ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានផ្លែឈើស្រស់ៗអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទឹកផ្លែឈើមួយចំនួនដូចខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគទៀតផង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖

១. តែបៃតង

ការទទួលទានតែបៃតងជាប្រចាំអាចជួយឱ្យអ្នករក្សាបាននូវប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។ ភេសជ្ជៈនេះជាប្រភពដ៏ប្រសើរនៃសមាសធាតុ epigallocatechin gallate ដែលមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ។ ការសិក្សាស្រាវជ្រាវជាច្រើនក៏បានបង្ហាញផងដែរថា សមាសធាតុ epigallocatechin gallate នៃតែបៃតងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

២. ទឹកក្រូចឆ្មារស្រស់

មួយក្នុងចំណោមវិធីដ៏ងាយ ហើយចំនាយប្រាក់អស់តិចបំផុតដើម្បីធ្វើភេសជ្ជៈដែលជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំនោះ គឺទឹកក្រូចឆ្មារស្រស់។ ភេសជ្ជៈទឹកក្រូចឆ្មារមានផ្ទុកសម្បូរដោយវីតាមីន C និងធ្វើឱ្យរាងកាយមានជាតិអាល់កាឡាំងដែលចាំបាច់ណាស់សម្រាប់ប្រព័ន្ធភាពស៊ាំ។

៣. ទឹកផ្លែប៉ោមស្រស់

ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងហើយថា ការទទួលទានផ្លែប៉ោម ១ផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ដូច្នេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលការទទួលទានទឹកផ្លែប៉ោមស្រស់អាចជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំការពារប្រឆាំងនឹងអ្វីដែលអាចធ្វើឱ្យអ្នកឈឺ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកកៀបផ្លែប៉ោមទាំងសំបកដើម្បីទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត។

៤. ទឹកខ្មេះផ្លែប៉ោម

ដើម្បីទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកធម្មតា ១កែវ រួចកូរឱ្យសព្វ សឹមទទួលទាននៅពេលព្រឹក។

៥. ទឹកផ្លែឈើគីវីស្រស់

មានផ្ទុកសម្បូរដោយវីតាមីន C ជាងក្រូចទៅទៀត! នេះហើយជាមូលហេតុនាំឱ្យការទទួលទានទឹកផ្លែគីវីស្រស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ គីវីក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់ភ្នែក ហើយវីតាមីន E ដែលល្អសម្រាប់ស្បែកផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង