ឧស្សាហ៍ផ្ដាសាយណាស់មែនទេ? នេះក៏ព្រោះតែអ្នកមិនចៀសវាងនូវទម្លាប់ ឬទង្វើមួយចំនួន! ថាតើមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុទូទៅបំផុតដែលធ្វើឱ្យអ្នកឧស្សាហ៍ផ្ដាសាយ ៖

១. ការជក់បារី

មិនត្រឹមតែហានិភ័យនៃជំងឺផ្ដាសាយប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីអាចបង្កើនហានិភ័យនៃជំងឺផ្សេងទៀតជាច្រើនផងដែរ! វាបង្កការបំផ្លាញដល់សុខភាពសួត ព្រមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយថែមទៀត។ ទោះបីអ្នកមិនមែនជាអ្នកជក់បារីផ្ទាល់ ប៉ុន្តែការហិតផ្សែងបារីពីអ្នកដទៃក៏អាចបង្កគ្រោះថ្នាក់ដូចគ្នា។

២. ស្ត្រេស

ស្ត្រេសបង្កើនការផលិតអ័រម៉ូន cortisol ​ដែលអាចទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាប្រសិនបើមនុស្សម្នាក់ស្ត្រេសរ៉ាំរ៉ៃនោះប្រព័ន្ធភាពស៊ាំរបស់គេនឹងចុះខ្សោយទៅៗ ហើយទទួលរងឥទ្ធិពលមិនល្អពីអ័រម៉ូន cortisol វិញដែលជាលទ្ធផលនៃបញ្ហារលាកកាន់តែធ្ងន់ធ្ងរក្នុងរាងកាយ។ ខណៈនេះរាងកាយ គឺងាយនឹងប្រឈមមុខខ្ពស់ជាមួយហានិភ័យនៃជំងឺផ្ដាសាយណាស់។ ដូច្នេះកុំបន្ទោសតែអាកាសធាតុត្រជាក់ទៀត។ ប្រសិនបើអ្នកឈឺញឹកញាប់ ចូរព្យាយាមគ្រប់គ្រងភាពតានតឹងរបស់ខ្លួនវិញ។

៣. នៅក្មេង

មានមូលហេតុចម្បងពីរដែលនាំឱ្យបុគ្គលដែលនៅក្មេងប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺផ្ដាសាយ។ ទី១ មិនសូវជាឧស្សាហ៍លាងសម្អាតដៃ និងទី២ ប្រព័ន្ធភាពស៊ាំនៅខ្សោយ។ ហើយមួយក្នុងចំណោមវិធីដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់វីរុសបង្កជំងឺផ្ដាសាយនោះ គឺការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ។ ពពួកវីរុសបង្កជំងឺនេះអាចត្រូវបានរកឃើញនៅដៃទ្វារ, បង្កាន់ដៃ, ប៊ូតុងជណ្ដើរយន្ត និងសូម្បីតែកន្លែងចុចទឹកបង្គន់។ បន្ថែមពីនេះការដែលមានប្រព័ន្ធភាពស៊ាំមិនទាន់រឹងមាំ គឺមិនអាចផ្ដល់ឱ្យរាងកាយនូវការការពារពេញលេញប្រឆាំងនឹងវីរុសនៃជំងឺផ្ដាសាយឡើយ។ ក្រៅពីក្មេង, មនុស្សពេញវ័យដែលមានប្រព័ន្ធភាពស៊ាំខ្សោយក៏ប្រឈមមុខខ្ពស់ផងដែរ។

៤. ទម្លាប់នៃការគេងមិនល្អ

ការគេងមិនបានច្រើនគ្រប់គ្រាន់អាចបង្កើនហានិភ័យនៃជំងឺផ្ដាសាយគួរឱ្យកត់សម្គាល់។ នៅពេលគេងបានតិចពេករាងកាយនឹងជួបប្រទះនូវភាពស្ត្រេសដែលនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយមិនអាចការពារអ្នកពីជំងឺផ្ដាសាយឡើយ។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង