ផ្នែកនៃបណ្តាញទំនាក់ទំនងសង្គមមានដូចជា ហ្វេសប៊ុក ( Facebook ) គឺ ប្រាកដជាបាន ឆ្លុះបញ្ចាំងថា រយៈចំងាយ មិនមែនជារបាំងនៃការទំនាក់ទំនង ទៀតនោះទេ នៅពេលដែលអ្នកចង់ រក្សាទំនាក់ទំនង ជាមួយនឹង មិត្តភក្តិ និង ក្រុមគ្រួសាររបស់អ្នកនោះ។

ភាពជាក់ស្តែងដែលកើតមាននៅក្នុងពិភពលោក មិនថា ពេលណា, កន្លែងណា គឺត្រូវបានបង្ហាញអោយយើងបានឃើញយ៉ាងជិតស្និទ្ធ មានដូចជា ការចែករំលែក នូវរឿងរ៉ាវ,ព័ត៌មានផ្សេងៗ, រូបភាព និង បទពិសោធន៍នៃការរស់នៅជាប្រចាំថ្ងៃ តាមរយៈ បណ្តាញ គេហទំព័រសង្គមមួយនេះ ។
តែទោះជាយ៉ាងណាក៏ដោយ ហ្វេសប៊ុក ក៏បានជះឥទ្ធិពល អាក្រក់ ៥យ៉ាង ដែលអាចនឹងបំផ្លាញដល់ ទំនាក់ទំនងរបស់អ្នក និង ដៃគូបានផងដែរ ៖
១. ស្ថានភាពគ្រួសារ និង ទំនាក់ទំនងស្នេហា
ប្រូហ្វាល់ហ្វេសប៊ុក របស់បុគ្គលម្នាក់ៗ ដែលមានគណនេយ្យ ហ្វេសប៊ុក គឺអាចផ្តល់ជម្រើសអោយអ្នក ក្នុងការប្រកាស បង្ហាញពីទំនាក់ទំនងជាបុគ្គលរបស់អ្នក (status) ដូចជា ថាតើអ្នកជាមនុស្សមានភាព ស្មុគស្មាញ ក្នុងបញ្ហាស្នេហា, នៅលីវ,ជាមនុស្សមានគ្រួសារ ឬ បានភ្ជាប់ពាក្យរួចមកហើយ ។ប្រសិនបើអ្នក ស្ថិតក្នុង ការចងសម្ព័ន្ធមិត្តជាពិសេស ជាមួយនឹងនរណាម្នាក់ ដែលជា មនុស្សមានលក្ខណៈស្រគត់ស្រគុំ ដែលអាចនឹង មិនមានភាពក្លាហាន ក្នុងការ បញ្ចេញនូវ ស្ថានភាពមួយនេះ ចំពោះសាធារណៈជន នោះពួកគេអាចនឹង មិនពេញចិត្ត ចំពោះ ការបង្ហាញមតិយោបល់ ( comments) និង ការ ដាក់បង្ហាញរូបភាពអនុស្សាវរីយ៍ជា បុគ្គលរបស់អ្នកទាំងពីរ នៅចំពោះមនុស្សទូទៅ ដែលកំពុង លេងបណ្តាញសង្គមមួយនេះ ។ នោះវានឹងចោទ ជាបញ្ហា ដែលអាចបង្កជម្លោះ នឹងបំផ្លាញទំនាក់ទំនងរបស់អ្នកទាំងពីរបាន ។
២. បញ្ហានៃ ទម្រង់ មឺជឺ ( merger feature)
ហ្វេសប៊ុក គឺមានដាក់នូវ merger feature ថ្មី ដែលអាចបង្ហាញនូវ ប្រូហ្វាល់របស់បុគ្គលម្នាក់ៗ ដែលបានបង្ហាញ status របស់ខ្លួន ដូចជាអ្នករៀបការរួច, មានគូដណ្តឹង ឬ កំពុងស្ថិតក្នុងទំនាក់ទំនង ដែលវាអាចនឹង បង្ហាញនូវ ការសន្ទនា, រូបភាព និង រឿងរ៉ាវរបស់គូស្នេហ៍ បាន។ សភាព automatic merger ប្រភេទនេះ អាចបង្កនូវបញ្ហា ប្រសិនបើ ទំនាក់ទំនងរបស់អ្នក កំពុងតែស្ថិតក្នុងសភាពមិនសូវល្អ នោះអ្នកនឹង ស្ថិតនៅក្នុងគ្រោះថ្នាក់ ឬ ប្រសិនបើអ្នកទើបតែធ្វើការផ្លាស់ប្តូរដៃគូ និង នៅមិនទាន់ផ្លាស់ ប្តូរ status របស់ខ្លួននៅឡើយ ។ ប្រវតិ្តនៃទំនាក់ទំនងរបស់អ្នក អាចនឹង បង្ហាញនូវ ស្រមោលអតីតកាល អំពី ទំនាក់ទំនងជាបុគ្គលរបស់អ្នក។ បន្ទាប់ពីនោះមក អ្វីដែលកើតមានចំពោះអ្នកទាំងពីរ នៅក្នុងភាពជាក់ស្តែង អាចនឹងមិនដូចទៅនឹងអ្វី ដែលអ្នកបានបង្ហាញនៅក្នុង ប្រូហ្វាល់ហ្វេសប៊ុករបស់អ្នក ។
៣. ទទួលរងសម្ពាធពីដៃគូស្នេហាផ្សេងទៀត
តើអ្នកទាំងពីរ គឺជាគូស្នេហ៍លាក់លៀម ដែលចង់រក្សាទំនាក់ទំនង តាមបែបស្ងៀមស្ងាត់ និង ចង់អោយអ្វីៗដំណើរការ ទៅតាមសម្រូល និង រង់ចាំមើលពីលទ្ធផលរបស់វាមែនដែរឬទេ? ប្រសិនបើ អ្នកមានអារម្មណ៍ ហាក់ដូចជាច្រណែន នឹង ការមើលឃើញដៃគូស្នេហាផ្សេងទៀត កំពុងតែ ដាក់បញ្ចូល នូវរូបភាពស្និទ្ធស្នាលរបស់ពួកគេ មានដូចជាការ អោប ថើប ឬ ការផ្លាស់ប្តូរ មតិយោបល់ និង រីករាយ នឹង ការសម្តែងនូវ ទំនាក់ទំនងស្នេហារបស់ពួកគេ ជាសាធារណៈ នោះកត្តានេះ អាចនឹងបំផ្លាញនូវ ទំនុកចិត្តរបស់អ្នកទាំងពីរ បាន ឬ ធ្វើអោយនរណាម្នាក់អន់ចិត្ត។ ជំនួសអោយការផ្តោតអារម្មណ៍ ទៅលើស្នេហា របស់អ្នក នោះ ការសម្តែងចេញជាសាធារណៈរបស់ដៃគូស្នេហាដទៃ អាចនឹងរំខាន ដល់អារម្មណ៍ផ្លូវចិត្ត របស់គូស្នេហ៍អ្នក ចំពោះអ្នក។ អ្នកនឹង ចាប់មានអារម្មណ៍ប្រៀបធៀបរវាង ដៃគូ និង ទំនាក់ទំនងស្នេហា របស់ខ្លួន ទៅនឹងអ្នកដទៃ ។
៤. ចំណាយពេលច្រើនពេកទៅលើវា
តើអ្នកមានបានចំណាយពេល ច្រើនជ្រុល ទៅលើការលេងហ្វេសប៊ុក ក្នុងការជជែកលេងជាមួយនឹង មិត្តភក្តិ , ការដាក់បញ្ចូលរូបភាព,ការលេងល្បែងឆ្លើយសំណួរផ្សេងៗ ឬ ការចុច Like ឬ អោយ comments ដែរឬទេ? ខណៈពេលដែលអ្នក ព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួន តាមរយៈបណ្តាញ សង្គមមួយនេះ ជាមួយនឹង មិត្តដែលនៅឆ្ងាយ នោះវានឹងជះឥទ្ធិពលមិនល្អ ទៅដល់ទំនាក់ទំនង នៅខាងក្រៅរបស់ អ្នក ជាមួយនឹងដៃគូអ្នកយ៉ាងខ្លាំង។ ការមិនសូវបាន ចំណាយពេលដ៏មានប្រយោជន៍ អោយបានច្រើន ជាមួយនឹងដៃគូស្នេហារបស់អ្នក អាចបង្កជាបញ្ហាដែលមិនយល់ចិត្តគ្នា នៅក្នុង ទំនាក់ទំនង វែងឆ្ងាយនេះ ។
៥. ការអោយ comments និង likes
នៅក្នុងយុគសម័យ នៃការលេង ហ្វេសប៊ុក ការសសើរ និង ការយល់ព្រម គឺមិនមែនត្រឹមតែ ជាតម្រូវការ សម្រាប់បុគ្គលតែម្នាក់នោះទេ។ នៅពេលដែលអ្នកបានដាក់ បង្ហាញ ឬ post នូវរូបភាព, ចែករំលែក នូវ រឿងអ្វីៗ ដែលគួរអោយអស់សំណើច ឬ មានជម្លោះជាមួយនឹង នរណាម្នាក់ នៅលើហ្វេសប៊ុក នោះអ្នក នឹងសង្ឈឹមរពឹងទុកថា ដៃគូរបស់អ្នក នឹង ចុច like នូវរាល់អ្វីៗ ដែលអ្នកបានសរសេរ ឬ ជាការ អោយ comment បញ្ចេញយោបល់ និង យល់ស្រប ឬ គាំទ្រចំពោះគំនិត ឬ យោបល់ដែលបាន សម្តែងចេញ ដោយខ្លួនអ្នកផ្ទាល់ ។ ការរក្សាទុកមុខមាត់អោយ ដៃគូ របស់អ្នកជាសាធារណៈ និង ការធ្វើអោយនាង ឬ គាត់ លេចចេញឡើង ក្នុងសភាពលេចធ្លោនៅក្នុងសង្គម ក៏ត្រូវបានកំណត់ចូល ទៅក្នុងទំនួលខុសត្រូវ របស់អ្នកផងដែរ។ តែចុះ ប្រសិនបើ មាននរណាម្នាក់ ក្នុងចំណោមអ្នកទាំងពីរ មិនបានធ្វើដូចនេះ ? នោះ ដៃគូរបស់អ្នក នឹងមានអារម្មណ៍ហាក់ដូចជាត្រូវបាន គេធ្វើអោយអាម៉ាស់ និង ចង់អោយអ្នកបញ្ចេញ នូវ អារម្មណ៍ដូចជាពួកគេដែរ ។ ភាពខុសគ្នាតូចតាចតែប៉ុននេះ ក៏អាចបំផ្លាញដល់ បទពិសោធន៍នៃ ទំនាក់ទំនងដ៏ល្អផូរផង់នៅក្នុងជីវិត របស់ អ្នកទាំងពីរបានផងដែរ ៕