​យើង​តែង​ឮ​គេ​និយាយថា រាងកាយ​របស់​យើង​ត្រូវការ​ទឹក​ចំនួន​៨​កែវ​ក្នុង​មួយថ្ងៃៗ មួយ​កែវៗ​មាន​ចំណុះ​ប្រមាណ​ជា​២២៥​មី​ល្លី​លីត្រ​។ ​

ក៏​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ Robert A. Huggins, Ph.D. នៃ​សាកលវិទ្យាល័យ University of Connecticut បាន​និយាយថា បរិមាណ​ដែល​យើង​ត្រូវការ​វា​ប្រែប្រួល​ទៅតាម​មនុស្ស​ម្នាក់ៗ និង​ទៅ​តាម​សកម្មភាព​ដែល​យើង​បាន​ធ្វើ​(​តាំង​ពី​សកម្មភាព​ខាង​ផ្លូវភេទ រហូតដល់​ការ​ហាត់ប្រាណ​) ស្ថានភាព​របស់​បរិស្ថាន ការងារ អាយុ និង​របបហូបចុក​ថែមទៀត​។ លោក​សាស្ត្រាចារ្យ​បាន​និយាយ​ថែម​ទៀត​ថា យើង​ត្រូវ​ផឹកទឹក​ទៅ​តាម​ការ​ស្រេក​របស់​យើង និង​ពិនិត្យ​មើល​បរិមាណ​ទឹក​មូត្រ​ដែល​បាន​បន្ទោរ​បង់​ចេញ បាន​សេចក្តី​ថា​បើ​នោម​អស់​ប៉ុនណា ផឹក​វិញ​ប៉ុន​នោះ​។​


​បើ​ចង់​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់​នៅ​ពេល​ហាត់ប្រាណ លោក​សាស្ត្រាចារ្យ Huggins បាន​ណែនាំ​ឱ្យ​ថ្លឹង​ខ្លួន​សិន​មុន​នឹង​ចាប់​ហាត់ រួច​ថ្លឹង​ម្តង​ទៀត​ក្រោយ​ពី​ហាត់​ចប់​។ ទម្ងន់​ស្រក​អស់​ប៉ុនណា ត្រូវ​ផឹកទឹក​ទៅវិញ​ប៉ុន​នោះ​។​

ចុះ​ហេតុអ្វី​ចាំបាច់​ផឹកទឹក​គ្រាន់តែ​ឱ្យ​បាន​គ្រប់គ្រាន់​?
យើង​បានដឹង​ហើយ​ថា​ការ​ខ្សោះ​ជាតិ​ទឹក​មិន​ល្អ​ទេ​ចំពោះ​សុខភាព ហើយ​វារឹតតែ​អាក្រក់​ណាស់​ទៅ​ទៀត​បើសិនជា​ខ្វះ​ជាតិ​ទឹក​ខ្លាំងពេក​។ ក៏​ប៉ុន្តែ​បើ​ផឹកទឹក​ច្រើន​ខ្លាំងពេក វា​អាច​នឹង​ធ្វើឱ្យ​បាត់​តុល្យភាព​អេឡោក​ត្រូ​លីត​ក្នុង​ខ្លួន ដែល​នឹង​ធ្វើឱ្យ​ក្អួតចង្អោរ ឈឺក្បាល ជួនកាល​ទៅ​ជា​សន្លប់ ឬ​ស្លាប់​បានដែរ នេះ​បើ​តាម​របាយការណ៍​របស់ British Journal of Sports Medicine ។​

ដូច្នេះ តើ​ត្រូវ​ផឹកទឹក​ប៉ុនណាៗ សំខាន់​ត្រូវ​ស្តាប់​ការទាមទារ​របស់​រាង​កាយ គឺ​កាលណា​ស្រេក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង