ទោះបីជាអ្នកវិទ្យាសាស្ត្រជាច្រើនមិនបានផ្តល់អំណះអំណាងថាខ្ទឹមបារាំងជួយបំបាត់អាការៈរាគមួលក៏ដោយ ក៏វាប្រហែលជាអាចផ្តល់នូវការការពារពីជំងឺផ្សេងៗទៀតបានដែរដូចជា ជំងឺមហារីក, សម្ពាធឈាមឡើងខ្ពស់, ជំងឺបេះដូង, កូឡេស្តេរ៉ុលឡើងខ្ពស់ និងជំងឺហឺត។

ជំនួយដល់សុខភាពបេះដូង
អ្នកស្រាវជ្រាវរកបានរកឃើញថា អ្នកដែលញ៉ាំខ្ទឹមបារាំង មួយភាគបួនក្នុងមួយថ្ងៃ ជាមួយនឹងផ្លែប៉មមួយផ្លែ និងតែបួនពែង ឃើញថាប្រឈមមុខនឹងជំងឺគាំងបេះដូងតែមួយភាគបីប៉ុណ្ណោះ នេះបើយើងប្រៀបធៀបនឹងអ្នកដែលញ៉ាំអាហារទាំងនេះតិចបំផុត។
តើខ្ទឹមបារាំងមានអ្វីសំខាន់ទៅ? សម្បកដ៏ស្តើងរបស់ខ្តឹមបារាំងខាងក្នុងគឺជាធាតុផ្សំដែលអាចជួយកាត់បន្ថយកូឡេស្តេរ៉ុល, រំលាយកំណកឈាម, និងជួយបង្ការកុំអោយសរសៃឈាមអាក់ទែឡើងរឹងបាន ព្រមទាំងអាចជួយការពារជំងឺបេះដូងបាន។
ធាតុផ្សំដំបូងគេបង្អស់នៅក្នុងខ្ទឹមបារាំងដែលធ្វើអោយបេះដូងមានសុខភាពល្អគឺសារធាតុ Flavonoids។ សារធាតុទាំងនេះមាននៅក្នុងរុក្ខជាតិដែលមានថាមពលជាអង់ទីអុកស៊ីដង់ដែលខ្លាំងៗ មានន័យថា វាអាចជួយបង្ការជំងឺបានតាមរយៈសារធាតុបង្កគ្រោះថ្នាក់ដល់កោសិកា ជាពិសេសរ៉ាឌីកាល់សេរីដែលកំពុងតែកកកុញក្នុងរាងកាយ។
សារធាតុមួយផ្សេងទៀតក្នុងខ្ទឹមបារាំងដែរគឺ Quercetin ដែលវាអាចជួយការពារជំងឺបេះដូងបានពីររបៀប។ ទីមួយ វាជួយថែរក្សាកូឡេស្តេរ៉ុល Low-density Lipoprotein (LDL) កុំអោយធ្វើអុកស៊ីតកម្ម និងស្អិតជាប់នឹងជញ្ជាំងសរសៃឈាមបាន។ ទីពីរ វាជួយការពារប្លាកែតក្នុងចរន្តឈាមកុំអោយស្អិតជាប់គ្នា និងបង្កើតជាកំណកឈាមដែលគ្រោះថ្នាក់ដល់សុខភាព។
ធាតុផ្សំការពារទីពីរក្នុងខ្ទឹមបារាំងនេះប្រសិទ្ធភាពដូចគ្នាក្នុងការធ្វើអោយអ្នកហូរទឹកភ្នែកបានដែរ នេះដោយសារតែជាតិស្ពាន់ធ័ររបស់វា។ អ្នកឯកទេសនិយាយថា ធាតុផ្សំទាំងនេះអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុល High-density Lipoprotein (HDL) ដើម្បីកុំអោយមានកំណកឈាមស្អិតជាប់នឹងជញ្ជាំងសរសៃឈាមបាន។ ស្របពេលជាមួយគ្នានេះដែរ វាអាចបញ្ចុះកម្រិតខ្លាញ់ដ៏គ្រោះថ្នាក់ Triglycerides, រំលាយកំណកឈាម, និងរក្សាសម្ពាធឈាមអោយនៅសភាពធម្មតា និងសុវត្ថិភាពបាន។
អ្នកមិនចាំបាច់ត្រូវការខ្ទឹមបារាំងច្រើនដើម្បីទទួលបានការការពារច្រើនឡើយ។ តាមពិត ការសិក្សាបង្ហាញអោយដឹងថា អ្នកអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនតាមរយៈការញ៉ាំខ្ទឹមបារាំងឆ្អិន ឬឆៅធំល្មមមួយក៏បានដែរក្នុងមួយថ្ងៃ។
ការពារជំងឺមហារីក
អ្នកឯកទេសនិយាយថា បើសិនជាអ្នកកំពុងតែស្វែងរកការការពារពីជំងឺមហារីក ធ្វើយ៉ាងកុំត្បិតត្បៀតនូវការញ៉ាំខ្ទឹមបារាំងអី ព្រោះវាអាចជាគន្លឹះដ៏សំខាន់ក្នុងការបង្ការជំងឺមហារីក ជាពិសេសមហារីកនៅផ្លូវក្រពះពោះវៀនតែម្តង។
វេជ្ជបណ្ឌិត ម៉ៃខល ជេ វ័រហ្គៅវិច (Dr. Michael J. Wargovich, PhD) សាស្ត្រាចារ្យខាងជំងឺ និងមេរោគតូចៗនៅឯសាកលវិទ្យាល័យនៃសាលាវេជ្ជសាស្ត្រ South Carolina និងជានាយកកម្មវិធីបង្ការធាតុគីមីនៅឯមជ្ឈមណ្ឌលមហារីក South Carolina ដែលសុទ្ធតែមានទីតាំងក្នុងប្រទេសកូឡំប៊ី និយាយថា “សារធាតុ Quercetin ដែលមានក្នុងខ្ទឹមបារាំងពិតជាអាចទៅបង្អាក់ដំណើរការណ៍របស់ដុំមហារីកក្នុងពោះវៀនធំរបស់សត្វបាន”។ គាត់បន្ថែមទៀតថា នេះមានន័យថា ខ្ទឹមបារាំងដើរតួនាទីទ្វេដងក្នុងការទប់ស្គាត់ដុំមហារីក ព្រោះសារធាតុស្ពាន់ធ័ររបស់វាក៏ជួយប្រឆាំងនឹងមហារីកដែរ។
ការសិក្សាដ៏ធំមួយក្នុងប្រទេសអៀកឡង់ អ្នកស្រាវជ្រាវបានសិក្សាទៅលើរបបអាហាររបស់មនុស្សប្រុសស្រីចំនួន ១២១០០០នាក់។ កាលណាដែលរបបអាហារប្រចាំថ្ងៃរបស់ពួកគេមានខ្ទឹមបារាំងកាន់តែច្រើន ការប្រឈមនឹងជំងឺមហារីកក្រពះពួកគេក៏កាន់តែតិចដែរ។
អ្នកវិទ្យាសាស្ត្រសង្ស័យថា ខ្ទឹមបារាំងមិនត្រឹមតែជួយទប់ស្កាត់ការលូតលាស់ដុំសាច់មហារីកតែមួយមុខនោះទេ ប៉ុន្តែវាក៏ជួយបញ្ចេញចោលនូវបាក់តេរីដែលធ្វើអោយចាប់ផ្តើមកើតជំងឺមហារីកក្រពះដែរ។
ខ្ទឹមបារាំងត្រូវបានបង្ហាញថា មានប្រសិទ្ធភាពការពារ ព្រមទាំងប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទទៀតផង។ ក្រោយពីសិក្សាលើជនជាតិចិនប្រមាណ ៤៧១នាក់ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំខ្ទឹមបារាំងបានច្រើនបំផុតឃើញថាអាចកើតជំងឺមហារីកក្រពេញប្រូស្តាតតិចជាងអ្នកដែលញ៉ាំតិចបំផុត។
លើសពីនេះទៅទៀត នៅប្រទេសអឺរ៉ុបខាងត្បូង ការញ៉ាំខ្ទឹមបារាំងឃើញថាជួយបន្ថយការប្រឈមនឹងជំងឺមហារីកក្នុងមាត់ និងបំពង់អាហារ ជាពិសេសមហារីកបំពង់ Esophagus, មហារីកពោះវៀនធំនិងចុងពោះវៀនធំ, មហារីកបំពង់សម្លេង, មហារីកសុដន់, មហារីកក្រពេញប្រូស្តាត និងមហារីកតម្រងនោមបាន។
បើយោងទៅតាម មជ្ឈមណ្ឌល ជំងឺមហារីកជាតិបានអោយដឹងថា ជាតិស្ពាន់ធ័រក្នុងខ្តឹមបារាំងជួយការពារជំងឺមហារីកបានតាមរយៈការបំផ្លាញកោសិកាមហារីក និងបន្ថយការលូតលាស់របស់វា។ ការស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Cornell បានរកឃើញថា ខ្ទឹមបារាំងទាំងបួនប្រភេទដូចជា Shallots, Western Yellow, Pungent Yellow, និង Northern Red សុទ្ធតែផ្ទុកទៅដោយសារធាតុគីមីប្រឆាំងនឹងមហារីកច្រើនជាងគេ។
ជំនួយដល់ក្លិនមាត់
ការដាក់ខ្ទឹមបារាំងញ៉ាំជាមួយនំហែមបឺហ្គ័រអាចធ្វើអោយអ្នកមានក្លិនមាត់មិនល្អមែន ប៉ុន្តែវាប្រហែលជួយអោយផ្លូវដង្ហើមស្រឡះល្អចំពោះអ្នកជំងឺហឺត ឬជំងឺផ្លូវដង្ហើមផ្សេងៗទៀត។ វេជ្ជបណ្ឌិត អេរិច ប្លក់ (Dr. Eric Block, PhD) សាស្ត្រាចារ្យគីមីនៅឯសាកលវិទ្យាល័យរដ្ឋញ៉ូយក ក្នុងទីក្រុង Albany និយាយថា “ក្នុងខ្ទឹមបារាំងមានសារធាតុស្ពាន់ធ័រច្រើនសម្រាប់អាចទប់ស្កាត់បញ្ហាអាឡែហ្ស៊ី ដែលវាជាសារធាតុអាចធ្វើអោយរលាក និងកើតជាជំងឺហឺតបាន”។
ទោះបីជាយើងត្រូវការការសិក្សាជាច្រើនទៀតទៅលើសមត្ថភាពរបស់ខ្ទឹមបារាំងក្នុងការបំបាត់ជំងឺហឺតក៏ដោយ ក៏អ្នកអាចមើលឃើញឥទ្ធិពលប្រឆាំងនឹងការរលាករបស់វាដោយខ្លួនឯងបានដឹងដែរ។ ថ្ងៃក្រោយ បើអ្នកមានសត្វល្អិតខាំ ឬរលាកស្បែកតិចតួច ចូរយកខ្ទឹមបារាំងមួយដុំគ្រប់លើកន្លែងនោះទៅ។ វេជ្ជបណ្ឌិត ប្លក់ និយាយថា ការធ្វើបែបនេះគួរតែអាចកាត់បន្ថយការរលាកបាន។
អ្នកត្រូវការញ៉ាំខ្ទឹមបារាំងតែពីរបីមើមប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីអោយផ្លូវដង្ហើមដកបានស្រួល។ វេជ្ជបណ្ឌិត ប្លក់ បន្ថែមទៀតថា “វាមិនដូចជាអាហារផ្សេងឡើយ ចំពោះខ្ទឹមបារាំងគ្រាន់តែបានញ៉ាំគឺវាគ្រប់គ្រាន់នឹងទទួលបានប្រយោជន៍ពីវាទៅហើយ។ បើសិនជាអ្នកចូលចិត្តញ៉ាំខ្ទឹមបារាំង អ្នកក៏អាចញ៉ាំវាច្រើនបានដែរ”។ ហើយវាក៏មានអំណះអំណាងល្អៗដែលអ្នកគួរតែធ្វើដូច្នេះ”។
ប្រយោជន៍ផ្សេងៗទៀត
មិនថាអ្នកកំពុងតែញ៉ាំអាហារដែលផ្តល់នូវសុខភាព ឬរសជាតិឆ្ងាញ់នោះទេ គឺគ្មាហេតុផលណាដែលត្រូវមិនញ៉ាំខ្ទឹមបារាំងដែរ។ ខ្ទឹមប្រភេទ Scallions, Shallots និងបន្លែខ្ទឹមផ្សេងៗទៀតមិនត្រឹមតែផ្ទុកទៅដោយជាតិស្ពាន់ធ័រ និង Flavonoids ច្រើននោះទេ តែវាក៏មានជីវជាតិផ្ទាល់ខ្លួនរបស់វាពីរបីប្រភេទដែរ សម្រាប់ជួយទប់ស្កាត់ជំងឺ និងបង្កើនប្រព័ន្ធភាពស៊ាំ។
ខ្ទឹមប្រភេទ Scallions ក៏អាចហៅបានថាជាខ្ទឹមបារាំងដែលនៅខ្ចី ប៉ុន្តែវាមានជីវជាតិ ជាពិសេសវីតាមីន B ប្រភេទ Folate និងវីតាមីន C ខ្ពស់ជាងខ្ទឹមបារាំងដែលចាស់ៗទៅទៀត។ ខ្ទឹមបារាំងខ្ចីពាក់កណ្តាល មានវីតាមីន Folate ៣២ម៉ៃក្រូក្រាម ឬស្មើរនឹង ៨ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ វីតាមីន Folate នេះហើយ ជាជីវជាតិដ៏សំខាន់សម្រាប់ការលូតលាស់របស់ជាលិកាធម្មតា និងប្រឆាំងនឹងជំងឺមហារីក, ជំងឺបេះដូង និងជំងឺកូនកើតមកខូចអវៈយវៈ។
ខ្ទឹមបារាំងប្រភេទ Shallots ក៏មានប្រយោជន៍របស់វាដែរ។ ខ្ទឹមនេះដែលហាន់ម៉ត់មួយស្លាបព្រាបាយមានវីតាមីន A ៦០០យូនីត ឬស្មើនឹង ១២ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ វីតាមីន នេះមានសារៈសំខាន់ក្នុងការជួយអោយប្រព័ន្ធភាពស៊ាំនៅខ្លាំង និងការពារកុំជំងឺភ្នែកដោយសារតែការចាស់ទៅតាមអាយុដូចជា ជំងឺភ្នែកឡើងបាយ និងខ្វាក់មាន់៕