អាហារដែលយើងបរិភោគគឺជាសារធាតុចិញ្ចឹមដែលរាង្គកាយរបស់យើងត្រូវការដើម្បីឲ្យវាមានដំណើរការបានត្រឹមត្រូវ។ នៅពេលដែលរាង្គកាយមិនបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលវាត្រូវការ នោះផលអវិជ្ជមាននឹងកើតមានលើសុខភាព។

ការទទួលទានរបបអាហារមិនល្អមិនត្រឹមតែផ្តល់ផលអវិជ្ជមានលើរូបរាង្គកាយតែមួយមុខនោះទេ វាថែមទាំងមានផលប៉ះពាល់ទៅលើដំណើរការនៃការគិត និងស្មារតីទៀតផង។ ខាងក្រោមនេះគឺជាផលវិបាកនៃការទទួលទានអាហារមិនល្អ៖
– បញ្ហាទម្ងន់៖ បញ្ហាទម្ងន់ ដែលអាចបង្ករឲ្យមានបញ្ហាសុខភាពផ្សេងៗទៀតនោះ គឺជាផលប៉ះពាល់ដែលគេសង្កេតឃើញមានដោយសារបរិភោគអាហារមិនត្រឹមត្រូវ។ បញ្ហាទម្ងន់កើតមានឡើងនៅពេលដែលរាង្គកាយទទួលកាឡូរីច្រើនជាងតម្រូវការសម្រាប់បំលែងទៅជាថាមពល។ ប៉ុន្តែការទទួលទានអាហារដែលមានកាឡូរីទាបក៏អាចធ្វើឲ្យរាង្គកាយស្គមស្គាំងផងដែរ។ បញ្ហាកង្វះសារធាតុចិញ្ចឹមមិនមែនមានន័យថាមនុស្សម្នាក់ទទួលទានអាហារមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែវាគឺជាបញ្ហាកង្វះសារធាតុចិញ្ចឹម ដែលវាអាចកើតឡើងទាំងលើបុគ្គលធាត់លើសទម្ងន់និងបុគ្គលដែលស្គមស្គាំង។
– បញ្ហារំលាយអាហារ៖ របបអាហារដែលមិនល្អអាចបង្ករឲ្យមានបញ្ហារំលាយអាហារ។ ឧទាហរណ៍៖ របបអាហារដែលកង្វះជាតិសរសៃបង្ករឲ្យមានជំងឺដែលមានដូចជា ទល់លាមក, ឡើងទម្ងន់, និងមិនសូវមានកម្លាំងកំហែង។ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិសុទ្ធតែជាប្រភពដែលសម្បូរទៅដោយជាតិសរសៃ។
– ជំងឺបេះដូង៖ របបអាហារដែលមិនល្អគឺជាកត្តាដែលបង្ករឲ្យមានជំងឺបេះដូង។ អាហារដែលសម្បូរទៅដោយជាតិខ្លាញ់ដែលមានអ៊ីដ្រូហ្សែនច្រើន (saturated fats) ដែលជាប្រភេទខ្លាញ់មិនល្អ ដែលមានដូចជា ប៊ឺរធ្វើពីទឹកដោះគោ, ប៊ឺរធ្វើពីប្រេងរុក្ខជាតិ, និងខ្លាញ់សត្វ គឺសុទ្ធតែបង្ករឲ្យមានកំណកក្នុងសរសៃឈាម។ របបអាហារដែលសម្បូរទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីន សុទ្ធតែអាចជួយបង្ការជំងឺបេះដូង។
– កង្វះថាមពល៖ របបអាហារដែលមិនមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់អាចបង្ករឲ្យឆាប់នឿយហត់ និងអស់កម្លាំង។ របបអាហារដែលល្អចាំបាច់ត្រូវមានប្រូតេអ៊ីន កាបូនអ៊ីដ្រាត និងគ្រាប់ធញ្ញជាតិ ដែលមានផ្ទុកវីតាមីន និងសារធាតុខនិជ។
– ជំងឺទឹកនោមផ្អែមប្រភេទពីរ៖ ទម្លាប់បរិភោគអាហារមិនល្អអាចធ្វើឲ្យអ្នកធាត់លើសទម្ងន់ ដែលជាកត្តាគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមប្រភេទពីរ។ ការបរិភោគអាហារបានត្រឹមត្រូវអាចបង្ការមិនឲ្យជំងឺនេះកើតមានឡើង រួមជាមួយនឹងការបង្ការមិនឲ្យមានផលប៉ះពាល់ដល់អ្នកដែលបានពិនិត្យឃើញថាមានជំងឺទឹកនោមផ្អែម។
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ របបអាហារដែលមិនល្អអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារយើងមិនបានផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលវាត្រូវការសម្រាប់ដំណើរការបានត្រឹមត្រូវ។ របបអាហារអាចនឹងកង្វះសារធាតុចិញ្ចឹមដោយសារយើងជ្រើសរើសអាហារខុស ឬអាហារគ្មានគុណភាព។ របបអាហារត្រូវតែមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជា ស័ង្កសី, វីតាមីន C, វីតាមីន E, វីតាមីន A, អ៊ីយ៉ូត, វីតាមីន B, និងអង់ទីអុកស៊ីដង់។