ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការឈប់ស្លៀកខោត្រឹមមួយខណៈពេលអាចផ្ដល់ផលល្អចំពោះសុខភាពដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអាចកើតឡើងចំពោះរាងកាយប្រសិនបើឈប់ស្លៀកខោ ៖

១. ទប់ស្កាត់បញ្ហាខ្លាញ់ cellulite ឬមិនធ្វើឱ្យស្ថានភាពកាន់តែខ្លាំងឡើង

Cellulite ជាកោសិកាខ្លាញ់ដែលស្ទះក្រោមស្បែក។ អ្នកជំនាញ​ជាច្រើនអះអាងថាប្រសិនបើអ្នកឈប់ស្លៀកខោរឹបតឹងៗ ជាពិសេសខោខូវប៊ូយផងនោះ, អ្នកអាចនឹងចៀសផុតពីបញ្ហាខ្លាញ់កកក្រោមស្បែកដែលមើលទៅក្ដាំងៗ។ នៅពេលអង្គុយគងទាក់ខ្លា ឬពាក់ខោដែលតូចរឹប គឺពួកយើងកំពុងប្រឈមមុខខ្ពស់នឹងឱកាសនៃបញ្ហាឡើងខ្លាញ់ក្រោមស្បែកហើយ។ ដោយឡែកការស្លៀកខោខូវប៊ូយរឹបរាងអាចបង្កើនហានិភ័័យនៃបញ្ហាខ្លាញ់ Cellulite ត្រង់ភ្លៅ។ ចរន្តឈាមរត់មិនបានល្អមិនអាចផ្ដល់នូវអុកស៊ីសែននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅកាន់តែផ្នែកដែលត្រូវទៅឡើយ។ ជាលទ្ធផលស្បែកមិនទទួលបាននូវការផ្គត់ផ្គង់បានល្អ ហើយអត្រានៃការដុតរំលាយអាហារបស់ស្បែកត្រូវថយចុះ។

២. អ្នកអាចនឹងមើលទៅខ្លួនឯងហាក់ដូចជាប្លែកជាងមុន

អ្នកជំនាញបានឱ្យដឹងថា ការស្លៀកខោអាចធ្វើឱ្យអ្នកមើលឃើញខ្លួនឯងស្គម ឬស្លីមជាងការពិត។ វាជួយបិទបាំងចំនុចមួយចំនួនលើរាងកាយ និងល្បូងឱ្យអ្នកមានអារម្មណ៍ថា មិនចាំបាច់ត្រូវធ្វើលំហាត់ប្រាណ។ ប្រសិនបើអ្នកឈប់ស្លៀកខោវិញ អ្នកអាចនឹងពិនិត្យឃើញនូវផ្នែកមួយចំនួនលើរាងកាយត្រូវការការយកចិត្តទុកដាក់បន្ថែម ហើយនេះអាចជាកម្លាំងជំរុញចិត្តសម្រាប់ការជ្រើសរើសជីវិតដែលពោរពេញដោយភាពសកម្ម។

៣. រាងកាយ និងសរីរាង្គខាងក្នុងកាន់តែទទួលបាននូវភាពធូរស្បើយ

សម្លៀកបំពាក់តឹងៗ សូម្បីតែខោទ្រនាប់ក៏អាចបង្កបញ្ហាដល់សរីរាង្គខាងក្នុងដែរ ជាពិសេសនៅពេលដែលអ្នកញ៊ាំច្រើន។ សម្ពាធដែលបង្កើតឡើងដោយខោវ និងខ្សែក្រវ៉ាត់លើពោះអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះ និងអាការៈក្រហាយទ្រូង។ ដូច្នេះនៅពេលពួកយើងឈប់ស្លៀកខោ, សម្ពាធលើសរីរាង្គខាងក្នុងនឹងត្រូវបានបន្ថយ ហើយចៀសផុតអារម្មណ៍មិនស្រួលផ្សេង។

៤. រាងកាយអាចមិនសូវរមាស់ដូចមុន

ស្បែកអាចនឹងប្រតិកម្ម ឬអាឡែកស៊ីជាមួយសាច់ក្រណាត់ផ្សេងៗ ហើយនេះជាមូលហេតុដែលរាងកាយអាចមានអារម្មណ៍រមាស់នៅពេលខ្លះ។ ប៉ុន្តែអ្វីដែលបង្កអាការៈរមាស់ខ្លាំងនោះ គឺភាពផ្អឹបជាប់នៃសាច់ក្រណាត់ទៅនឹងជើង ជាពិសេសខោរឹបៗ។

៥​. ចៀសផុតពីបញ្ហាមុនជើង

ការស្លៀកខោរឹបៗ ជាពិសេសខោហាត់យូហ្កាអាចជាដើមហេតុចម្បងមួយដែលបង្កបញ្ហាឡើងមុននិងការរលាកលើជើងដែលបង្កឡើងដោយភាពតឹងពីខោ។ គួបផ្សំនឹងញើសទៀតនោះបញ្ហាអាចកាន់តែអាក្រក់ឡើង។ ដូច្នេះប្រសិនបើអ្នកស្លៀកពាក់សម្លៀកបំពាក់រលុងៗ, ឱកាសដែលអ្នកនឹងចៀសផុតផលប៉ះពាល់នេះនឹងថយចុះ។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង