ឥទ្ធិពលរបស់សារជាតិកាហ្វេអ៊ីនមកលើរាងកាយ ត្រូវបានអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា ក្នុងរយៈពេល ជាច្រើនឆ្នាំមកហើយ។ រហូតមកដល់ពេលនេះ មានករណីសិក្សាជាច្រើន ត្រូវបានធ្វើឡើង ប៉ុន្តែពួកវា ភាគច្រើន តែងបង្ហាញនូវលទ្ធផលខុសៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលជា វិជ្ជមាន និង ជា អវិជ្ជមានរបស់ សារជាតិកាហ្វេអ៊ីន ត្រូវបានគេរកឃើញយ៉ាងជាក់ស្តែង។

សូមក្រឡេកមើល នូវលទ្ធផល ទាំងនោះ ដូចខាងក្រោមនេះ ៖
- ដំណើរការនៃ ឥទ្ធិពលរបស់សារជាតិកាហ្វេអ៊ីន ដែលនឹងមានមកលើអ្នកបាន គឺអាស្រ័យទៅលើ កត្តា រាងកាយ ,ប្រព័ន្ធប្រសាទ, ទម្ងន់, ភេទ និង កត្តាផ្សេងៗជាច្រើនទៀត ។ ទោះជាយ៉ាងណាក្តី ឥទ្ធិពលរបស់វា ដែលបណ្តាលមកពី សារជាតិកាហ្វេអ៊ីននេះ អាចនឹងមានរយៈពេលរហូតដល់ ៨ម៉ោង ។
- អ្វីដែលបញ្ជាក់យ៉ាងច្បាស់ថា សារជាតិកាហ្វេអ៊ីន នឹងប៉ះពាល់ដល់អ្នក គឺវា មានឥទ្ធិពលទៅលើ បេះដូង និង ចរន្តឈាមរត់របស់អ្នក។ កាហ្វេអ៊ីន បានធ្វើអោយសសៃឈាមរបស់អ្នក រួមតូច និង ធ្វើអោយ បេះដូងរបស់អ្នក ច្របាច់ឈាមញាប់ជាងមុន។ មូលហេតុនេះ ហើយដែលគេ អាចសនិ្នដ្ឋាន បានថា សារជាតិកាហ្វេអ៊ីន គឺផ្តល់នូវគ្រោះថ្នាក់ចំពោះមនុស្សទាំងឡាយ ដែលកំពុងរងគ្រោះពីជំងឺ លើសសម្ពាធឈាម។វាថែមទាំងអាច ធ្វើអោយពួកគេ មានជំងឺដាច់សសៃឈាមខួរក្បាល បាន ទៀតផង។
- ផលិតផល ដែលមានផ្ទុកនូវសារជាតិកាហ្វេអ៊ីន មានដូចជា កាហ្វេ,កាកាវ និង តែ គឺសម្បូរទៅដោយ សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលអាចការពារ បាននូវភាពចាស់វ័យមុនអាយុ និង បង្ការបាន ផងដែរនូវ ជំងឺមហារីក។ ផលិតផលទាំងនេះ ក៏សម្បូរផងដែរទៅដោយ អាស៊ីតខ្លាញ់ និង សារជាតិវីតាមីន ជាក់លាក់មួយចំនួន ។ សមាសធាតុរួមផ្សំទាំងនេះ អាចធ្វើអោយរាងកាយ អ្នកមានសុខភាពល្អបាន។
- តែទោះជាយ៉ាងណាក្តី ជាតិកាហ្វេអ៊ីន ក៏អាចជះនូវឥទ្ធិពល អាក្រក់ដល់សុខភាពបានផងដែរ។ វាអាច ធ្វើអោយ ការរំលាយអាហាររបស់អ្នក មានភាពយឺតយ៉ាវ ដោយវាបានធ្វើអោយសាច់ដុំ ក្រពះរបស់អ្នក មានភាពសម្រាកជាងពេលធម្មតា។ ហេតុនេះហើយ ទើបបានជាអ្នក មិនគួរធ្វើការផឹកកាហ្វេ ឬ តែ ភ្លាមៗ បន្ទាប់ពីអ្នក បានទទួលទានអាហាររួចនោះទេ។ អ្នកត្រូវរង់ចាំបន្តិច និង ធ្វើការផឹកភេសជ្ជះដែលមាន ផ្ទុក សារជាតិកាហ្វេអ៊ីន យ៉ាងហោចណាស់ អោយបានកន្លះម៉ោង បន្ទាប់ពីអ្នកបរិភោគអាហាររួច។
- ជាតិកាហ្វេអ៊ីន ជះឥទ្ធិពលមកលើ ប្រព័ន្ធប្រសាទរបស់អ្នក។ ជាលទ្ធផល មនុស្សមួយចំនួន ដែលបានទទួលរង ឥទ្ធិពលយ៉ាងខ្លាំងពីវា នឹងកើតមាននូវអាការៈដូចជា ញ័រដៃ ឬមានអារម្មណ៍ថា ឈឺ ឬ មានភាពថប់បារម្ភគ្រប់ពេលវេលា។
- មនុស្សភាគច្រើន តែងធ្វើការផឹកភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន ដោយដាក់ស្ករបន្ថែម។ ការធ្វើដូច នេះ គឺនឹងធ្វើអោយលំពែងរបស់ពួកគេ ត្រូវធ្វើការងារច្រើនជាងមុន ដោយវាត្រូវផលិតជាតិអាំងស៊ុយលីន អោយបានច្រើន ដើម្បីរំលាយនូវជាតិស្ករទាំងនោះ ។ ការរួមផ្សំគ្នា រវាង ជាតិកាហ្វេអ៊ីន និង ជាតិស្ករច្រើន ជ្រុល អាចនឹងធ្វើអោយកម្រិតអាំងស៊ុយលីន ក្នុងរាងកាយ កាន់តែធ្លាក់ចុះដុនដាបថែមទៀត ។
- ជាតិកាហ្វេអ៊ីន នឹងជះឥទ្ធិពលមកលើរាងកាយអ្នក ស្រដៀងគ្នាទៅនឹង ឥទ្ធិពលដែលបានបង្កើត ឡើង ដោយស្ត្រេសដែរ។ ទម្លាប់រស់នៅប្រចាំថ្ងៃ ដែលមានលក្ខណៈទំនើប គឺគ្រប់គ្រាន់នឹង បង្កើននួវ កម្រិតស្ត្រេសមួយ ចំពោះរាងកាយ។ ហើយការ បន្ថែមនូវសារជាតិកាហ្វេអ៊ីននេះ នឹង បង្កើននូវកម្រិត ស្ត្រេស ដែលមាននៅក្នុងខ្លួនអ្នករួចជាស្រេចនោះទៀត ។
ដូចដែលអ្នកបានឃើញមកពីខាងលើនេះ ហើយថា សារជាតិកាហ្វេអ៊ីន គឺមានទាំងគុណសម្បតិ្ត និង គុណវិបត្តិចំពោះរាងកាយអ្នក។ ប្រសិនបើអ្នក អាចធ្វើការគ្រប់គ្រងនូវការទទួលទានវាបាន នោះអ្នកនឹង អាចទទួលបាន នូវប្រសិទ្ធិភាពជាវិជ្ជមានរបស់ពួកវាបាន ។ បើមិនដូច្នោះទេ ការទទួលទានច្រើនជ្រុល នោះវានឹង បំផ្លាញសុខភាពរបស់អ្នកបាន ៕