ការរក្សាបាននូវសុខភាពល្អ និងរូបរាងស្រស់ស្អាតគួរឲ្យទាក់ទាញ មិនមែនជារឿងពិបាកខ្លាំងដូចដែលអ្នកធ្លាប់បានគិតឡើយ! (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) មិនដឹងថាតើគួរធ្វើយ៉ាងណាមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់ងាយៗមួយចំនួនដែលអ្នកគួរអនុវត្តតាម ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរជៀសផុតពីជំងឺផ្សេងៗ រួមជាមួយនឹងរូបរាងស្លឹមស្អាតគួរឲ្យចាប់អារម្មណ៍ ៖

១. ឈប់ខ្វល់ពីបរិមាណកាឡូរី 

អាហារមានគុណភាពខ្ពស់ គឹសំខាន់ជាងបរិមាណកាឡូរី។ អាហារកែច្នៃ និងភេសជ្ជៈមានផ្ទុកជាតិស្ករច្រើនបណ្ដាលឲ្យកើនទម្ងន់គួរឲ្យព្រួយបារម្ភ។ ដូច្នេះហើយការផ្ដោតសំខាន់លើគុណភាព ឬជម្រើសនៃអាហារសុខភាពល្អ គឺប្រសើរជាងការពិនិត្យលើតែបរិមាណនៃជាតិកាឡូរីដែលវាមានផ្ទុក។

២. ទទួលទានបន្លែផ្លែឈើឲ្យបានច្រើន

ផ្លែឈើ និងបន្លែ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, ជាតិទឹក និងសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើនចំពោះសុខភាព។ ដូច្នេះការទទួលទានបន្លែផ្លែឈើឲ្យបានច្រើនជាប្រចាំ គឺប្រសើរណាស់សម្រាប់រក្សាសុខភាពរាងកាយ និងសម្រស់ល្អប្រសើរ។

៣. ទទួលទានអ្វីដែលអ្នកចង់ និងនៅពេលអ្នកឃ្លាន

ជួនកាលយើងសម្រេចចិត្តជៀសវាង ឬផ្អាកមិនទទួលទានអាហារដែលយើងចូលចិត្តបំផុតមួយរយៈ ប៉ុន្តែមិនអាចធ្វើបានរហូតឡើយ ដូច្នេះក្រោយមកយើងប្រាកដជានឹងទទួលទានអាហារនោះច្រើនជាងធម្មតាដែលធ្វើឲ្យកើនទម្ងន់លឿនផងដែរ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពល្អ រូបរាងស្រស់ស្អាត កុំបង្ខំខ្លួនឯង ចូរទទួលទានអ្វីដែលអ្នកចង់ ប៉ុន្តែមិនត្រូវទទួលទានគ្រប់ពេលឡើយ។

៤. ប្រើប្រាស់ “ក្បួននៃការខាំ ២ ម៉ាត់”

ប្រសិនបើមិនអាចហាមចិត្តខ្លួនឯងបាន ហើយចង់ទទួលទានអាហារដែលមិនល្អសម្រាប់សុខភាពនោះ ចូរអនុវត្តវិធីសាស្ត្របញ្ឆោតខួរក្បាលនេះ ដោយខាំអាហារនោះមួយម៉ាត់ រួចទទួលទានទឹកធម្មតា ១ កែវ សិន សឹមខាំមួយម៉ាត់ទៀត។ វិធីនេះជួយឲ្យអ្នកឆាប់ឆ្អែត។

៥. ទទួលទានអាហារសម្បូរដោយជាតិប្រូតេអ៊ីន

អាហារសម្បូរដោយជាតិប្រូតេអ៊ីន ជួយកាត់បន្ថយកម្រិតនៃអ័រម៉ូនឃ្លាន (ghrelin)។ ដូច្នេះហើយទើបការទទួលទាន ស៊ុត, ទ្រូងមាន់ និងយ៉ាអ៊ួរ នៅពេលព្រឹក អាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតនឹងពោះរហូតដល់ថ្ងៃ។

៦. ដើរ ២ នាទី រៀងរាល់ម៉ោង

ប្រសិនបើអ្នកត្រូវអង្គុយកំឡុងពេលធ្វើការនោះ អ្នកគួរចាប់ផ្ដើមប្រកាន់នូវទម្លាប់នៃការដើរឲ្យបាន ១ ទៅ ២ នាទី រៀងរាល់ម៉ោង។ ការធ្វើបែបនេះជួយឲ្យអ្នកមានភាពសកម្មស្វាហាប់បានពេញមួយថ្ងៃ។

៧. កាត់បន្ថយការទទួលទាន ឬប្រើប្រាស់ស្ករត្រឹម ៦ ស្លាបព្រា

បរិមាណនៃជាតិស្ករខ្ពស់ ឬច្រើនពេកក្នុងអាហារធ្វើឲ្យអ្នកងាយនឹងប្រឈមមុខជាមួយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឲ្យព្រួយបារម្ភ។ វាក៏អាចបង្កជាជំងឺធាត់ជ្រុលបានផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ស្ករត្រឹម ៦ ស្លាបព្រាក្នុងមួយថ្ងៃបានហើយសម្រាប់នារី និង ៩ ស្លាបព្រាសម្រាប់បុរស។

៨. ខិតតុទៅជិតបង្អួច

ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ពន្លឺព្រះអាទិត្យ អាចផ្ដល់ឥទ្ធិពលវិជ្ជមាន ២ គឺចំពោះគុណភាពនៃការគេង និងភាពសកម្មស្វាហាប់របស់អ្នក។ ដូច្នេះដើម្បីទទួលបានសុខភាពល្អ ចូរជ្រើសរើសកន្លែងអង្គុយធ្វើការឲ្យចំប្លង់។

៩. ទទួលទានភេសជ្ជៈក្ដៅឧណ្ហៗ

ភេសជ្ជៈក្ដៅឧណ្ហៗកាត់បន្ថយបរិមាណនៃកាកសំនល់មេតាប៉ូលីសពន្យឺតដំណើរការនៃភាពចាស់តាមវ័យ។ ការទទួលទានតែ ឬទឹកក្ដៅឧណ្ហៗ ១ កែវ នៅរាល់ ៣០ នាទី មុនពេលអាហារ ជួយពន្លឿនការរំលាយអាហារ បង្កើនភាពសកម្មនៃការដុតរំលាយអាហារក្នុងរាងកាយ និងសម្រួលចរន្តឈាម។

១០. កុំដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារ

ការដុសធ្មេញភ្លាមៗ ក្រោយញ៊ាំអាហាររួចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះកាចាធ្មេញ។ ដូច្នេះដើម្បីជាការប្រសើរអ្នកជំនាញជាច្រើនណែនាំឲ្យរងចាំយ៉ាងហោចណាស់ ៣០ នាទី ក្រោយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង