ខេត្តកំពត ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាមិនគាំទ្រដល់មិត្តបរទេសណាដែលទាមទារបំបែករដ្ឋនោះទេ ដោយសម្តេចបញ្ជាក់ថា សម្តេចនៅតែមានទស្សនទានថា « យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ»ដែលនេះជាអ្វីដែលកម្ពុជាប្រកាន់ខ្ជាប់កន្លងមក ។

សម្តេចតេជោថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-កំពត ប្រវែងជាង១៣៤គីឡូម៉ែត្រនាព្រឹកថ្ងៃទី០២ ខែមិនានេះ ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ ។ ពេលនេះ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហានៅមីយ៉ាន់ម៉ា, នៅពេលនេះមានបញ្ហាសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន បន្ថែមទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ សម្តេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះ បានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ ។
សម្តេចតេជោ នៅតែជឿថា រុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ ហើយសម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា ។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ ។
លើសពីនេះទៀត សម្តេចតេជោបានបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយពេលនេះក៏អាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនផងដែរ ៕

