បើសិនជាមិនបានព្យាបាលទេ ជំងឺផ្តាសាយច្រើនតែជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលប្រហែលមួយសប្តាហ៍ក្រោយ។ ក្នុងពេលនេះ អ្នកក៏អាចមានជម្រើសព្យាបាលជាច្រើនដើម្បីជួយឲ្យអាការៈជំងឺនេះស្រាកស្រាន្តទៅវិញដែរ។ ថ្នាំប្រឆាំងនឹងវីរុសអាចបន្ថយភាពធ្ងន់ធ្ងរនៃការបង្ករោគនេះបាន។ វាក៏អាចបន្ថយរយៈពេលនៃការព្យាបាលថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មានវិធីព្យាបាលដោយធម្មជាតិខ្លះអាចជួយអ្នកដើម្បីទប់ស្កាត់អាការៈរបស់ជំងឺផ្តាសាយដែរដូចជា៖

  • ស៊ុប៖ ស៊ុបមាន់ក្តៅៗមានប្រសិទ្ធភាពណាស់ក្នុងការព្យបាលជំងឺផ្តាសាយ។ ទឹកក្តៅឧណ្ហៗអាចជួយបំបាត់ការឈឺបំពង់ករ និងបង្គ្រប់ជាតិទឹកព្រមទាំងអេឡិចត្រូលីត្រក្នុងខ្លួនថែមទៀត។ ការសិក្សាបានបង្ហាញថា វាក៏អាចផ្លាស់ប្តូរចលនារបស់កោសិកាគ្រាប់ឈាមក្នុងរាងកាយ និងបន្ថយការរលាកបានដែរ
  • ទឹកឃ្មុំ៖ ថ្នាំក្អក និងផ្តាសាយភាគច្រើនគឺផ្ទុកទៅដោយទឹកឃ្មុំ។ ដូច្នេះយកល្អគួរតែលាយទឹកឃ្មុំមួយស្លាបព្រាចូលទៅក្នុងតែញ៉ាំបើសិនជាអ្នកឧស្សាហ៍ក្អកដោយសារជំងឺផ្តាសាយ
  • ខ្ញី៖ ចូរដាក់ចំណិតខ្ញីទៅក្នុងតែ ឬទឹកក្តៅឧណ្ហៗដើម្បីញ៉ាំតិចៗ។ ឬសឈើប្រភេទនេះអាចជួយបំបាត់ការឈឺបំពង់ករ និងទប់ស្កាត់ការក្អកទៀត
  • ប្រូបាយអូទិច៖ វានឹងជួយបង្កើនបាក់តេរីល្អៗក្នុងពោះវៀនខណៈពេលដែលរាងកាយកំពុងតែប្រឆាំងការបង្ករោគ នៅពេលអ្នកញ៉ាំវាបានច្រើន
  • សម្រាក៖ ការគេងបានគ្រប់គ្រាន់ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឲ្យរាងកាយជាសះស្បើយពីការបង្ករោគដោយជំងឺផ្តាសាយដែរ៕