ការស្រាវជ្រាវថ្មីមួយបានរកឃើញថា កម្រិតវីតាមីន D ថយចុះ អាចធ្វើអោយការសម្រាលកូនរឹតតែឈឺចាប់។ កង្វះវីតាមីន D គឺកើតមានជាទូទៅ អំឡុងពេលមានផ្ទៃពោះ ជាពិសេសក្នុងចំណោមស្ត្រីដែលមានហានិភ័យខ្ពស់ រួមមានអ្នកបួស អ្នកដែលត្រូវនឹងពន្លឺព្រះអាទិត្យតិចជាដើម។

ការស្រាវជ្រាវថ្មីមួយបានមើលទៅលើស្ត្រីមានផ្ទៃពោះ ៩៣ នាក់ ដែលកម្រិតវីតាមីន D ត្រូវបានពិនិត្យមុនសម្រាលកូន និងដែលបានទទួលការចាក់ឆ្អឹងខ្នង សម្រាប់បន្ថយការឈឺចាប់អំឡុងពេលសម្រាល។ អ្នកស្រាវជ្រាវបានបានវាស់ពីកម្រិតនៃថ្នាំបំបាត់ការឈឺចាប់ប៉ុណ្ណា សម្រាប់ស្ត្រីម្នាក់ៗដែលត្រូវការអំឡុងពេលសម្រាលនោះ។
ស្ត្រីដែលមានកម្រិតវីតាមីន D ទាប តម្រូវអោយប្រើថ្នាំបំបាត់ការឈឺចាប់ ច្រើនជាងអ្នកដែលមានកម្រិតវីតាមីន D ខ្ពស់។ ជារឿយៗ យើងមានកម្រិតវីតាមីន D ទាបជាងធម្មតា អំឡុងពេលមានផ្ទៃពោះ។ វេជ្ជបណ្ឌិត អេដ្រូវ ហ្គឺលឺរ (Andrew Geller) បាននិយាយថា យើងបានរកឃើញថា អ្នកជំងឺដែលមានកម្រិតវីតាមីន D ទាប មានការកើនឡើងការឈឺចាប់អំឡុងពេលសម្រាលកូន។
គាត់បានបន្ថែមថា ការការពារ និងការព្យាបាលបញ្ហាថយចុះកម្រិតវីតាមីន D ចំពោះស្ត្រីមានផ្ទៃពោះ អាចមានឥទ្ធិពលលើការថយចុះកម្រិតនៃការឈឺពោះសម្រាល ចំពោះស្ត្រីជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ។ វេជ្ជបណ្ឌិត Geller បានសរុបថា អត្ថបទនេះតម្រូវអោយមើលសារជាថ្មី និងការស្រាវជ្រាវបន្ថែមចាំបាច់ត្រូវតែបង្កើតឡើង ដោយកំណត់ថាតើ យើងអាចផ្តល់ភាពប្រសើរឡើងដល់ការសម្រាលកូនបានយ៉ាងដូចម្តេច៕