Join with Health.com.kh on Telegram

​ជាធម្មតា​ស្នាម​សង្វារ​ច្រើន កើតមាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ។​វា​អាច​មាន​ពណ៌​ស​, ក្រហម ឬ ខ្មៅ ដោយ​មាន​លក្ខណៈ​ខុសៗ​គ្នា ទៅតាម​ស្បែក​របស់​ស្ត្រី​ម្នាក់ៗ ។

វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ក្នុងការ​បំបាត់​វា​ទៅ​វិញ​នោះ ប្រសិនបើ​អ្នក​បាន​មាន​វា​នៅលើ​ស្បែក​ពោះ ឬ ផ្នែក​ណាមួយ​នៃ​រាងកាយ​រួចទៅហើយ​។ វិធី​ដ៏​ល្អ​បំផុត នោះ​គឺ​អ្នក​គួរ​ធ្វើ​ការបង្ការ និង អនុវត្ត​នូវ​ការថែរក្សា​ស្បែក​អោយបាន​ល្អ ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ​នេះ ។​
​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ទាំង ៥​យ៉ាង ក្នុង​ការជួយ​ទប់ស្កាត់​ស្នាម​សង្វារ​មិន​អោយ​កើតមាន ឬ អាច​ជួយ​កាត់បន្ថយ​ពួក​វា​បាន ៖

១.​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ ជាពិសេស​អាហារ​សម្រាប់​ជំនួយ​ដល់​ស្បែក និង​សុខភាព​របស់​កូន​ដែល​នៅក្នុង​ផ្ទៃ​។ អ្នក​ត្រូវ​ទទួល​ទាន វីតាមីន កំឡុង​ពេល​ពពោះ មុន​ពេល​សម្រាលកូន ហើយ​ទទួលទាន​អាហារ​ដែល​មាន​កម្រិត កា​ឡូរី ត្រឹមត្រូវ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ព្រមទាំង​អាហារ​ដែល​មាន​ជាតិ កាល់ស្យូម ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ វីតាមីន បន្លែ និង​ផ្លែឈើ​ជាដើម​។​

២. អ្នក​ត្រូវ​ពិសារ​ទឹក ឱ្យបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ អ្នក​គួរ​ពិសា​ទឹក​យ៉ាងតិចណាស់ ៨ កែវ ឬ ច្រើន​ជាង​នេះ​កាន់តែ​ប្រសើរ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ឱ្យ​រាងកាយ​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ សម្រាប់​ជា​ជំនួយ​ដល់​ស្បែក​របស់​អ្នក ឱ្យ​មើលទៅ​ឃើញ​មាន​សំណើម​ទន់​ភ្លឺរលោង មិន​មាន​សង្វារ​។ .

៣.​អ្នក​ត្រូវ​ថែរក្សា ការឡើង ឬ​ចុះ​ទម្ងន់​ទៅ​តាម​ការណែនាំ​។ ជាធម្មតា​ស្ដ្រី​មាន​ផ្ទៃពោះ​តែងតែ​ឡើង​ទម្ងន់ គឺជា​រឿង​ធម្មតា ក៏ប៉ុន្ដែ​ចូរ​អ្នក​ធ្វើយ៉ាងណា​កុំ​ឱ្យ​ឡើង ឬ​ចុះ​ទម្ងន់​លឿន​ពេក ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​សង្វារ​នៅលើ​ស្បែក​របស់​អ្នក​។ ដូចគ្នានេះដែរ ក្រោយ​ពេល​សម្រាលកូន ចូរ​អ្នក​ធ្វើ​យ៉ាងណា កុំឱ្យ​ខ្លួនឯង​ចុះ​ទម្ងន់​លឿន​ពេក វា​ផ្ដល់​ផល​អាក្រក់​ដល់​ស្បែក​របស់​អ្នក​យ៉ាងខ្លាំង ដូចជា​ធ្វើឱ្យ​ស្បែក​យារ​ធ្លាក់ មាន​សភាព​ជ្រីវជ្រួញ មាន​លេចចេញ​ស្នាម​សង្វារ​។ .

៤ .​អ្នក​ត្រូវ​លាបឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​របស់ខ្លួន​។ អ្នកគួ​រលាប​នៅ​ត្រង់​ម្ដុំ​សុដន់ ក្បាលពោះ ចង្កេះ ខ្នង ភ្លៅ និង​ជើង ជា​រៀង​រាល់​ពេល​ព្រឹក និង​ពេលយប់​។ អ្នក​ត្រូវ​ជ្រើសរើស​ឡេ​ប្រភេទ​ណា ដែល​ផ្ដល់​ជាតិ​សំណើម​ច្រើន ដើម្បី​កាត់បន្ថយ​ស្បែក​ស្ងួត ដែល​ជាហេតុ​ធ្វើឱ្យ​រមាស់ និង​កើត​សង្វា​រ​។ ឡេ​ប្រភេទ​នេះ ជួយ​ចិញ្ចឹម​កោសិកា​ស្បែក និង​បណ្ដុះ​ស្បែក កោសិកា​ស្បែក​ថ្មីៗ​។ អ្នក​គួរ​ប្រើឡេ​ណា​ដែល​ផ្សំ​ឡើង​ពី បឺរ​កាកាវ ប្រេង​អាល់​ម៉ុន និង បឺរ Shea ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​លាប​ស្បែក​ការពារ​កុំឱ្យ​កើត​សង្វារ ។

៥.​បន្ដ​ថែទាំ​ស្បែក​បន្ទាប់​ពី​សម្រាលកូន​រួច ជាមួយ​ការ​លាបឡេ​ផ្ដល់សំណើម ពិសា​ទឹក​ឱ្យបាន​ច្រើន បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ ព្រមទាំង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ ដើម្បី​ស្បែក​របស់​អ្នក​មាន​សភាព​ហាប់​ណែន​ស្រស់ថ្លា ភ្លឺរលោង ស្អាត​គ្មាន​ស្នាម​សង្វា​រ​៕