ការ​រលាក​ក្រពេញប្រូ​ស្តា​ត​ដោយសារ​បាក់តេរី​ស្រួចស្រា​វ​

​វិធានការណ៍​នៃ​ការព្យាបាល​គឺ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រយៈពេល​មួយ​ខែ ដែល​ថ្នាំ​ច្រើនតែ​ជា Ciprofloxacin (Cipro) ឬ Tetracycline (Achromycin)​។ ចំពោះ​ការថែទាំ​ជំងឺ​នៅ​តាម​ផ្ទះ អ្នកជំងឺ​គួរតែ​ផឹកទឹក​អោយបាន​ច្រើន ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​សម្រាក​។

​ប្រសិនបើ​អ្នកជំងឺ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ភ្លាមៗ ឬ​ប្រព័ន្ធ​ភាព​សាំ​ចុះខ្សោយ (​ដូចជា កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺមហារីក ឬ​ថ្នាំ​ទ​ប​ស្កាត់​ប្រព័ន្ធ​ភាព​សាំ ឬ​មាន​ជំងឺអេដស៍​) ពួក​គេ​គួរតែ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​អាច​ចាក់​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិ​ចតាម​សរសៃ និង​ថែ​ទាំង​ជំងឺ​ផ្សេងៗ​ទៀត​។

​ការ​រលាក​ក្រពេញប្រូ​ស្តាត​ដោយសារ​បាក់តេរី​រ៉ាំរ៉ៃ​

​ចំពោះ​ទម្រ​ង​ជំងឺ​ប្រភេទ​នេះ​ត្រូវ​ព្យាបាល​ជាមួយនឹង​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដូចជា Ciprofloxacin (Cipro, Cipro XR), Sulfa Drug (Sulfamethoxazole និង Trimethoprim ឬ Bactrim) ឬ Erythromycin រយៈពេល​យូរ​រហូតដល់ ៨​សប្តាហ៍​ឯណោះ​។ ប៉ុន្តែ​ទោះបីជា​ការព្យាបាល​ធ្វើ​ទៅ​បាន​យ៉ាង​ល្អ​យ៉ាងណាក៏ដោយ ក៏​ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​អាច​កើតឡើង​វិញ​ម្តង​ទៀត​ដែរ​។ នេះ​មិន​ដឹង​ថា​មក​ពី​ហេតុអ្វី​នោះទេ ប៉ុន្តែ​វា​អាច​ដោយសារតែ​ការ​ក្រ​នោម​អោយអស់​ទឹកនោម​ពី​ផ្លោក​នោម​ពេក​មើលទៅ​។ ចំនួន​ទឹកនោម​ដែល​សល់​ក្នុង​ផ្លោក​នោម​តិចតួច​អាច​គ្រប់គ្រាន់​នឹង​បង្ក​រោគ​បាន​។ ស្ថានភាព​បែប​នេះ​អាច​កើតឡើង​ដោយសារ Benign Prostatic Hypertrophy (BPH), គ្រួស​ក្នុង​ផ្លោក​នោម​ឬ គ្រួស​ក្នុង​ក្រពេញប្រូ​ស្តាត​។

​ការ​រលាក​ក្រពេញប្រូ​ស្តាត​ដោយ​គ្មាន​ការបង្ករោគ​រ៉ាំរ៉ៃ​

​ការព្យាបាល​លើ​ស្ថានភាព​ជំងឺ​បែបនេះ​គឺ​ផ្តោត​ទៅលើ​ការគ្រប់គ្រង​លើ​ការឈឺចាប់​រ៉ាំរ៉ៃ និង​អាច​មាន​ការព្យាបាល​ដោយ​ចលនា និង​តិច​និច​អោយ​សាច់​ដុំសម្រាក គួបផ្សំ​នឹង​ការប្រើ​ថ្នាំ    Tricyclic Antidepressant​។ ​ចំពោះ​ថ្នាំ Alpha-adrenergic Blocker ប្រភេទ Tamsulosin (Flomax) និង Terazosin (Hytrin) ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ BPH និង​ការ​ស្ទះផ្លូវ​ចេញ​របស់​ផ្លោក​នោម​បានដែរ​។

​ការ​រលាក​ក្រពេញប្រូ​ស្តាតដែល​គ្មាន​រោគសញ្ញា​

​ស្ថានភាព​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​មិន​ទាមទារ​អោយមាន​ការព្យាបាល​អ្វី​ឡើយ ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​មិន​អាច​មាន​កូន​បាន​ដោយសារ​តែ​ការ​រលាក់ ការព្យាបាល​ដោយ​ថ្នាំ Nonsteroidal Anti-inflammatory Medication (Ibuprofen, Motrin, Advil) ឬ អង់​ទី​បី​យ៉ូ​តិច​ប្រហែលជា​ត្រូវ​ប្រើ​មួយរយៈ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង