ការពិតទៅការជ្រើសរើសអាហារសម្រន់នៅពេលយប់របស់អ្នកមានការប៉ះពាល់ យ៉ាងខ្លាំងទៅលើការគេងរបស់អ្នក។ វាអាចធ្វើឲ្យអ្នកគេងមិនលក់ ហើយវាក៏អាចធ្វើឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់ដែរ។

ខាងក្រោមនេះគឺជាប្រភេទផ្លែឈើ ៣ មុខដែលអ្នកជំនាញណែនាំថាអាចបង្ការការគេងមិនលក់ និងធ្វើឲ្យអ្នកគេងលង់លក់ស្កប់ស្កល់។
១. ផ្លែឈើរី (Cheeries)៖ តាមការស្រាវជ្រាវបានឲ្យដឹងថា ផ្លែឈើរីគឺជាផ្លែឈើតែមួយគត់ដែលជាប្រភពនៃម៉េឡាតូនីន (melatonin) ដែលជាសារធាតុម្យ៉ាងជួយគ្រប់គ្រង់នាឡិកាក្នុងរាង្គកាយមនុស្សឲ្យ គ្រប់គ្រងការគេង។ ក្នុងកំឡុងពេលដែលផ្លែឈើរីផុតរដូវ អ្នកអាចពិសារផ្លែឈើរីក្រៀម ឬទឹកផ្លែឈើរីជំនួសវិញ។ (ផ្លែទំពាំងបាយជូរក៏មានផ្ទុកម៉េឡាតូនីនដែរ ប៉ុន្តែអ្នកត្រូវពិសារវាច្រើនជាងពិសារផ្លែឈើរីទើបអាចទទួលបាន គុណប្រយោជន៍ដូចគ្នា)។ ក្រុមអ្នកស្រាវជ្រាវដែលបានសិក្សាពីម៉េឡាតូនីនដែលមានក្នុងផ្លែ ឈើរី បានណែនាំឲ្យពិសារវាមួយម៉ោងមុនពេលចូលគេង។
២. ផ្លែចេក៖ ប៉ូតាស្យូម និងម៉ាញេស្យូម គឺជាសារធាតុធម្មជាតិជួយបន្ធូរសាច់ដុំ ហើយផ្លែចេកគឺជាប្រភពនៃសារធាតុទាំងពីរនេះ។ វាក៏មានផ្ទុកអាមីណូអាស៊ីត L-tryptophan ដែលនឹងត្រូវបំលែងទៅជា 5-HTP នៅក្នុងខួរក្បាល។ 5-HTP នេះនឹងត្រូវបំលែងទៅជា សេរ៉ូតូនីន (serotonin) ដែលជាសារធាតុបញ្ជូនរំញោចសរសៃប្រសាទពីកោសិកាមួយទៅកោសិកាមួយ និងម៉េឡាតូនីន។
៣. ទឹកដោះគោក្តៅ៖ ការញ៉ាំទឹកដោះគោក្តៅអាចជួយឲ្យអ្នកគេងលក់ស្រួលបាន។ បើតាមការវិភាគរបស់ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការលាយទឹកដោះគោជាមួយនឹងនំប៊័ងអាំង ឬម្សៅ oatmeal គឺកាន់តែមានប្រសិទ្ធិភាពក្នុងការធ្វើឲ្យគេងលក់ស្កប់ស្កល់។ វាក៏ដូចជាផ្លែចេកដែរ ទឹកដោះគោសម្បូរទៅដោយអាមីណូអាស៊ីត L-tryptophan។ ហើយវាក៏សម្បូរទៅដោយជាតិកាល់ស្យូម និងសារធាតុខនិជផ្សេងទៀត ដែលត្រូវបានគេរកឃើញថាជាសារធាតុជួយបន្ធូរអារម្មណ៍៕