ប្រសិនបើ​អ្នក កំពុងតែ​រងគ្រោះ​ពី​បញ្ហា​សក់​ជ្រុះ នោះ​អ្វី​ដែល​អ្នក​គួរផ្តោត​យកចិត្តទុកដាក់​មុនគេ​នោះ​គឺ ប្រភេទ​អាហារ​ដែល​អ្នក​ត្រូវ​ទទួល​ទាន​។ ជារឿយៗ មនុស្ស​ភាគច្រើន តែង​ព្យាយាម​ចាប់យក ផលិតផល​ថែទាំ​សក់​ផ្សេងៗ​យក​មក​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​ផល​ជាទី​គាប់ចិត្ត​នោះទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺ អាហារ​ដែល​អ្នក​ត្រូវ​ទទួល​ទាន​។

​វិធី​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក ក្នុងការ ការពារ​សក់​អ្នក​មិន​អោយ​ជ្រុះ និង ធ្វើអោយ​សក់​របស់​អ្នក​ដុះ​បាន យ៉ាង​ល្អ​នោះ​គឺ អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​របប​អាហារ ដែល​អ្នក​ត្រូវ​ទទួល​ទាន​។
​ខាងក្រោម​នេះ គឺជា​អាហា​រទាំង ១០​ប្រភេទ​ដែល​ជួយ​ការពា​រសក់​អ្នក​មិន​អោយ​ជ្រុះ និង ជួយ​អោយ​សក់​របស់​អ្នក​ដុះ​បាន​ក្រាស់​ល្អ ៖

១. គ្រាប់​ផ្កាឈូករ័ត្ន​
​គ្រាប់​ផ្កាឈូករ័ត្ន គឺជា​គ្រាប់​ធញ្ញជាតិ​ម្យ៉ាង ដែល​សម្បូរ​ទៅ​ដោយ​សារជាតិ ស័ង្កសី​, ម៉ាញ៉េ​ស្យូម​, កាល់ស្យូម​, ជាតិ​ដែក​,​បី​យ៉ូ​ទីន​, ប្រូតេអ៊ីន និង អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៦ ។​ពពួក​សារធាតុចិញ្ចឹម​ទាំងនេះ គឺ​ពិត ជា​អាច​ការពារ​អ្នក ពី​បញ្ហា​ជ្រុះ​សក់​បាន តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​មិន​ត្រូវ​បរិភោគ​វា​ក្នុង​កម្រិត​ច្រើន​ជ្រុល​ពេក​នោះទេ ព្រោះថា វា​ក៏​អាច​ធ្វើអោយ​សក់​របស់​អ្នក​ជ្រុះ​វិញ​បាន​ផងដែរ​។​

២. សណ្តែកដី​
​សណ្តែកដី​គឺមាន​អត្ថប្រយោជន៍​ចំពោះ​ការលូតលាស់​របស់​សក់ ក៏ដូចជា​ជួយ​ការពារ នូវ​បញ្ហា​ជ្រុះ​សក់​បាន​ផងដែរ​។ ប្រភេទ​សណ្តែកដី​ផ្សេងៗ​ទៀត មានដូចជា​៖ គ្រាប់​អាល់​មុន​, គ្រាប់ស្វាយ​ចាន់ទី​, សណ្តែក​ខៀវ​, វ៉ាល់​ណាត់ គឺ​មាន​ផ្ទុក​នូវ​ប្រភេទ​ផ្សេងៗ​ជាច្រើន នៃ​ពពួក​វីតាមីន​, រ៉ែ​,​ជាតិ​ដែក​, ស័ង្កសី​, និង ពពួក​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព ដែល​ជួយ​ការពារ​សក់​មិនអោយ​ជ្រុះ​បាន​ងាយៗ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​បន្ថែម​នូវ​ប្រភេទ​សណ្តែកដី ទាំងនេះ ចូលទៅ​ក្នុង​របប​អាហារ​របស់​អ្នក អោយបាន​ជា​ប្រចាំ​។​

៣. ស៊ុត​
​ដើម្បី​ធ្វើអោយ​សក់​របស់​អ្នក​លូតលាស់​បានល្អ ប្រូតេអ៊ីន​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ ក្នុង​ការពង្រឹង​ដល់ ដំណើរការ​នេះ​។ ដូចដែល​យើង​បានដឹង​ស្រាប់​ហើយ​ថា ស៊ុត​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​ប្រូតេអ៊ីន ហើយ​វា ក៏​មាន​ផ្ទុក​ផងដែរ​នូវ​សារធាតុ​បី​យ៉ូ​ទីន និង វីតាមីន B ដែល​ជួយ​ទប់ស្កាត់​ដល់​បញ្ហា​ជ្រុះ​សក់​។ ដូច្នេះ អ្នក​យ៉ាងហោចណាស់​ក្នុង​មួយ​ថ្ងៃ អ្នក​គួរ​ទទួល​ទាន​ស៊ុត អោយបាន​១​គ្រាប់​។​

៤. ស្ពៃ​ខ្មៅ​
​នេះ​គឺជា​បន្លែ​ដ៏​ល្អ ពីព្រោះ​ថា​វា​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន​ដូចជា វីតាមីន B,C និង E , កាល់ស្យូម​, អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៣ , ជាតិ​ដែក និង សម្បូរ​ទៅដោយ​ផង​ដែរ​សារធាតុចិញ្ចឹម ព្រមទាំង សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ដែល​ជួយ​អោយ​សក់​របស់​អ្នក ដុះ​បាន​យ៉ាង​ល្អ​។​

៥. ការ៉ុត​
​មនុស្ស​ជាច្រើន​សុទ្ធតែ​បានដឹងហើយថា បន្លែ​នេះ​គឺ​ល្អ​ចំពោះ​ការមើលឃើញ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ វា​ក៏​បាន​ផ្តល់​ផល​ល្អ ផងដែរ​ចំពោះ​សុខភាព​សក់​របស់​អ្នក​។ សារធាតុ បេតា​ការ៉ូ​តែន គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់ និង អាច​ជួយ​ធ្វើអោយ​សសៃសក់​របស់អ្នក រឹងមាំ​បាន​ផងដែរ ។​

៦. ដំឡូងជ្វា​
​ការ​ទទួលទាន​ដំឡូងជ្វា​អោយបាន​ទៀងទាត់ គឺជា​វិធី​ដ៏​ងាយស្រួល​បំផុត ក្នុងការ ការពារ​បញ្ហា​សក់​ជ្រុះ​។ ប្រសិទ្ធិភាព​របស់​វា គឺ​វា​ក៏​មាន​ផ្ទុក​ផងដែរ​នូវ​សារធាតុបេ​តា​ការ៉ូ​តែន ដែល​វា​នឹង​បម្លែង​ជា​វីតាមីន A នៅពេល​វា​ចូលទៅក្នុង​ខ្លួន​យើង ។ វីតាមីន A ក៏​ជួយ​ជម្រុញ​ធ្វើអោយ​កោសិកា​និង ជាលិកា​របស់​អ្នក លូតលាស់​បានល្អ​ផងដែរ​។​

៧. សណ្តែកសៀង​
​វា​គឺជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​វីតាមីន B, C និង សារជាតិ​ស័ង្កសី ដែល​អាច​ជួយ​ជម្រុញ​ដល់​ការលូតលាស់​របស់​សក់ អោយមាន​សុខភាព​ល្អ ហើយ​អ្វី​ដែល​ល្អ​បំផុត​នោះ​គឺថា វា​ជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​ប្រូតេអ៊ីន ដែល​មាន​កាឡូរី​ទាប និង មាន​ជាតិ​ស​សៃ​ច្រើន​។

៨. ត្រី​សាល់​មុន​
​វា​គឺជា​ប្រភេទ​ត្រី​ដែល​សម្បូរ​ខ្លាញ់ ជាពិសេស​គឺ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៣ ដែល​ជួយ​ជម្រុញ​ផង​ដែរ ដល់​ការលូតលាស់​របស់​សក់​អ្នក​។ វា​ក៏​មាន​ផ្ទុក​ផងដែរ នូវ ប្រូតេអ៊ីន និង វីតាមីន B12 ។ ពពួក​សារធាតុចិញ្ចឹម​ទាំងនេះ គឺ​អាច​ជួយ​ធ្វើអោយ​សសៃសក់​របស់​ដុះ​បានល្អ និង កាត់បន្ថយ​នូវ​បញ្ហា​ជ្រុះ​សក់​ដ៏​ច្រើន​របស់​អ្នក​។ ចូរ​ប្រាកដថា អ្នក​ទទួល​ទាន វា​អោយបាន​២​ដង ក្នុង​មួយ​សប្តាហ៍ ។​

៩. សាច់គោ​
​វា​មាន​ផ្ទុក​នូវ វីតាមីន B ,​ប្រូតេអ៊ីន​, ស័ង្កសី និង ជាតិ​ដែក​ក្នុង​បរិមាណ​មួយ​ដ៏​ល្អ​។ ក្នុង​នោះ​វា​ក៏​ជួយ អោយ​សសៃសក់​អ្នក​រឹងមាំ និង មាន​សុខភាព​ល្អ​។ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អ អ្នក​គួរ​ធ្វើការ​ទទួលទាន​វា អោយបាន​២ ទៅ ៣​ដង​ក្នុង​មួយ​សប្តាហ៍​។​

១០. ស្រូវ​សាឡី​
​វា​ក៏​មាន​ផ្ទុក​ផងដែរ នូវ​សារធាតុចិញ្ចឹម​តូចៗ​ជាច្រើន រួម​ផងដែរ​នូវ​វីតាមីន B ,​ស័ង្កសី​, ប្រូតេអ៊ីន និង ប៉ូ​តា​ស្យូម ដែល​ពួក​វា​សុទ្ធ​តែ​អាច​ជួយ​អោយ​សសៃស​ក់​មាន​សុខភាព​ល្អ និង ការពារ​វា​មិន​អោយ​ជ្រុះ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង