​ប្រសិនបើ​ការ​គាំងបេះដូង​កើតឡើង​ក្នុងពេល​កំពុង​គេង ហើយ​មិន​ត្រូវបាន​រកឃើញ​ទាន់ពេល នោះ​លទ្ធភាព​នៃ​ការស្លាប់​នឹងមាន​កម្រិត​ខ្ពស់​ណាស់​។

​ហេតុអ្វី​បានជា​គាំងបេះដូង​កើតឡើង​ពេល​គេង​យប់​?

​នៅពេល​គេង រាងកាយ​របស់​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​អសកម្ម​ក្នុង​រយៈពេល​យូរ លំហូរ​ឈាម​ថយចុះ​។​

​លើសពីនេះ មនុស្ស​មាន​ទម្លាប់​ផឹកទឹក​តិច​នៅពេល​យប់ ដែលនាំឱ្យ​មាន​ឈាម​ល្អក់កករ​កើនឡើង​។ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ជំងឺលើសឈាម និង​មាន​ប្រវត្តិ​កើត​ជំងឺ​សរសៃឈាម​បេះដូង វា​នឹង​ងាយ​ឈានទៅដល់​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ក្រៅពីនេះ ជំងឺ​គេង​មិន​ដកដង្ហើម ក៏​ជា​កត្តា​បង្ក​ជំងឺ​នេះ​ផងដែរ​។​

​សញ្ញា​មិន​ប្រក្រតី ៥​យ៉ាង ពេល​គេង​ត្រូវ​ប្រយ័ត្ន​៖

ភ្ញាក់ឡើង​ភ្លាមៗ​នៅពេល​យប់​

​ការ​មាន​កំណក​ឈាម​នៅក្នុង​សរសៃឈាម​របស់​រាងកាយ​មនុស្ស​នឹង​នាំឱ្យ​ខូច​មុខងារ​បេះដូង និង​ប៉ះពាល់​ដល់​ដំណើរ​ឈាម​ធម្មតា ។ ជាពិសេស​នៅពេល​យប់ វា​ធ្វើឱ្យ​ការរំលាយ​អាហារ​របស់​រាងកាយ​ថយចុះ ហើយ​លំហូរ​ឈាម​ទៅកាន់​សាច់ដុំ​ថយចុះ​គួរឱ្យកត់សម្គាល់​។​

​ទន្ទឹមនឹងនោះ រោគសញ្ញា​នេះ​ក៏​បណ្តាលឱ្យមាន​អារម្មណ៍​មិន​ស្រួល​ពេញ​រាងកាយ គ្រប់ផ្នែក​ទាំងអស់​មាន​អារម្មណ៍​វិលមុខ​បន្តិច​។ ដូច្នេះហើយ ការ​ភ្ញាក់​ពី​គេង​ភ្លាមៗ​នៅពេល​យប់ គឺ​មិនមែន​គ្មាន​ការព្រួយបារម្ភ​នោះទេ ។​

​ដៃ​និង​ជើង​ត្រជាក់​

​ជំងឺ​សរសៃឈាម​បេះដូង​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​រាងកាយ​ក្នុងការ​ចរាចរ​ឈាម​ជាធម្មតា ជាពិសេស​ដោយសារតែ​ឈាម​ត្រូវបាន​រុញ​ដោយ​បេះដូង​ទៅកាន់​ផ្នែក​ឆ្ងាយៗ​ដូចជា​ដៃ និង​ជើង​។ ដូច្នេះហើយ រោគសញ្ញា​នៃ​ដៃ និង​ជើង​ត្រជាក់​នឹង​លេចឡើង ប្រសិនបើ​អ្នកមាន​បញ្ហា​បេះដូង​។ ពេល​គេង​នៅពេល​យប់ ចរន្តឈាម​ក្នុង​រាងកាយ​នឹង​ចុះខ្សោយ ហើយ​រោគសញ្ញា​នៃ​ដៃ និង​ជើង​ត្រជាក់​នឹង​កាន់តែច្បាស់​។​

​រោគសញ្ញា​នេះ​ក៏​ជាស​ញ្ញា​សំខាន់​មួយ​ក្នុងការ​ទទួលស្គាល់​ជំងឺ​ដាច់​សរសៃឈាម​បេះដូង​។ ដូច្នេះ ប្រសិនបើ​រោគសញ្ញា​នេះ​លេច​ឡើងជា​ញឹកញាប់​នៅពេល​យប់ អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ស្វែងរក​ការព្យាបាល​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ការពារ​ការ​គាំងបេះដូង​។​

ចង្វាក់បេះដូង​លោត​ញាប់ ឈឺទ្រូង​

​ដំណើរ​បេះដូង​ដើរ​ញាប់ គឺជា​សញ្ញា​ទូទៅ​បំផុត​នៃ​ការ​គាំងបេះដូង ហើយ​វា​កាន់តែ​គ្រោះថ្នាក់​នៅពេលដែល​វា​កើតឡើង​មុនពេល​ចូល​គេង​។​

​ស្រដៀង​ទៅនឹង​ការ​ញ័រ​បេះដូង ការឈឺ​ទ្រូង​ក៏​ជា​សញ្ញា​ទូទៅ​នៃ​ការ​គាំងបេះដូង​ផងដែរ​។ ការឈឺ​ទ្រូង​ជាធម្មតា​កើតឡើង​ក្នុងដំណាក់កាល​ស្រួចស្រាវ នៅពេលដែល​រាងកាយ​លេចឡើង​ការឈឺ​ទ្រូង​បណ្តោះអាសន្ន​ដែលមាន​រយៈពេល 1-2 នាទី​ហើយ​បន្ទាប់មក​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​។​

​នៅពេលដែល​អ្នកឃើញ​រោគសញ្ញា​នេះ​លេចឡើង អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​វា​អាចជា​សញ្ញា​មុនពេល​ចាប់ផ្តើម​នៃ​ការ​គាំងបេះដូង​។​

ដង្ហើម​ខ្លី​

​ប្រសិនបើ​អ្នក​មិនមាន​ជំងឺ​សួត និង​ជំងឺ​សរសៃឈាម​បេះដូង​ផ្សេងទៀត​ដូចជា​ជំងឺលើសឈាម ឬ​ជំងឺ​សរសៃឈាម​បេះដូង​ទេនោះ វា​មិនមាន​អ្វី​ខុស​ជាមួយ​ការ​គេង​នោះទេ​។​

​ប៉ុន្តែ​នៅពេលដែល​អ្នកមាន​ប្រវត្តិ​នៃ​ស្ថានភាព​ទាំងនេះ រួម​ជាមួយនឹង​ការដកដង្ហើម​ខ្លីៗ​មុន និង​អំឡុងពេល​គេង វា​អាចជា​សញ្ញា​បង្ហាញថា​បេះដូង​កំពុង​ខ្វះ​អុកស៊ីហ្សែន ដែល​អាច​នាំឱ្យ​គាំងបេះដូង​ក្នុងពេល​គេង​។​

ក្អក​

​ការ​ក្អក​គឺជា​រោគសញ្ញា​ទូទៅ​នៅពេលដែល​រលាក​ផ្លូវដង្ហើម​របស់​មនុស្ស ប៉ុន្តែ​ជាធម្មតា​បន្ទាប់ពី​គេង រោគសញ្ញា​នៃ​ការ​ក្អក​នឹង​ចុះខ្សោយ​។​

​ទោះជា​យ៉ាងណាក៏ដោយ មិនមែន​ការ​ក្អក​ទាំងអស់​សុទ្ធតែ​បណ្តាលមកពី​ជំងឺ​សួត​នោះទេ​។ ប្រសិនបើ​អ្នក​ស្រាប់តែ​ក្អក​នៅពេល​យប់ អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​វា​។ នេះ​អាច​ជាការ​ក្អក​ដែល​បណ្តាលមកពី​ជំងឺ​ដែល​កើតចេញពី​បេះដូង អមដោយ​អារម្មណ៍​តឹង​ក្នុង​ទ្រូង ដង្ហើម​ខ្លី និង​បេះដូង​លោត​ញាប់​។ វា​គឺជា​ការបង្ហាញ​ជាទូទៅ​នៃ​ជំងឺខ្សោយបេះដូង​ខាងឆ្វេង​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង