ក្នុងនាមជាស្វាមីល្អម្នាក់ អ្នកគួរតែចេះធ្វើឱ្យប្រពន្ធខ្លួនមានសុភមង្គល នោះអាពាហ៍ពិពាហ៍អ្នកទើបអាចរក្សាបានយូរ ដូចនេះតើមានសកម្មភាពអ្វីខ្លះដែលអាចធ្វើឱ្យប្រពន្ធអ្នកមានសុភមង្គលនោះ?
ឱបប្រពន្ធដោយគ្មានមូលហេតុ
ការឱបមិនចាំបាច់មានមូលហេតុឡើយ នៅពេលដែលអ្នកឱបគេ គេនឹងគិតថាអ្នកនៅតែស្រលាញ់គេ ហើយយកចិត្តទុកដាក់ចំពោះគេ ដូចនេះគេនឹងព្រមធ្វើគ្រប់យ៉ាងដើម្បីអ្នក ដោយសារតែមនុស្សស្រីជាមនុស្សដែលឆាប់រំភើបខ្លាំងណាស់។
ទោះបីជាឈ្លោះគ្នា ប៉ុន្តែនៅពេលដែលឆ្លងផ្លូវកុំភ្លេចកាន់ដៃគេ
ការឈ្លោះគ្នាគ្រាន់តែជាការសម្តែងពីការយកចិត្តទុកដាក់ចំពោះគ្នាប៉ុណ្ណោះ ដូចនេះទោះបីជាឈ្លោះក៏ដោយក៏អ្នកមិនត្រូវភ្លេចថាគេជាប្រពន្ធអ្នក ហើយកុំភ្លេចកាន់ដៃរបស់គេ ព្រោះអ្នកទាំងពីរត្រូវការកាន់ដៃគ្នាដើរដល់ទីបញ្ចប់នៃជីវិត។
ដាក់រូបថតរបស់គេក្នុងកាបូបអ្នក
កាបូបគឺជារបស់ដែលនៅជិតខ្លួនអ្នកបំផុត ដូចនេះនៅពេលដែលអ្នកដាក់រូបថតអ្នកទាំងពីរ ឬរូបថតរបស់គេនៅក្នុងកាបូបអ្នក នោះបញ្ជាក់ថាអ្នកស្រលាញ់គេខ្លាំងណាស់ ដូចនេះនៅពេលដែលគេឃើញ គេនឹងសប្បាយចិត្តជាមិនខាន។
មិនត្រូវនៅចំពោះមុខគេមើលស្រីផ្សេងឡើយ
អ្នកមិនត្រូវនៅចំពោះមុខគេសម្លឹងមើលស្រីផ្សេងដោយមិនដាក់ភ្នែកឡើយ ព្រោះវាអាចធ្វើឱ្យគេមិនសប្បាយចិត្តជាខ្លាំង ដោយគិតថាខ្លួនឯងមិនស្អាតដូចពីមុន ហើយថែមទាំងអាចធ្វើឱ្យអ្នកទាំងពីរឈ្លោះគ្នាទៀតផង។
ល្អចំពោះគេគ្រប់ពេល
នៅចំពោះមុខមិត្តរបស់គេ អ្នកត្រូវតែសម្តែងពីការយកចិត្តទុកដាក់របស់អ្នកចំពោះគេ ដោយមិនត្រូវអង្គុយធ្វើព្រងើយកណ្តើយឡើយ ដើម្បីឱ្យមិត្តគេយល់ថាគេជ្រើសរើសអ្នកជាស្វាមីពិតជាត្រូវខ្លាំងណាស់។
លួចថើប
អ្នកអាចលួចថើបថ្ងាសរបស់គេនៅពេលដែលគេមិនដឹងខ្លួន ឬលួចថើបថ្ពាល់របស់គេនៅពេលដែលគេពិបាកចិត្ត ដើម្បីឱ្យគេគិតថាអ្នកនៅតែយកចិត្តទុកដាក់ចំពោះគេ ហើយគេមិនមែនរស់នៅតែឯកកោរឡើយ គេនៅមានអ្នកដែលស្រលាញ់គេ និងយកចិត្តទុកដាក់ចំពោះគេ៕