កំឡុងពេលមានផ្ទៃពោះ រាងកាយស្ត្រីត្រូវចាំបាច់មានសុខភាពល្អរឹងមាំតាមដែលអាចធ្វើទៅបាន។ ដូច្នេះការមានរបបអាហារត្រឹមត្រូវមួយ គឺសំខាន់ណាស់! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្ត្រីមានផ្ទៃពោះត្រូវការជាតិរ៉ែ, សារធាតុចិញ្ចឹម និងវីតាមីនបន្ថែម ដើម្បីរក្សាសុខភាពខ្លួនឯង ក៏ដូចជាការលូតលាស់នៃទារកក្នុងផ្ទៃ។ ការទទួលទានអាហារមិនត្រឹមត្រូវអាចបង្កើនហានិភ័យនៃទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ និងផលវិបាកដទៃទៀតគួរឲ្យព្រួយបារម្ភ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលស្ត្រីគួរទទួលទានអំឡុងពេលមានផ្ទៃពោះ ៖

១. អាហារផ្សំឡើងពីទឹកដោះគោ

ស្ត្រីមានផ្ទៃពោះត្រូវការទទួលទានអាហារសម្បូរទៅដោយជាតិប្រូតេអ៊ីន និងកាល់ស្យូមបន្ថែម ដើម្បីការវិវឌ្ឍន៍នៃកូនក្នុងផ្ទៃល្អប្រសើរ។ ផលិតផលផ្សំឡើងពីទឹកដោះគោដូចជា យ៉ាអ៊ួរ គឺអាចផ្ដល់អត្ថប្រយោជន៍ប្រសើរមែនទែនសម្រាប់អ្នក។ ជាពិសេស យ៉ាអួរ greek ដែលមិនត្រឹមតែផ្ដល់ជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱ្យរាងកាយនូវប្រូបាយអូទិក ក៏ដូចជាបាក់តេរីល្អៗជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារផងដែរ។ ការទទួលទានអាហារមានជាតិប្រូបាយអូទិក ជួយកាត់បន្ថយទប់ស្កាត់ផលវិបាកមួយចំនួនទៀតដូចជា អាឡែកស៊ី, ជំងឺក្រឡាភ្លើង, ការឆ្លងមេរោគក្នុងទ្វារមាស និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះផងដែរ។

២. សណ្ដែក

ការទទួលទានសណ្ដែកកំឡុងពេលមានផ្ទៃពោះ គឺប្រសើរណាស់សម្រាប់សុខភាពកូនក្នុងផ្ទៃ។ នោះក៏ព្រោះសណ្ដែកមានផ្ទៃសម្បូរទៅដោយជាតិកាល់ស្យូម, វីតាមីន B9 ឬ folate, ជាតិសសៃ, ជាតិដែក និងប្រូតេអ៊ីន។ អ្វីដែលពិសេសនោះ គឺវីតាមីន B9 ឬ folate មានសារៈសំខាន់ខ្លាំងណាស់ក្នុងត្រីមាសដំបូង។ វាជួយកាត់បន្ថយហានិភ័យនៃបញ្ហាខូចខួរក្បាល និងខួរឆ្អឹងខ្នងរបស់ទារក។

៣. ដំឡូងផ្អែម

ដំឡូងផ្អែម ជា​ប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលរាងកាយបម្លែងទៅជាវីតាមីន A។ ហើយវីតាមីននេះ គឺចាំបាច់ណាស់សម្រាប់ការលូតលាស់កោសិការបស់ទារក។

៤. ត្រីសាលម៉ុន

អាស៊ីតខ្លាញ់អូមេហ្កា ៣ សំខាន់ណាស់សម្រាប់ការវិវឌ្ឍន៍ខួរក្បាល និងភ្នែករបស់ទារក។ ស្ត្រីជាម្ដាយអាចទទួលបាននូវអាស៊ីតខ្លាញ់អូមេហ្កា ៣ និងវីតាមីន D គ្រប់គ្រាន់តាមរយៈការទទួលទានត្រីសាលម៉ុន ប៉ុន្តែមិនគួរលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។

៥. ស៊ុត

ជាអាហារដ៏មានសុខភាពល្អ ដោយផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាល។ ការទទួលទានអាហារមានផ្ទុកសារធាតុ choline គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃប្រសាទរបស់ទារក។

៦. ផ្កាខាត់ណាខៀវ និងបន្លែបៃតង

ប្រសិនបើអ្នកចង់ទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិកាល់ស្យូម, ជាតិ folate, ជាតិសសៃ, ជាតិដែក, ប៉ូតាស្យូម, វីតាមីន A, វីតាមីន C និងវីតាមីន K បន្ថែមនោះ ចូរទទួលទានផ្កាខាត់ណាខៀវ និងបន្លែបៃតងឲ្យបានច្រើន! ការទទួលទានបន្លែទាំងនេះក៏ជួយសម្រួលដល់ការរំលាយអាហារ និងអាការៈទល់លាមកកំឡុងពេលមានផ្ទៃពោះផងដែរ។

៧. សាច់គ្មានខ្លាញ់

សាច់គ្មានខ្លាញ់ ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគុណភាពខ្ពស់។ លើសពីនេះទៅទៀត សាច់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែក ដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។

៨. ខ្លាញ់ថ្លើមត្រី

ខ្លាញ់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលចាំបាច់សម្រាប់ការលូតលាស់នៃខួរក្បាល និងភ្នែករបស់ទារកក្នុងគភ៌។ ខ្លាញ់ថ្លើមត្រី ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលជួយកាត់បន្ថយទប់ស្កាត់ហានិភ័យនៃជំងឺក្រឡាភ្លើងផងដែរ។

៩. ផ្លែបឺរ

ផ្លែបឺ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ, ជាតិ folate និងប៉ូតាស្យូម ដែលធ្វើឲ្យវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះ។ ជាតិខ្លាញ់ល្អៗជួយបង្កើនសុខភាពស្បែក, ខួរក្បាល និងជាលិការបស់ទារក។ ជាតិ folate ទប់ស្កាត់ការវិវឌ្ឍទៅជាបញ្ហាសសៃប្រសាទ។ ហើយជាតិប៉ូតាស្យូមវិញ ជួយបំបាត់អាការៈរមួលក្រពើ។

១០. ទឹក

កំឡុងពេលមានផ្ទៃពោះអ្នកមិនអាចខ្សោះជាតិទឹកក្នុងរាងកាយបានឡើយ ក៏ព្រោះវាអាចបង្កឲ្យកើតមានអាការៈដូចជា ថប់បារម្ភ, អារម្មណ៍មិនល្អ, ឈឺក្បាល, ពិបាកចងចាំ និងហត់នឿយបានយ៉ាងងាយ។ ដូច្នេះស្ត្រីមានផ្ទៃពោះត្រូវបានណែនាំឲ្យទទួលទានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង