសវាងរឿងនេះឲ្យបានច្រើនតាមតែអាចធ្វើទៅបានផង។ 

ទូរស័ព្ទដៃ

ឧបករណ៍មួយនេះត្រូវបានគេដឹងថា បានដាក់ជាប់ខ្លួនមនុស្សយើងស្ទើរតែគ្រប់គ្នាទៅហើយសម្រាប់យុគ្គសម័យដ៏ទំនើបមួយនេះ។ យ៉ាងណាមិញ វាមិនត្រូវបានគេរកឃើញថាមានជាប់ទាក់ទងនឹងជំងឺមហារីកឡើយ ប៉ុន្តែរឿងនេះត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀត។ ដើម្បីសុវត្ថិភាពគួរតែ៖

  • កាត់បន្ថយការប្រើប្រាស់ ឬប្រើប្រាស់ក្នុងករណីដែលចាំបាច់បានហើយ
  • គួរតែប្រើឧបករណ៍ជំនួយដោយមិនបាច់កាន់ទូរស័ព្ទជាប់ខ្លួនពេកទេ

សាច់

មិនខ្វល់ថា វាជាសាច់កៃឆ្នៃ ឬសាច់ក្រហមឡើយ អ្នកគួរតែកុំញ៉ាំវាច្រើនពេកអី។ ការដែលញ៉ាំហតដកមួយក្នុងមួយថ្ងៃ ក៏អាចបង្កើនឱកាសកើតជំងឺមហារីកពោះវៀនធំបានដែរ។ ព្រោះអាហារប្រភេទនេះសុទ្ធតែផ្ទុកទៅដោយសារធាតុរក្សាគុណភាពឲ្យបានយូរឈ្មោះថា Nitrites ដែលវាអាចធ្វើឲ្យកើតជំងឺមហារីកបាន។ សម្រាប់សាច់ដែលអាំងមានផ្សែង ឬចម្អិនក្នុងសីតុណ្ហភាពខ្ពស់ នឹងបង្កើតជាសារធាតុ PAHs ដែលវាមិនជារឿងល្អសម្រាប់សុខភាពនោះទេ។ 

ទឹកសុទ្ធក្នុងដបជ័រ

បើសិនជាដបទឹកនោះជាផ្លាស្ទិចថ្លា វាប្រហែលជាផ្ទុកទៅដោយសារធាតុ Bisphenol A (BPA) ដែលវាក៏ត្រូវបានគេប្រើប្រាស់របស់វេចខ្ចប់អាហារ និងភេសជ្ជៈ (លើកលែងតែដបទឹកដោះគោកូនក្មេងបៅ) និងផលិតផលផ្សេងៗទៀត។ តើវាអាចបង្កជាមហារីកទេ? យោងទៅតាម FDA គឺថា វាមិនអាចឡើយ។ BPA គឺមានសុវត្ថិភាពណាស់ក្នុងកម្រិតដែលគេប្រើប្រាស់ក្នុងអាហារ។ បើសិនជាអ្នកបារម្ភខ្លាំង ចូរចៀសវាងអាហារកំប៉ុង និងការរក្សាអាហារ ឬភេសជ្ជៈនៅក្នុងដបប្លាស្ទិចថ្លាៗទៅ។ សម្រាប់អាហារក្តៅ ចូរប្រើចាន ឬកែវថ្លាវិញល្អជាង។ 

ការរួមភេទ

វាគឺជាការពិតមួយត្រង់ថា វីរុស Human Papillomavirus (HPV) ដែលជាវីរុសបង្កជំងឺកាមរោគញឹកញាប់បំផុតនោះ អាចធ្វើឲ្យកើតជំងឺមហារីកមាត់ស្បូន និងមហារីកផ្សេងៗទៀតបាន។ មនុស្សពេញវ័យភាគច្រើនដែលរួមភេទ នឹងឆ្លងវីរុសនេះនៅពេលវេលាណាមួយក្នុងជិវិត។ ប៉ុន្តែវានឹងមិនបង្កជាមហារីកឡើយ។ ភាគច្រើន វីរុស HPV នេះនឹងងាប់ទៅវិញដោយខ្លួនឯង។ ដើម្បីបន្ថយការប្រឈមមុខគួរតែធ្វើដូចខាងក្រោមនេះ៖

  • ចាក់វ៉ាក់សាំងបើសិនជាអ្នកជាមនុស្សស្រីអាយុពី ១១ ទៅ ២៦ឆ្នាំ ឬបុរសអាយុ ១១ ទៅ ២១ឆ្នាំ
  • ប្រើស្រោមអនាម័យជានិច្ចក្នុងពេលរួមភេទ
  • រួមភេទជាមួយតែដៃគូរតែម្នាក់គត់

កាហ្វេ

បើសិនជាអ្នកមានអារម្មណ៍ថា ការងារប្រចាំថ្ងៃអ្នកមិនអាចចាប់ផ្តើមបានដោយគ្មានកាហ្វេទេនោះ អ្នកនៅតែអាចញ៉ាំវាបានដដែលទេ។ តាមការស្រាវជ្រាវថ្មីបានបង្ហាញថា ការញ៉ាំកាហ្វេក្នុងកម្រិតមធ្យម (ប្រហែល ៤ពែងជារៀងរាល់ថ្ងៃ) អាចបន្ថយការប្រឈមនឹងជំងឺមហារីកបានមួយចំនួន ដោយក្នុងនោះមានដូចជា មហារីកថ្លើម ក្រពេញប្រូស្តាត ស្បូន មាត់ និងបំពង់ករ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង