អាការៈធ្លាក់ទឹកចិត្ត ឬ បាក់ទឹកចិត្ត (Depression) ត្រូវបានគេចាត់ទុកជាជំងឺផ្លូវចិត្តម្យ៉ាង ដែលធ្វើអោយបុគ្គលម្នាក់មាន អារម្មណ៏ទុកព្រួយនិង អស់សង្ឈឹមក្នុងជីវិត ហើយវាអាចកើតមានជាច្រើន សប្តាហ៍ឬរាប់ខែ។

វាអាចរួមមានទាំងអារម្មណ៍តានតឹង តប់ប្រមល់ បាត់បង់ថាមពលរាងកាយឬក៏គ្មានអារម្មណ៍សប្បាយរីករាយចំពោះអ្វីៗដែល ធ្លាប់ធ្វើឱ្យយើងសប្បាយកាលពីមុនមក។
សញ្ញាណនៃការធ្លាក់ទឹកចិត្ត
មិនមែនមនុស្សគ្រប់រូបនឹងកើតមានសញ្ញាណនៃការធ្លាក់ទឹកចិត្តទាំងអស់ នោះទេ។ មនុស្សខ្លះអាច និងមានសញ្ញាណនៃការធ្លាក់ទឹកចិត្តបន្តិចបន្តួច ហើយអ្នកខ្លះទៀតអាចមានសញ្ញាណនៃ ការធ្លាក់ទឹកចិត្តច្រើនអាស្រ័យ និងទំហំ និង កំរិតនៃការធ្លាក់ទឹកចិត្ត បូករួមទាំងរយៈពេលនៃការធ្លាក់ទឹកចិត្តផងដែរដែលមានដូចជា៖
• អារម្មណ៍ទុក្ខព្រួយជានិច្ច តប់ប្រមល់ ឬម្យ៉ាងវិញទៀតគឺគ្មានអារម្មណ៍អ្វីទាំងអស់។
• អស់សង្ឃឹមនិងមានគំនិតទុទិដ្ឋិនិយមចំពោះខ្លួនឯង។
• អារម្មណ៍បន្ទោសខ្លួនឯង គិតថាមានកំហុស គិតថាខ្លូនគ្មានតម្លៃតទៅទៀត និងអារម្មណ៍តែលតោល។
• បាត់បង់ចំណាប់អារម្មណ៍ ទម្លាប់នៃការសប្បាយនិងសកម្មភាពមួយចំនួនដែលតែងតែចូលចិត្តធ្វើ ពីមុនមក រួមមានសកម្មភាពកីឡា ការដើរកំសាន្ត និងរួមទាំងរឿងភេទ សម្ព័ន្ធទៀតផង។
• ធ្លាក់ចុះនូវថាមពលរាងកាយ វិលមុខធីងធូង និងមិនសកម្មដូចពេលមុន។
• មានការលំបាកក្នុងការផ្ចង់អារម្មណ៍ ខ្សោយការចងចាំ និងបញ្ហាក្នុងការធ្វើការសម្រេចចិត្ត។
• បញ្ហាដំណេក ដូចជាកេងឆាប់ភ្ញាក់ពីព្រលឹមពេក ឬមួយកេងមិនលក់ហើយក៏អាចមានបញ្ហាគេងច្រើនខុសប្រក្រតីផងដែរ។
• ញុំាមិនបាន និងស្រកទំងន់ជាកំហុក ឬ ផ្ទុយមកវិញញុំាច្រើនហួសប្រមាណនិងឡើង ទំងន់ខុសប្រក្រតី។
• គិតអំពីការស្លាប់ ការធ្វើអត្ថឃាតកម្ម និងមានចេតនាសម្លាប់ខ្លួនជាដើម។
• មានបញ្ហារាងកាយដូចជា ឈឺក្បាល ឬបញ្ហាប្រព័ន្ធរំលាយអារហារ ដូចជាឈឺក្រពះ ពោះវៀននិងឈឺចាប់លើរាងកាយមិនជាក់លាក់ថាត្រង់ណាមួយ ហើយដែលការប្រើប្រាស់ថ្នាំហាក់បីដូចជាមិនបានផល។
• អារម្មណ៍រសាប់រសល់និងងាយខឹងនិងពិបាកទប់ចិត្ត។
ប្រសិនបើអ្នកសំគាល់ថាខ្លួនអ្នក ឬ សមាជិកក្រុមគ្រួសារ មិត្តភក្តិ បងប្អូនណាមួយ មានរោគសញ្ញា ដូចដែលបានរៀបរាប់មកពីខាងលើនេះ នោះអ្នកគប្បីស្វែងរកសេវាពិគ្រោះ និង ព្យាបាលពី គ្រូពេទ្យផ្នែកចិត្តសាស្ត្រ អោយបានទាន់ពេលវេលា៕