Join with Health.com.kh on Telegram

អាហារ​មួយ​ចំនួន​អាច​ជួយ​ឲ្យ​អ្នក​ជំងឺហឺត​គ្រប់គ្រង​ស្ថានភាព​របស់​ពួកគេ​បាន​។ ប៉ុន្តែ​វា​ក៏ដូចជា​របបហូបចុក​ដទៃ​ទៀត​ដែរ​កម្រិត​សមរម្យ​គឺជា​ចំណុច​សំខាន់ ការ​ញ៉ាំ​ច្រើនពេក​ឬ​តិចពេក​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​។ ដូច្នេះ​ប្រសិនបើ​អ្នក​គណនា​កម្រិត​សារធាតុចិញ្ចឹម​និង​វីតាមីន​បាន​ត្រឹមត្រូវ​នោះ អ្នក​នឹង​អាច​គ្រប់គ្រង​ការ​ធ្វើ​ទុក្ខ​ពី​ជំងឺហឺត​ឲ្យ​កើតឡើង​បាន​តិច​បំផុត​។​

​ខ្ទឹម​ស​៖​ខ្ទឹមស​ផ្ទុក​ទៅ​ដោយ​ស័ង្កសី​ប៉ូ​តា​ស្យូម​វីតាមីន​A និង​វីតាមីន​C​។ វា​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា​ជា​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​ធម្មជាតិ​។ ខ្ទឹម​ស​ជួយ​សម្រាល​អនុភាព​របស់​ជំងឺហឺត​និង​បញ្ហា​ផ្លូវដង្ហើម​ផ្សេងទៀត​ដូចជា​ជំងឺ​រលាក​ទងសួត​។ គុណសម្បត្តិ​ម្យ៉ាង​ទៀត​របស់​វា​គឺ​ប្រឆាំងនឹង​ការ​រលាក​។ ដើម្បី​ស្រូបយក​អត្ថប្រយោជន៍​ពី​វា​កាន់តែ​ល្អ​អ្នក​អាច​ស្វែងរក​អាហារ​ផ្សេងទៀត​ដែល​អាច​ជួយ​ព្យាបាល​ការ​រលាក​ដូចជា​ខ្ទឹមបារាំង​និង​អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៣​។​

​បន្លែ​ស្លឹក​ពណ៌​បៃតង​៖​វីតាមីន​E និង​selenium ប្រតិបត្តិការ​ជាមួយគ្នា​ក្នុង​រាង្គ​កាយដែល​វា​ជួយ​ប្រព័ន្ធ​ចរន្តឈាម​រត់ និង​កាត់បន្ថយ​បញ្ហា​រលាក​។ អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​E មានដូចជា​ពពួក​សណ្តែក​, ស៊ុត​ផ្នែក​ពណ៌​ក្រហម​, ប្រេង​បន្លែ​, អង្ករ​សម្រូប​, បន្លែ​ស្លឹក​ពណ៌​បៃតង​, និង​ជា​ច្រើន​ទៀត​។ ចំណែកឯ​selenium មាន​នៅក្នុង​ពពួក​អាហារ​រុក្ខជាតិ​និង​សាច់​។ អ្នក​ជំងឺហឺត​ក៏​គួរ​ពិសារ​អាហារ​ដែល​មាន​អង់​ទី​អុកស៊ី​ដង់​ខ្ពស់​។​

​កម្រិត​ម៉ាញេស្យូម​៖ កម្រិត​ម៉ាញេស្យូម​ទាប​ក៏មាន​ទាក់ទង​ទៅនឹង​ជំងឺហឺត​ដែរ​ដូច្នេះ​អ្នក​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ម៉ាញេស្យូម​។ ម៉ាញេស្យូម​មាន​នៅក្នុង​ស្ពៃ​ស្ពីណា​ច (spinach), ពពួក​សណ្តែក​, គ្រាប់​ផ្លែឈើ​, និង​អាហារ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​កាហ្វេ​៖​កាហ្វេ​ក៏​ត្រូវបាន​គេ​បង្ហាញ​ថា​អាចជួយ​អ្នក​ជំងឺហឺត​បាន​ដែរ​ព្រោះ​វត្តមាន​កាហ្វេ​អ៊ី​ន​គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​theopyhylline​ដែល​ជា​ថ្នាំ​ផ្តល់​ឲ្យ​អ្នក​ជំងឺហឺត​ប៉ុន្តែ​បច្ចុប្បន្ន​គេ​មិនសូវ​ប្រើ​វា​នោះ​ទេ​។​
​សរុបសេចក្តី​៖​អ្នក​ជំងឺហឺត​គួរ​ញ៉ាំ​ផ្លែឈើ​និង​បន្លែស្រស់​ឲ្យបាន​ច្រើន​, គ្រប់គ្រង​កម្រិត​ទទួលទាន​សារធាតុចិញ្ចឹម​និង​វីតាមីន​ហើយ​និង​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​លើ​ជំងឺហឺត​។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជាបន្ទាន់ ក្នុងករណី​អ្នកជំងឺ​ដកដង្ហើម​ដង្ហក់​ភ្លាមៗ​។​