ការឈឺក្បាល គឺជាការឈឺចាប់ដែលកើតមាននៅក្នុងតំបន់ណាមួយ នៅលើក្បាលរបស់អ្នក។ ការឈឺ ក្បាល អាចកើតមាននៅចំហៀងណាមួយ ឬ នៅទាំងសងខាងក្បាល, ស្ថិតនៅដាច់ដោយឡែក នៅត្រង់ តំបន់ជាក់លាក់ណាមួយ ឬ ឈឺចាក់ពីចំណុចមួយ ទៅចំណុចមួយនៅជុំវិញក្បាល។

បញ្ហានៃការឈឺ ក្បាលអាច មានការឈឺចាប់ខ្លាំង, មានអារម្មណ៍ថាងូងៗ ឬ ឈឺស្ពឹក។ ការឈឺក្បាលនេះ អាចកើតមាន បន្តិចម្តងៗ ឬ ភ្លាមៗ ពួកវាអាចមានរយៈពេល តិចជាង១ម៉ោង ឬ ឈឺក្នុងរយៈពេលជាច្រើនថ្ងៃ ។
តើនៅពេលណា ដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ?
ការឈឺក្បាល អាចជាសញ្ញានៃស្ថានភាពធ្ងន់ធ្ងរមួយ ដែលមានដូចជា ការដាច់សរសៃឈាមក្នុងខួរ ក្បាល, ជំងឺរលាកស្រោមខួរក្បាល ឬ ជំងឺរលាកខួរក្បាល។ អ្នកត្រូវប្រញាប់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ អោយបានភ្លាមៗ ប្រសិនបើអ្នកមានការឈឺក្បាលក្នុងសភាពធ្ងន់ធ្ងរ ភ្លាមៗ ឬ ការឈឺក្បាល ដែលកើត មានរួមជាមួយនឹង ៖
· វង្វេងស្មារតី ឬ មានការពិបាកក្នុងការស្តាប់យល់សម្តីរបស់នរណាម្នាក់។
· សន្លប់។
· មានគ្រុនក្តៅខ្លាំង ( ៣៩ ទៅ ៤០អង្សាសេ)។
· មានភាពស្ពឹក, ចុះខ្សោយ ឬ ពិការនៅចំហៀងណាមួយនៃរាងកាយ។
· តឹងណែននៅកញ្ចឹងក។
· ពិបាកក្នុងការមើលឃើញ។
· ពិបាកក្នុងការនិយាយស្តី។
· ពិបាកក្នុងការដើរ។
· ក្អួតចង្អោរ ឬ ក្អួត ។
ធ្វើការណាត់ជួបនឹងគ្រូពេទ្យ
អ្នកត្រូវទៅអោយគ្រូពេទ្យពិនិត្យ ប្រសិនបើអ្នកធ្លាប់មានការឈឺក្បាលដែល៖
· កើតមានញឹកញាប់ជាងពេលធម្មតា។
· មានសភាពធ្ងន់ធ្ងរ ជាងពេលមុន។
· មានសភាពកាន់តែអាក្រក់ឡើង ឬ មិនជាស្រាកស្រាន្តជាមួយនឹងការប្រើប្រាស់ថ្នាំបំបាត់អាការៈ ឈឺក្បាល និងការឈឺចាប់។
· បង្អាក់ដល់ការងារ,ការគេង ឬ ការចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃជាធម្មតារបស់អ្នក។
· ធ្វើអោយអ្នកមានស្ត្រេស ហើយនៅពេលដែលអ្នកចង់ស្វែងរកនូវជម្រើសនៃការព្យាបាល ដ៏សាក សម ដែលអាចជួយអ្នក ក្នុងការគ្រប់គ្រងវាអោយបានប្រសើរជាងមុន ៕