នៅពេលដែលអ្នកទើបនឹងមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្នពីសកម្មភាពមួយចំនួន ជាពិសេសអាហារ ព្រោះអាហារជាកត្តាចំបងដែលអាចបំផ្លាញសុខភាពកូន និងអ្នកយ៉ាងងាយ ដូចនេះតើមានផ្ទៃពោះដំបូងគួរតែចៀសវាងកុំបរិភោគអាហារអ្វីខ្លះ?

កាហ្វេ និងតែ
នៅពេលដែលអ្នកមានផ្ទៃពោះ៣ខែដំបូង អ្នកគួរតែចៀសវាងកុំទទួលទានកាហ្វេ និងតែ ព្រោះនៅក្នុងនោះមានជាតិកាហ្វេអ៊ីនដែលអាចធ្វើឲ្យកូនលូតលាស់យឺត ហើយថែមទាំងអាចធ្វើឲ្យទម្ងន់កូនប្រែជាស្រាលទៀតផង។
ថ្លើមសត្វ
អ្នកមិនត្រូវបរិភោគថ្លើមសត្វដើម្បីចង់ទទួលបានវីតាមីនA និងDនោះទេ ព្រោះវាក៏អាចប៉ះពាល់ដល់ការលូតលាស់របស់កូនដែរ ដូចនេះបើអ្នកចង់បានវីតាមីនទាំង២ប្រភេទនោះ អ្នកអាចបរិភោគការ៉ុត ឬបន្លែនិងផ្លែឈើមកជំនួសបាន។
ចាខ្វៃ
អ្នកមិនត្រូវបរិភោគចាខ្វៃនៅពេលដែលអ្នកទើបនឹងមានផ្ទៃពោះ ឬចន្លោះពេលមានផ្ទៃពោះនោះទេ ព្រោះនៅក្នុងចាខ្វៃមានម្សៅម្យ៉ាងដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន ដូចនេះអ្នកមិនគួរបរិភោគវាទេបើចៀសបាន។
អាហារប្រតិកម្ម
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរតែងតែសាកល្បងអាហារគ្រប់ប្រភេទនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកប្រតិកម្មបាន ជាហេតុដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃយ៉ាងងាយ។
អាហារដែលជូរ
ថ្វីត្បិតតែអាហារដែលជូរអាចការពារអ្នកមិនឲ្យក្អួតច្រើន ប៉ុន្តែអ្នកមិនគួរបរិភោគច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់ពោះវៀន និងក្រពះអ្នក ថែមទាំងធ្វើឲ្យកូនលូតលាស់មិនបានល្អទៀតផង។
ស្ករ ឬអាហារដែលផ្អែម
នៅចន្លោះពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរបរិភោគអាហារដែលផ្អែមច្រើននោះទេ ព្រោះបើអ្នកពិសារដោយមិនគិត នោះអ្នកនឹងងាយធាត់ខ្លាំងណាស់ ហើយនៅពេលដែលមានជាតិស្ករច្រើនក្នុងរាងកាយអ្នក នោះវានឹងធ្វើឲ្យធ្មេញកូនលូតលាស់មិនបានល្អឡើយ៕