Join with Health.com.kh on Telegram

ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​នឹង​សក់​របស់​អ្នក វា​អាច​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​ខ្លួន​អ្នក​បាន​។ ប្រសិនបើ​អ្នក​កើត​មាន​សក់​ស្តើង​ឬ​អ្នក​ធ្វើ​ឱ្យ​វា​ស្តើង​ដោយ​ខ្លួនឯង​ដោយ​ការលេង​ម៉ូត​សក់​ខ្លាំងពេក និង​ការប្រើប្រាស់​ផលិត​សក់​គីមី​លើ​សក់​ច្រើនពេក អ្នក​ក៏​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ដែរ​។

សក់​ដែល​ស្តើង​ពី​ធម្មជាតិ​មាន​ភាព​ពិបាក​នឹង​ធ្វើឱ្យ​វា​ក្រាស់​ជាង​មុន​ណាស់ ព្រោះ​ឫស​សក់​របស់​អ្នកតូច​ពី​ធម្មជាតិ​។ អ្នក​ក៏​ប្រហែលជា​មាន​ចំនួន​ឫស​សក់​តិច​ផងដែរ ក្នុង​ការបង្កើត​កម្រាស់​សក់​ដែល​អ្នក​ចង់​បាន​។ ប៉ុន្តែ ការទទួល​ទានរ​បប​អាហារ​ត្រឹមត្រូវ ការប្រើ​វីតាមីន​បន្ថែម និង​ផលិតផល​សក់​អាច​ជួយ​អ្នក​ឱ្យ​សម្រេច​បំណង​នេះ​បាន​។​

១. ចូរ​បរិភោគ​របប​អាហារ​ដែល​ត្រឹមត្រូវ​ដែល​សម្បូរ​ទៅ​ដោយ​ប្រតេអ៊ីន​។ ប្រសិនបើ​របប​អាហារ​របស់​អ្នក​គ្មាន​ប្រតេអ៊ីន​ទេនោះ សក់​របស់​អ្នក​អាច​នឹង​ស្ងួត ងាប់ ឬ​ស្រួយ​ផុយ​។ អ្នក​គួរ​ទទួល​ទាន​អាហារ​ដូចជា សាច់មាន់ មាន់​ទួរគី ត្រី​សាល់​ម៉ុន ពពួក​សណ្តែក និង​គ្រាប់​អាល់​ម៉ុន​។​

២. បន្ថែមបន្លែ​បៃតងចាស់​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដូចជា​ស្ពីណា​ច ស្ពៃ​ខៀវ និង​ផ្កា​ស្ពៃ ប្រូ​ខូលី (broccoli)​។ បន្លែ​ពណ៌​បៃតងចាស់​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​សារធាតុ​ខនិជ ដែល​មាន​ដូចជា វីតាមីន A និង C ដែល​មាន​តួនាទី​ក្នុង​ការបង្កើត​ជាតិ​ប្រេង​ធម្មជាតិ​លើ​ស្បែក​ក្បាល​របស់​អ្នក​។ វា​ធ្វើឱ្យ​សក់​របស់​អ្នក​មើល​ទៅ​ក្រាស់​។​

៣. លេបថ្នាំ​ប៊ីយ៉ូ​ទីន (biotin) បន្ថែម​។ ប៊ីយ៉ូ​ទីន ជួយ​ដល់​ការលូតលាស់​នៃ​សក់​និង​ធ្វើឱ្យ​សរសៃសក់​ក្រាស់​។ ជំនួស​ពី​ការប្រើ​ថ្នាំ អ្នក​អាច​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប៊ីយ៉ូ​ទីន ដែល​មាន​ដូចជា ស៊ុត គ្រាប់​ធញ្ញជាតិ​ទាំងមូល ផ្កា​ស្ពៃ cauliflower ទឹកដោះគោ និង​ងៀវ​ឬ​អយ​ស្ទើរ (oyster)​។​

៤. ជៀសវាង​បន្ត​ការបរិភោគ​របប​អាហារ​ដែល​មិនល្អ ព្រោះ​វា​អាច​ធ្វើឱ្យ​កង្វះ​សារធាតុចិញ្ចឹម ដែល​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​សក់​របស់​អ្នក​។​

៥. ទទួលទាន​ទឹក​យ៉ាងតិច ២​លីត្រ ក្នុង​មួយ​ថ្ងៃ​។ ទឹក​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​សក់​របស់​អ្នក ព្រោះ​វា​ដឹកជញ្ជូន​សារធាតុចិញ្ចឹម​ទៅកាន់​ជុំវិញ​ខ្លួន​របស់​អ្នក​។​