បើសិនជាអ្នកជាមនុស្សងាយនឹងឈឺបំពង់កជាប់រហូត អ្នកគួរតែធ្វើយ៉ាងណាអោយប្រព័ន្ធភាពស៊ាំរឹងមាំ។ ខ្ញុំចំណាំឃើញថា បើសិនជាញ៉ាំអាហារសម្បូរជាតិស្ករច្រើន វានឹងធ្វើអោយប្រព័ន្ធភាពសាំរបស់ខ្ញុំចុះខ្សោយ ហើយពេលនោះស្រាប់តែមានជំងឺរលាកបំពង់កភ្លាម។

ការឧស្សាហ៍រលាកក្រពេញអាមីដាល់រយៈពេលខ្លី អាចបញ្ជាក់អោយដឹងថា ប្រព័ន្ធទឹករងៃរបស់អ្នកកំពុងតែស្ថិតក្នុងសភាពមិនល្អ ហើយរាងកាយរបស់អ្នកកំពុងតែច្រោះជាតិពុល។ ការឈឺបំពង់កជាទៀងទាត់ក៏មានជាប់ទាក់ទងជាមួយគ្នានឹងមេរោគផ្សិតរីកលូតលាស់ច្រើនជាពិសេស មេរោគ Candida។
ការរលាក និងការឈឺចាប់ក្នុងបំពង់កអាចបង្ករោគសញ្ញាដូចជា ឈឺចាប់ពេលលេបអាហារ ឬនិយាយ, មានអារម្មណ៍ថារសើបៗក្នុងបំពង់ក, មានសម្បោរច្រើនក្នុងច្រមុះ និងប្រហោងឆ្អឹងក្នុងច្រមុះ ហើយពេលខ្លះមានសម្លេងគ្រលរ ឬនិយាយមិនចេញទៀតផង។ ការបង្ករោគទាំងនេះច្រើនបង្កឡើងដោយវីរុស ឬបាក់តេរី។ ជំងឺឈឺបំពង់កដែលបណ្តាលមកពីបាក់តេរីស្ត្រិបតូកូក ( Streptococcal infection) ត្រូវតែអោយដឹង និងព្យាបាលអោយបានត្រឹមត្រូវ។ ដូច្នេះបើសិនជារោគសញ្ញានោះទៅជាធ្ងន់ធ្ងរ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ។
អាហារត្រូវចៀសវាង
· ចូរបញ្ឈប់ការញ៉ាំអាហារមានជាតិស្ករទាំងអស់រយៈពេល ៤ថ្ងៃដើម្បីអោយប្រព័ន្ធភាពស៊ាំមានឱកាសប្រឆាំងនឹងការបង្ករោគ។
· ចូរកាត់បន្ថយការញ៉ាំអាហារដែលធ្វើពីម្ស៉ៅស, អាហារសម្រន់ និងប័រហ្គឺរ។
· កាហ្វេ, ភេសជ្ជៈមានជាតិស្ករ និងស្រាសុទ្ធតែបណ្តាលអោយរាងកាយខ្សោះជាតិទឹក។
· ចូរកាត់បន្ថយអាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់សុទ្ធ។
អាហារគួរទទួលទាន
· ចូរញ៉ាំទឹកអោយបានច្រើន ជាពិសេសតែបៃតង ឬទឹកផ្លែឈើ។
· ចូរញ៉ាំទឹកក្តៅជាមួយម្ស៉ៅវីតាមីន រួមនឹងក្រូចឆ្មា, ខ្ញី ឬខ្ទឹមស ជាមួយនឹងទឹកឃ្មុំបន្តិចបន្តួច។
· ខ្ទឹមស និងខ្ទឹមបារាំងគឺជាអាហារដ៏អស្ចារ្យព្រោះវាមានសមាភាពជាថ្នាំប្រឆាំងបាក់តេរី ផង និងសម្លាប់មេរោគផង។
· នៅពេលមានជំងឺផ្តាសាយហើយ ចូរញ៉ាំផ្លែឈើ បន្លែ និងអង្ករសម្រូបអោយបានច្រើន ប៉ុន្តែបន្ថយសាច់ត្រី ឬសាច់មាន់វិញ។
· ចូរញ៉ាំទឹកខ្ញី និងទឹកក្រូចឆ្មាអោយបានច្រើន។
· បង្កើនការទទួលទានទឹក ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
· នៅពេលមានរោគសញ្ញាស្រួចស្រាវ ចូរប្រើវីតាមីន A ១០០០០យូនីតជារៀងរាល់ថ្ងៃដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ (ប្រសិនបើអ្នកមានផ្ទៃពោះ ចូរប្រើតែ ៣០០០យូនីតបានហើយ) ឬញ៉ាំថ្លើមអោយបានម្តងក្នុងមួយសប្តាហ៍។
· ចូរប្រើវីតាមីន C ពី ២ ទៅ៣ក្រាមជារៀងរាល់ថ្ងៃពេលបាយ។
· ចូរប្រើវីតាមីន Bកំផ្លេចដើម្បីជួយទ្រទ្រង់ក្រពេញលើតម្រងនោម ព្រមទាំងបន្ថែមវីតាមីន B5 ៥០០មីលីក្រាម។
· កាលណាកម្រិតសេឡេញ៉ូមចុះទាបច្រើនតែបណ្តាលអោយឆ្លងជំងឺពីវីរុស។ ចូរប្រើវីតាមីន និងជាតិរ៉ែចម្រុះដែលមានជាតិសេឡេញ៉ូម ២០០ម៉ៃក្រូក្រាម និងស័ង្គសី ៣០មីលីក្រាម។
· ផលិតផល Celloid Chloride Compound ជួយសម្រួលដល់ការស្ទះក្នុងទឹករងៃ និងបំបាត់ការឈឺបំពង់ក។ ចូរប្រើ ២០០មីលីក្រាមជារៀងរាល់ថ្ងៃ។
· ផលិតផល Beta-carotene ពីធម្មជាតិជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងការបង្ករោគ។
· ផលិតផល Zinc Gluconate Lozenges ពិតជាអាចជួយបន្ថយអាការៈឈឺបំពង់កបាន ចូរប្រើរយៈពេល ៣ ទៅ៤ថ្ងៃជារៀងរាល់ថ្ងៃ៕