ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានឮទាក់ទងនឹងឃ្លាមួយដែលថា “សំណើច គឺជាថ្នាំដ៏ល្អបំផុតមួយ។” ប៉ុន្តែថាតើការសើចអាចប៉ះពាល់យ៉ាងណាខ្លះទោះចំពោះសុខភាពរបស់ពួកយើង? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាហាក់បីដូចជាសំណើចជួយធ្វើឲ្យរបៀបនៃការរស់នៅកាន់តែមានភាពប្រសើរឡើងពោរពេញដោយភាពរីករាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនៃការសើចចំពោះសុខភាព ៖

១. ល្អសម្រាប់សុខភាពបេះដូង

ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកជំងឺបេះដូងហាក់ដូចជាមិនសូវមានភាពរីករាយក្នុងជីវិតឡើយ។ ពួកគេសើចតិចជាងអ្នកដែលគ្មានជំងឺនេះ។ ការសើចបៀបដូចជាការផ្ដល់ឲ្យបេះដូងនូវលំហាត់ប្រាណដ៏ល្អមួយអញ្ចឹង ដូច្នេះព្យាយាមសើចឲ្យបានច្រើន ហើយអ្នកនឹងអាចជៀសផុតពីបញ្ហានៃជំងឺបេះដូង។

២. រក្សាទំនាក់ទំនងរវាងគ្នា

សំណើច ជាវិធីដ៏ប្រសើរបំផុតមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា។ វាអាចធ្វើឲ្យអ្នកកាន់តែមានភាពជិតស្និតនឹងគ្នា ហើយជួយដោះស្រាយបញ្ហាបានស្រួលជាងមុន។ សំណើចនាំមកនូវអារម្មណ៍វិជ្ជមាន, សម្រាលបញ្ហាថប់បារម្ភ និងថែមទាំងកាត់បន្ថយកំហឹងបានផងដែរ។

៣. ទប់ស្កាត់ជំងឺមហារីក

សំណើច ជាថ្នាំដ៏ប្រសើរមួយសម្រាប់អ្នកជំងឺមហារីកដែលស្ថិតក្រោមការព្យាបាលដោយគីមី វាជួយកាត់បន្ថយការឈឺចាប់ និងភាពទុទិដ្ឋិនិយម។ មន្ទីរពេទ្យខ្លះប្រើប្រាស់ការសើចជាវិធីព្យាបាល ដើម្បីជម្រុញប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺឲ្យកាន់តែប្រសើរឡើង, បង្កើនអារម្មណ៍ល្អ និងកាត់បន្ថយការឈឺចាប់មួយចំនួន។ សំណើច ក៏អាចជួយបង្កើនបរិមាណនៃកោសិកាប្រឆាំងជំងឺមហារីកក្នុងរាងកាយផងដែរ។

៤. ជួយឲ្យគេងលក់បានស្កប់

អ្នកអាចទទួលបាននូវដំណេកដែលពោរពេញទៅដោយភាពស្ងប់ គ្មានសុបន្តិរំខាន ដោយគ្រាន់តែសើចឲ្យបានច្រើន។ យោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុនទាក់ទងទៅនឹងទំនាក់ទំនងរវាងការសើច និងការគេង បានបង្ហាញឲ្យដឹថា អ្នកដែលសើចច្រើនកំឡុងពេលល្ងាច គឺទទួលបាននូវដំណេកមួយដ៏ស្ងប់ប្រសើរ។ ដូច្នេះដើម្បីអាចគេងលក់បានស្ងប់ ចូរមើលរឿងកំប្លែង ឬអានសៀវភៅកំប្លែងនៅមុនពេលគេង។

៥. កាត់បន្ថយស្ត្រេស

បំបាត់អាការៈនៃភាពតានតឹងក្នុងអារម្មណ៍ជាមួយនឹងសំណើច គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយ។ ការស្ត្រេស អាចបណ្ដាលឲ្យកើតមានជំងឺគួរឲ្យព្រួយបារម្ភជាច្រើនពីជំងឺបេះដូងដល់បញ្ហានៃជំងឺផ្លូវចិត្ត។ សំណើច អាចបំបាត់ស្ត្រេស និងរក្សាការបូមឈាមនៃបេះដូង។

៦. កាត់បន្ថយបំបាត់ការឈឺចាប់

សំណើច ឬការសើច បង្កើតអ័រម៉ូន endorphins ក្នុងរាងកាយ ហើយអ័រម៉ូននេះជាសារធាតុគីមីនៅក្នុងខួរក្បាលដើរតួជាថ្នាំបំបាត់ការឈឺចាប់ និងធ្វើឲ្យមានអារម្មណ៍ល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលមានបញ្ហាឈឺចាប់រ៉ាំរ៉ៃប្រែជាជួបប្រទះការឈឺចាប់តិចតួចវិញនៅពេលទទួលការព្យាបាលតាមរយៈការសើច។

៧. ប្រឆាំងភាពទុទិដ្ឋិនិយម និងជំងឺធ្លាក់ទឹកចិត្ត

នៅពេលបាក់ទឹកចិត្ត ឬមិនសប្បាយចិត្ត អ្វី ២ យ៉ាងដែលមនុស្សភាគច្រើនត្រូវការបំផុតនោះ គឺអ្នកដែលស្រឡាញ់ពួកគេ និងសំណើច។ ប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ដោយការសើច វាជួយបង្កើនអារម្មណ៍ល្អ និងធ្វើឲ្យមុខងារនៃខួរក្បាលកាន់តែប្រសើរឡើង។ សំណើចត្រូវបានគេស្គាល់ថា​ អាចជួយព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ យ៉ាងមានប្រសិទ្ធិ
ភាព។

៨. ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង

សំណើច អាចជួយប​ង្កើនមុខងារនៃប្រព័ន្ធភាពស៊ាំរាងកាយឲ្យកាន់តែមានលក្ខណៈប្រសើរឡើងគួរឲ្យកត់សម្គាល់។ វាក៏ជួយឲ្យចរន្តឈាមរត់ និងអុកស៊ីសែនក្នុងរាងកាយមានលក្ខណៈប្រសើរផងដែរ។ លើសពីនេះទៅទៀត ការសើចជួយបង្កើនកោសិកាគ្រាប់ឈាមមានសុខភាពល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង