បេះដូង ជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឲ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ថ្នាំងងុយគេង ពេលណាគួរប្រើ?) ការធ្វើលំហាត់ប្រាណជាប្រចាំ និងជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗដែលគម្រាមកំហែងដល់អាយុជីវិត។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ប្រមាណពី ៧០ ទៅ ៨០ ភាគរយ នៃជំងឺសសៃឈាមបេះដូងអាចទប់ស្កាត់បាន ប្រសិនបើអ្នកជ្រើសរើសទទួលទានអាហារត្រឹមត្រូវ។ ថាតើអាហារបែបណាខ្លះទៅដែលមានប្រសិទ្ធិភាពជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានឲ្យបានច្រើន ដើម្បីធ្វើឲ្យសុខភាពបេះដូង ក៏ដូចជារាងកាយទាំងមូលតែម្ដងកាន់តែរឹងមាំ ៖

១. ត្រី

មានត្រីច្រើនប្រភេទណាស់ដែលអាចផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពបេះដូង ក៏ប៉ុន្តែត្រីសាលម៉ុន គឺជាជម្រើសប្រសើរជាងគេ ដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣, អូមេហ្គា ៣ DHA និង EPA ខ្ពស់ ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាមបេះដូង, ជំងឺបេះដូងដទៃទៀត រួមទាំងបញ្ហាសម្ពាធឈាមផងដែរ។ ហើយត្រីសាលម៉ុនស្រស់ គឺប្រសើរជាងត្រីសាលម៉ុនកំប៉ុង ក៏ព្រោះភាគច្រើនត្រីសាលម៉ុនកំប៉ុងមានផ្ទុកសារធាតុគីមីច្រើន ក៏ដូចជាសារធាតុរក្សាទុកបានយូរដែលប៉ះពាល់ខ្លាំងចំពោះសុខភាព។ ទោះជាយ៉ាងណា ត្រីធូណា, ត្រីសាឌីន, ត្រី mackerel ជាដើម ក៏ល្អសម្រាប់សុខភាពមនុស្សដែរ។

២. សណ្ដែកខ្មៅ

សណ្ដែកនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ, ម៉ាញ៉េស្យូម, វីតាមីន B និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម រួមទាំងកម្រិតនៃជាតិកូឡេស្តេរ៉ូល ទប់ស្កាត់បញ្ហានៃជំងឺស្ទះសសៃឈាមបេះដូង។ សណ្ដែកខ្មៅគ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ដូច្នេះ​ប្រសិនបើអ្នកទទួលទានសណ្ដែកនេះជាប្រចាំនោះអ្នកនឹងអាចរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ហើយជៀសផុតពីជំងឺផ្សេងៗដែលបង្កឡើងដោយសារជាតិកូឡេស្តេរ៉ូលមិនល្អជាមិនខាន។

៣. ប្រេងអូលីវ

ប្រេងអូលីវ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិខ្លាញ់ល្អ ហើយគ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ដូច្នេះវាក្លាយជាប្រភេទនៃអាហារល្អបំផុតសម្រាប់សុខភាពបេះដូង។

៤. សូកូឡាខ្មៅ

សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅ មានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថា អ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ។

៥. ផ្លែឈើ

ការទទួលទានផ្លែឈើ ក៏ប្រសើរបំផុតសម្រាប់សុខភាពបេះដូងគួរឲ្យកត់សម្គាល់។ ផ្លែឈើដូចជា ផ្លែប៊្លូបឺរី, ក្រូច និងល្ហុង ជាដើមមានផ្ទយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងជាតិរ់ែ និងសារធាតុចិញ្ចឹមចាំបាច់ច្រើនប្រភេទដែលប្រសើរណាស់ចំពោះសុខភាពបេះដូង និងរាងកាយទាំងមូល។ ការទទួលទានផ្លែប៊្លូបឺរីជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង, បញ្ហាសម្ពាធឈាម និងកូឡេស្តេរ៉ូល ផងដែរ។

៦. បន្លែ 

បន្លែគ្រប់ប្រភេទ គឺមានផ្ទុកសារធាតុចិញ្ចឹម, វីតាមីន និងជាតិរ៉ែចាំបាច់ ដែលជួយរក្សាសុខភាពបេះដូងល្អប្រសើរ។ ប៉ុន្តែបន្លែពិសេសមួយចំនួនដូចជា ការ៉ុត, ប៉េងប៉ោះ, ផ្កាខាត់ណាខៀវ មានផ្ទុកសម្បូរទៅដោយវីតាមីន A, B និង C ព្រមទាំងសារធាតុ beta-carotene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងស្ទះសសៃឈាមបេះដូង៕