​ដោយសារ​តែ​អ្នក​មិនមែន​ជា​អ្នកចម្រៀង​អាជីព មិនមែន​មានន័យ​ថា​អ្នក​គួរតែ​មិន​រវីរវល់​នឹង​សុខភាព​បំពង់​ក​ឡើយ​។

ប៉ុន្តែ​អ្នក​ទំនង​ជា​យកចិត្តទុកដាក់​លើ​បំពង់​ក​តែ​នៅពេល​មាន​អាការៈ​ហើម​បំពង់ក ស្ងួត​ក រមាស់ ឬ​មិន​អាច​និយាយ​ចេញ​តែប៉ុណ្ណោះ​។ សូមបញ្ជាក់​ថា បំពង់​ក​ជា​សរីរាង្គ​មួយ​ដែល​ងាយ​នឹង​មាន​បញ្ហា​ច្រើន​ណាស់​នៅពេល​ប្រើប្រាស់​វា​ច្រើន​ហួស​កម្រិត​ដូចជា ការស្រែក​ហ៊ោ​ក្នុងពេល​ផ្សាយ​បន្ត​ផ្ទាល់​បាល់ទាត់ ឬ​ច្រៀង​ចម្រៀង​ក្នុង​ខារ៉ាអូខេ​ជាដើម​។ ការ​ដែល​មាន​បញ្ហា​នៅ​បំពង​ក​ក៏​ទំនងជា​អាច​កើតមាន​នៅ​ពេល​អ្នក​មាន​ជំងឺ​ផ្តាសាយ​ផងដែរ​។


​សំណាង​ដែរ ការថែរក្សា​សុខភាព​បំពង់​ក​សុទ្ធតែ​មិនមែន​ជា​រឿង​ពិបាក​៖

ការពារ​បំពង​ក​កុំឱ្យ​ត្រជាក់​ពេក​


នៅពេល​ស្ថិតក្នុង​អាកាសធាតុ​ត្រជាក់ ឬ​រដូវរងារ យក​ល្អ​គួរតែ​មាន​កន្សែង​រុំ​ក​ដើម្បី​ជួយ​ការពារ​បំពង់​ក​ពី​ភាព​ត្រជាក់​។ ការ​រុំ​កន្សែង​នៅ​ក​គឺជា​ការអនុវត្តន៍​ដ៏​ល្អ​មួយ​ព្រោះ​វា​ក៏​ជួយ​ដល់​ការរក្សា​កម្តៅ​ដល់​រាងកាយ​ផងដែរ​។

ចូរ​លាង​សម្អាត​ច្រាស់​ដុសធ្មេញ​ឱ្យបាន​ស្អាត​ជានិច្ច​
រឿង​ដែល​មនុស្ស​ភាគច្រើន​តែង​តែ​មើលរំលង ជាពិសេស​ប្រភព​នាំឱ្យ​មាន​ការបង្ក​រោគ​នៅ​បំពង់ក​នោះ​គឺជា​របស់របរ​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ការស​ម្អាត​មាត់ ឬ​ធ្មេញ​តែម្តង​។ ដូច្នេះ មុន​ពេល​ប្រើ​វា​ព្រឹក​ឡើង យក​ល្អ​គួរតែ​ចំណាយពេល​មួយ​នាទី​ក្នុង​ការលាង​សម្អាត​វា​ជាមួយនឹង​ល្បាយ​ទឹក​ក្តៅ​មួយ​កែវ​ដែល​មាន​អំបិល​មួយ​ស្លាបព្រា​បាយ​។

សម្លាប់​មេរោគ​ក្នុង​បំពង់ក និង​ក្នុង​មាត់​ជាមួយ​ទឹកអំបិល​ក្តៅ​ឧណ្ហៗ​
ក្រោយពេល​ដុស​សម្អាត​ធ្មេញ​រួច ចូរ​ចំណាយពេល​ដើម្បី​ខ្ពុរ​ទឹកអំបិល​ក្តៅ​ឧណ្ហៗ​ជំនួស​ឱ្យ​ការ​ខ្ពុរ​ទឹក​លាង​មាត់​វិញ​ទៅ​។ នេះ​ជា​មធ្យោបាយ​ដ៏​ងាយ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការសម្លាប់​អស់​រាល់​មេរោគ​ទាំងឡាយ​ដែល​មាន​ក្នុង​បំពង់ក ជាពិសេស​មេរោគ​ដែល​បង្ក​ឱ្យ​ឈឺបំពង់ក​តែម្តង​។ ស្ថិត​ក្នុង​ករណី​ដែល​អ្នក​មាន​បញ្ហា​នេះ​រួច ចូរ​ខ្ពុរ​ទឹកអំបិល​ក្តៅ​ឧណ្ហៗ ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​ទៅ ព្រោះ​វា​អាច​នឹង​ជួយ​ពន្លឿន​ដល់​ការ​ជាសះស្បើ​យបាន​។

ចៀសវាង​ការប្រើប្រាស់​សម្ភារៈ​ផ្ទះបាយ​រួមគ្នា​

វា​ពិតជា​ផ្តល់​ភាពងាយស្រួល​ណាស់​ដល់​បាក់តេរី និង​វីរុស​ក្នុង​ការបង្ក​ជំងឺ​ក្នុង​បំពង់ក​អ្នក​នៅ​ពេល​ដែល​អ្នកប្រើប្រាស់​កែវ ពែ​ង ឬ​ដប​ទឹក​រួមគ្នា​ជាមួយ​នរណា​ម្នាក់​ទៀត​ដែល​មាន​ជំងឺ​ឈឺ​បំពង់ក ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​តែម្តង​។

ញ៉ាំ​តែ​ខ្ញី​លាយ​ទឹកឃ្មុំ​


ខ្ញី​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​ដ៏​ពូកែ​ដែល​អាច​ជួយ​បង្ការ ឬ​ឱ្យ​បំពង់​ក​ជា​សះ​របួស​បាន​។ ការ​ញ៉ាំ​តែ​ខ្ញី​មួយ​ពែង​យឺតៗ មិន​ត្រឹមតែ​ជួយ​ការពារ​បំពង់​ក​ទេ តែ​ក៏​អាច​ដោះស្រាយ​រោគសញ្ញា​នៃ​ការឈឺ​បំពង់​ក​បាន​ដែរ​។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ​ទៀត​បាន​ដែរ​ដើម្បី​ឱ្យ​វា​មាន​ប្រសិទ្ធភាព​កាន់តែ​ល្អ​។

អ្នក​អាច​ដោះស្រាយ​បញ្ហា​ស្ងួត ហើម ឬ​រមាស់​បំពង់​ក​បាន​ដែរ​តាមរយៈ​វិធីសាស្ត្រ​ងាយៗ​ខាងលើនេះ​។ ដូច្នេះ​មិន​ចាំបាច់​ដល់​បំពង់​ក​អ្នក​ឈឺ​ទេ ចូរ​ធ្វើ​ការបង្ការ​ចាប់ពី​ពេល​នេះ​ឱ្យ​ហើយ​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង