ការឈឺសុដន់ គឺជារឿងដែលមនុស្សស្រីតែងតែត្អូញត្អែរ ដែលក្នុងនោះអាចរួមបញ្ចូលទាំងសុដន់ដែលឡើងរឹងហើយឈឺការឈឺក្រហាយៗ ឬមានអារម្មរណ៍តឹងនៅក្នុងសុដន់។ ការឈឺចាប់ក្នុងសុដន់អាចកើតមានរហូត ឬអាចកើតឡើងតែម្តងម្កាលតែប៉ុណ្ណោះ។

ការឈឺសុដន់ អាចមានកម្រិតពីស្រាលទៅធ្ងន់ធ្ងរ។ វាអាចប៉ះពាល់ដល់អ្នកត្រឹមតែពីរបីថ្ងៃក្នុងមួយខែ ជាឧទាហរណ៍ មុនអំឡុងពេលមករដូវ ឬអាចមានរយៈពេលប្រាំពីរថ្ងៃ ឬច្រើនជាងនេះជារៀងរាល់ខែ។ ការឈឺសុដន់ អាចគ្រាន់តែមុនពេលមករដូវ ឬវាអាចបន្តពេញមួយវដ្តរដូវតែម្តង។ ពេលខ្លះ ស្ត្រីអស់រដូវ ក៏អាចមានការឈឺចាប់សុដន់ផងដែរ ប៉ុន្តែ ការឈឺសុដន់ គឺកើតមានញឹកញាប់ជាងនៅលើស្ត្រីវ័យក្មេង។
ភាគច្រើនបំផុតការឈឺសុដន់ គឺជាសញ្ញាបញ្ជាក់ថា មិនមែនជាលក្ខខណ្ឌជំងឺមហារីកសុដន់ឡើយ តែមានករណីកម្រដែលវាអាចជាជំងឺមហារីកសុដន់។ ពេលខ្លះ វាមិនអាចធ្វើទៅបានឡើយ ក្នុងការកំណត់ពីមូលហេតុពិតប្រាកដនៃការឈឺសុដន់។ កត្តារួមចំណែកអាចរួមបញ្ចូលគ្នាមួយ ឬច្រើន ដូចខាងក្រោម ៖
- បញ្ហាអ័រម៉ូនបន្តពូជ ៖ ការឈឺសុដន់ ផ្សារភ្ជាប់យ៉ាងរឹងមាំទៅនឹងអ័រម៉ូន និងវដ្តរដូវរបស់អ្នក។ ការឈឺសុដន់បែបនេះ ជាញឹកញាប់មានការថយចុះ ឬបាត់ទៅវិញជាមួយនឹងការមានផ្ទៃពោះ ឬការអស់រដូវ។
- សភាពរបស់សុដន់ ៖ ការឈឺសុដន់ ដែលមិនជាប់ទាក់ទងនឹងការមករដូវជាញឹកញាប់មកពីអ្វីដែលប៉ះពាល់ដល់រចនាសម្ព័ន្ធនៃសុដន់ ដូចជាការមានគីសក្នុងសុដន់ ការប៉ះទង្កិចសុដន់ ការវះកាត់សុដន់ ឬកត្តាផ្សេងទៀត។ ការឈឺសុដន់ ក៏អាចចាប់ផ្តើមពីខាងក្រៅសុដន់ ពីទ្រូង សាច់ដុំ សន្លាក់ ឬបេះដូង ហើយឈឺចាក់ទៅសុដន់។
- អាស៊ីតខ្លាញ់មិនមានតុល្យភាព ៖ អតុល្យភាពនៃអាស៊ីតខ្លាញ់នៅក្នុងកោសិកា អាចប៉ះពាល់ដល់ជាលិកាដោះ ក្នុងការទទួលការបញ្ជាពីអ័រម៉ូនដែលរត់នៅក្នុងចរន្តឈាម។
- ការប្រើប្រាស់ថ្នាំ ៖ ថ្នាំដែលមានអ័រម៉ូនមួយចំនួន រួមបញ្ចូលទាំងការព្យាបាលភាពអារនិងថ្នាំពន្យារកំណើត អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈឺសុដន់។ ដូចគ្នានេះផងដែរសុដន់ ដែលឡើងរឹងហើយឈឺ គឺជាផលប៉ះពាល់មួយនៃអ័រម៉ូន Estrogen និង Progesterone ដែលមាននៅក្នុងថ្នាំ។ ការឈឺសុដន់ អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងថ្នាំបំបាត់ទុក្ខព្រួយមួយចំនួនរួមទាំងថ្នាំពពួក Selective Serotonin Reuptake Inhibitor ដូចជាថ្នាំ Fluoxetine និង Sertralineជាដើម៕