ចែករំលែក
  •  
  •  
  •  

អ្វីដែលធ្វើឲ្យស្ពៃក្ដោបពណ៌ស្វាយមានពណ៌ស្រស់ឆើតបែបនេះ គឺដោយសារវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា flavonoids។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាពខុសគ្នានៃស្ពៃក្ដោបពណ៌ស្វាយជាមួយស្ពៃក្ដោបធម្មតា ឬពណ៌សនោះ គឺវាមានផ្ទុកបរិមាណនៃសារធាតុ flavonoids ច្រើនជាង។ ហើយក៏ដូចនឹងស្ពៃក្ដោបធម្មតាដែរ ស្ពៃក្ដោបពណ៌ស្វាយអាចត្រូវបានទទួលទានទាំងឆៅ ឬយកទៅចម្អិនតាមបែបផ្សេងៗ។ បើទោះបីជាភាគច្រើននៃពួកយើងបានស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមទទួលទានស្ពៃក្ដោបពណ៌ស្វាយឲ្យបានច្រើន ៖

១. ជួយទប់ស្កាត់ជំងឺមហារីក

ស្ពៃក្ដោបពណ៌ស្វាយ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតដ៏មានឥទ្ធិពល ដូច្នេះវាជាជម្រើសនៃអាហារដ៏ប្រសើរជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ ប្រសិនបើអ្នកចង់កាត់បន្ថយហានិភ័យនៃជំងឺមហារីកនោះ ចូរទទួលទានស្ពៃក្ដោបពណ៌ស្វាយឲ្យបានច្រើន។

២. ជួយឲ្យស្រកទម្ងន់ 

ប្រសិនបើចង់ស្រកទម្ងន់បានឆាប់ និងមានសុវត្ថិភាព អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែម ឬចាប់ផ្ដើមទទួលទានស្ពៃក្ដោបពណ៌ស្វាយ។ នោះក៏ព្រោះតែបន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយឲ្យអ្នកឆ្អែតបានយូរ។ លើសពីនេះទៅទៀត ស្ពៃក្ដោបពណ៌ស្វាយ មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗ។

៣. បង្កើនសុខភាពភ្នែក

ស្ពៃក្ដោបពណ៌ស្វាយ ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់ចំពោះសុខភាពភ្នែកមើលឃើញបានកាន់តែច្បាស់ និងជៀសផុតពីជំងឺភ្នែកផ្សេងៗ។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ការដែលមានប្រព័ន្ធភាពស៊ាំរឹងមាំខ្លាំងក្លា មានន័យថាមិនសូវឈឺ និងឆ្លងមេរោគផ្សេងៗ។ មួយក្នុងចំណោមវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនោះ គឺការទទួលទានស្ពៃក្ដោបពណ៌ស្វាយ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមមួយជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំមានលក្ខណៈកាន់តែប្រសើរឡើងគួរឲ្យកត់សម្គាល់។ ការទទួលទានស្ពៃក្ដោបពណ៌ស្វាយ ក៏ជាគំនិតដ៏ល្អមួយផងដែរ ប្រសិនបើអ្នកមានជំងឺផ្ដាសាយ ឬក្អកដើម្បីបន្ថយរយៈពេលស្ថានភាពនៃជំងឺ។

៥. ទប់ស្កាត់ជំងឺពុកឆ្អឹង

ការទទួលទានស្ពៃក្ដោបពណ៌ស្វាយ អាចជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាន។ នោះក៏ព្រោះតែបន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិរ៉ែចាំបាច់ជាច្រើនសម្រាប់សុខភាពឆ្អឹងរឹងមាំដូចជា ជាតិកាល់ស្យូម, ម៉ាញ៉េស្យូម និងម៉ង់កាណែស។

៦. ជួយព្យាបាលជំងឺដំបៅក្រពះ

ប្រសិនបើអ្នកជួបប្រទះការឈឺចាប់ដោយសារជំងឺដំបៅក្រពះនោះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានស្ពៃក្ដោបពណ៌ស្វាយ។ ការទទួលទានទឹកស្ពៃក្ដោបពណ៌ស្វាយស្រស់ជាប្រចាំក៏ប្រសើរសម្រាប់ដោះស្រាយបញ្ហាសុខភាពនេះផងដែរ។ បន្លែនេះជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូ glutamine ជួយបំបាត់ការឈឺចាប់ និងការរលាកនៃស្រទាប់បំពង់អាហារ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here