មាននារីមួយចំនួន សក់តែងតែឡើងប្រេង ក្រោយពេលដែលកក់សក់រួច មិនដល់មួយថ្ងៃ ដូចនេះ បើមានអាការៈបែបនេះ តើគួរធ្វើដូចម្តេច ទើបអាចបំបាត់បាននោះ? ខាងក្រោមនេះ យើងខ្ញុំនឹងណែនាំប្រាប់អ្នក ពីវិធីមួយចំនួនក្នុងការបំបាត់វា។

1. ដំបូង អ្នកត្រូវវែកសក់អ្នកទៅមួយចំហៀង ដើម្បីឲ្យឃើញស្បែកក្បាល។
2. បន្ទាប់មក អ្នកអាចយកក្រដាសជូតខ្លាញ់លើមុខអ្នក មកជូតស្បែកក្បាលអ្នក ត្រង់កន្លែងដែលមានប្រេង នោះវានឹងបឺតចេញមកអស់ ហើយអ្នកត្រូវជូតឲ្យសព្វក្បាល។
3. បន្ទាប់ពីអ្នកបឺតប្រេងលើក្បាលរួច អ្នកអាចយកក្រដាសជូតខ្លាញ់នេះ ទៅជូតនៅក្រោយត្រចៀក និងកអ្នក ដើម្បីកុំឲ្យខ្លាញ់នេះ ឆ្លងចូលទៅសក់អ្នកបាន ព្រោះកន្លែងទាំងពីរនេះ ឲ្យតែអ្នកបែកញើស វាងាយនឹងចេញខ្លាញ់ខ្លាំងណាស់។
4. បន្ទាប់ពីជូតរួច អ្នកអាចប្រើម៉ាស៊ីនផ្លុំសក់ ដោយបើកយកខ្យល់តូច ហើយរក្សាគំលាតឲ្យឆ្ងាយបន្តិច ដើម្បីផ្លុំសក់អ្នក ឲ្យបាត់នូវប្រេងទាំងឡាយបាន ប៉ុន្តែ អ្នកត្រូវយកម្រាមដៃអ្នកវែកសក់អ្នក ដើម្បីឲ្យខ្យល់ចូលទៅសព្វក្បាលអ្នក នោះវានឹងជួយបំបាត់ប្រេងបាន។
5. អ្នកមិនត្រូវទម្លាក់សក់ទេ ព្រោះវាអាចធ្វើឲ្យសក់អ្នក កាន់តែឡើងប្រេង ដូចនេះ អ្នកត្រូវតែចងសក់ជានិច្ច បើអ្នកមិនចង់ឡើងប្រេងលើក្បាល។
6. អ្នកក៏អាចយកថ្នាំអប់សក់ មកលាបលើចុងសក់របស់អ្នក បន្ទាប់មក យកទឹកលាងវាចេញ វាក៏ជំនួយដល់សក់អ្នក មិនឲ្យចេញខ្លាញ់ច្រើនដែរ៕