របបអាហារ គឺជាប្រការមួយដ៏សំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះថា បើពួកគេទទួលបានត្រឹមត្រូវ នោះវាអាចផ្តល់អត្ថប្រយោជន៍ទាំងម្តាយ និង កូន ហើយកាលបើទទួលនួវ របបអាហារមិនល្អ វាក៏ជះឥទ្ធិពល មិនល្អ ដល់សុខភាពរបស់អ្នកទាំងពីរបានដូចគ្នា។

ដូច្នេះ របបអាហារគឺជាការចាំបាច់ ដែលស្ត្រីមានផ្ទៃពោះ ទាំងឡាយគួរយកចិត្តទុកដាក់អោយបានមុនគេ ។
អាហារដែលគួរចៀសសវាងនៅពេលមានផ្ទៃពោះ៖
- ត្រីដែលសំបូរជាតិបារត( Mercury) ច្រើន ។ កាលណាកំរិត បារត មានច្រើន អាចធ្វើអោយខួរក្បាលរបស់ទារកខូចបាន ប៉ុន្តែនេះមិនមែននិយាយថា មិនអោយបរិភោគត្រីទាំងអស់នោះទេ ព្រោះត្រីក៏មានអត្ថប្រយោជន៍ក្នុងការផ្តល់អោយអ្នកនូវជាតិខ្លាញ់ អាស៊ីត អូមេហ្គា៣ ដ៏សំខាន់ផងដែរ ។ ចំនែកត្រីដែលត្រូវជៀសវាងគឺ ត្រីដាវ និងត្រីឆ្លាម ។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តទទួលទានត្រីសមុទ្រ អ្នកនៅតែអាចបន្តទទួលទានបាន ដោយគ្រាន់តែកាត់បន្ថយការ ទទួលទាននោះកុំអោយលើសពីមួយដងក្នុងមួយសប្តាហ៍ ។ អ្នកក៏អាចទទួលទានសាច់ជាច្រើនទៀតដូចជាត្រីសូម៉ុង ត្រីឆ្លាំង ត្រីអណ្តែង ត្រីម័ររុយ បង្គារ ក្តាម និងលៀសសមុទ្រ
- ត្រីឆៅ
- ហ្វ្រូម៉ាទន់ៗដែលមិនទាន់សំលាប់មេរោគ ។អាហារទាំងនេះច្រើនមានបាក់តេរីរស់នៅពិសេសពពួក Listeria ដែលអាចឆ្លងកាត់ទងសុកបាន ហើយធ្វើអោយរលូត ឬទៅជាជំងឺឆ្លងមួយដ៏កាចសាហាវនិងគំរាមកំហែងដល់ជីវិតទៀតផង ។
- ទឹកដោះគោដែលមិនទាន់សំលាប់មេរោគ ព្រោះវាមានវត្តមានរបស់ Listeria ។
- សាច់ក្រកហត់ដក និង សាច់កំប៉ុង ដែលអាហារទាំងនេះក៏មានបាក់តេរី Listeria ដែរ ។ ប្រសិនបើអ្នកចង់បរិភោគអាហារទាំងនេះត្រូវតែកំដៅវាអោយទាល់តែ ឆ្អិនម្តងទៀតទើបទទួលទានបាន ។
- សាច់ និងស៊ុតដែលមិនទាន់ចម្អិត
- ស្រា: គេពុំទាន់ដឹងថាតើកំរិតស្រាប៉ុន្មានទើបធ្វើងោយប៉ះពាល់ដល់ទារក នោះទេ ។ កាលណាដែលទារកនៅក្នុងផ្ទៃមានការប៉ះពាល់នឹងជាតិស្រាអាចធ្វើអោយ រាំងស្ទះដល់ការលូតលាស់ និង ទៅជា Fetal Alcohol Syndrome ហើយអ្វីដែលច្រើនតែជួបនោះគឺ ទារកដែលកើតមក នឹងមានការខ្សត់ខ្សោយខាងប្រាជ្ញា ដូច្នេះប្រការទាំងនេះយើងអាចការពារវាបានទាំងស្រុង ។
- ជាតិកាហ្វេអ៊ីន: ខណៈពេលដែលការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានការហ្វេអ៊ីនក្នុងកំរិតមធ្យមក្នុងពេលមានផ្ទៃពោះគឺ មិនមានបញ្ហាអ្វីទេ ចំណែកឯខ្លះទៀតរកឃើញថា វាមានការទាក់ទងនឹងការរលូត ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការលុបបំបាត់នូវការទទួលទានការ ហ្វេអ៊ីនក្នុងអំឡុងពេលត្រីមាសទីមួយ ។ កាលណាទទួលទានកាហ្វេអ៊ីនចំនួនច្រើនវានឹងធ្វើអោយកូនកើតមិនគ្រប់ ខែ និងមិនគ្រប់ទម្ងន់ ដូច្នេះធ្វើយ៉ាងណាកែប្រែខ្លួនឯងដើម្បីលុបបំបាត់នូវការទទួលទាន កាហ្វេក្នុងពេលមានផ្ទៃពោះ ។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ ចូរមិនត្រូវទទួលទានវាអោយលើសពី ៣០០មីលីក្រាម ឬអោយតិចជាងនេះ (១-២ ពែកកាហ្វេ) ៕