ចេកសម្បូរទៅដោយវីតាមីនB និងC ជាតិម៉ង់កាណែស ម៉ាញេស្យូម កាល់ស្យូម ហើយនិងប៉ូតាស្យូម។ ចេកជួយពង្រឹងប្រព័ន្ធអ៊ីមុយនីតេ ហើយផ្តល់នូវថាមពលទៀតផង។

ក៏ប៉ុន្តែមិនមែនមានតែសាច់ចេកប៉ុណ្ណោះទេដែលល្អ សំបកចេកក៏សំខាន់ណាស់ដែរ។
១- សំបកចេកអាចប្រើជាក្រមួនលាបស្បែកជើងបាន
សារធាតុខ្លាញ់និងវីតាមីនដែលមាននៅក្នុងសំបកចេកអាចធ្វើឱ្យស្បែកជើងរបស់អ្នកភ្លឺថ្លាដូចជាបានខាត់នឹងក្រមួន ដូច្នោះដែរ។ ចូរយកផ្នែកខាងក្នុងនៃសំបកចេកទៅជូតនៅលើស្បែកជើងស្បែករបស់អ្នកទៅ រួចហើយយកក្រណាត់ស្អាតជូតកាកចេញ នោះអ្នកនឹងឃើញថាស្បែកជើងភ្លឺថ្លាជាមិនខានទេ។
២- សំបកចេកអាចប្រើធ្វើឱ្យធ្មេញសបាន
ជាតិរ៉ែដែលមាននៅលើសំបកចេកអាចជួយការពារធ្មេញពីអាស៊ីត ភ្នាក់ងារពណ៌(កាហ្វេ តែ។ល។) និងជាតិពុលផ្សេងៗបាន។ ម្យ៉ាងទៀតសំបកចេកមានអាស៊ីតសាលីស៊ីលិកដែលជួយធ្វើមិនឱ្យមានកំណកនៅនឹងជើងធ្មេញ។
ក្រោយពីបានដុសធ្មេញរួចរាល់ហើយ ចូរយកសំបកចេកទៅដុសស្រាលៗលើធ្មេញឱ្យបានប៉ុន្មាននាទីទៅ។ ធ្មេញនឹងចេញសនៅក្នុងប៉ុន្មានសប្តាហ៍ក្រោយមក។
៣- ចេកធ្វើឱ្យសាច់ទន់ល្អ
គេមិនឱ្យដាក់ចេកនៅក្បែរផ្លែឈើឯទៀតៗទេ ព្រោះចេកបញ្ចេញឧស្ម័យអេទីឡែន ធ្វើឱ្យផ្លែឈើឯ ទៀតៗឆាប់ទុំ។ ម្យ៉ាងទៀត សំបកចេកមានជាតិទឹកខ្ពស់។ កាលណាអ្នកអាំងសាច់ក្នុងអូតូក្លាវ ចូរដាក់សំបកចេកជាមួយទៅ សាច់នោះនឹងទន់ល្អគួរឱ្យចង់ញ៉ាំ។
៤- សំបកចេកធ្វើឱ្យជីរកំប៉ុសល្អ
អាស្រ័យដោយសំបកចេកមានជាតិស្ករច្រើន ហើយនិងប៉ូតាស្យូមផងនោះ គេអាចយកសំបកចេកទៅលាយជាមួយជីរកំប៉ុសដាក់ដំណាំឱ្យកាន់តែល្អបាន។
៥- សំបកចេកអាចប្រើថែស្បែកមុខបាន
កាលណាអ្នកមានស្នាមដែលបន្សល់ដោយមុន ស្នាមជាំដោយពន្លឺថ្ងៃ ឬស្លាកស្នាមផ្សេងៗ ចូរយកសំបកចេកទៅត្រដុសជូតឱ្យបានពីរបីនាទីទៅ រួចសឹមលាងទឹកចេញ។ សំបកចេកអាចជួយធ្វើឱ្យស្លាកស្នាមឆាប់សះជា ហើយក៏រារាំងមិនឱ្យមានកកើតបាក់តេរី ផងដែរ។