កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលមនុស្សភាគច្រើនជ្រើសរើសទទួលទាន ដើម្បីជម្រុញថាមពល ហើយមិនងងុយគេង។  កាហ្វេ មានផ្ទុកនូវសារធាតុដែលដើរតួជាភ្នាក់ងាររំញោចប្រព័ន្ធសរសៃប្រសាទកណ្តាលធ្វើឱ្យយើងមានអារម្មណ៍មិនងងុយគេង និងមានថាមពល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយ ការទទួលទានកាហ្វេ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេកអាចផ្ដល់ផលប៉ះពាល់អវិជ្ជមានគួរឲ្យព្រួយបារម្ភជាច្រើនដូចជា ញ័័រខ្លួន, គេងមិនលក់ និងច្រាលអាស៊ីតក្រពះ។ល។ កម្រនឹងមានរណាម្នាក់ដឹងខ្លួនឯងថាកំពុងញៀនកាហ្វេណាស់ រហូតដល់ពេលផ្ដាច់ ឬឈប់ទទួលទានទើបចាប់អារម្មណ៍ ដោយអ្នកដែលព្យាយាមផ្ដាច់កាហ្វេនឹងជួបប្រទះនូវអាការៈពិបាកមួយចំនួន ក្រោយពេលមិនបានទទួលទានប្រហែលពី ១២ ទៅ ២៤ ម៉ោង។ ថាតើមានរោគសញ្ញាអាការៈអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរោគសញ្ញាដែលកើតឡើងពេលផ្ដាច់កាហ្វេ ៖

១. ឈឺក្បាល 

មួយក្នុងចំណោមរោគសញ្ញា ឬអាការៈទូទៅបំផុតនៃការផ្ដាច់កាហ្វេគឺ ឈឺក្បាល។ ​នោះក៏ព្រោះតែនៅពេលអ្នកទទួលទានកាហ្វេ សសៃឈាមទៅកាន់ខួរក្បាលនឹងប្រែជារួមតូចពន្យឺតលំហូរឈាម ហើយនៅពេលអ្នកឈប់ទទួលទាននោះជាតិកាហ្វេអ៊ីនក៏គ្មានឥទ្ធិពលអ្វីលើសសៃឈាមទៀតទេក្រោយមកឈាមក៏ស្ទុះហូរទៅកាន់ខួរក្បាលភ្លាមៗនាំឲ្យកើតមានអាការៈឈឺក្បាល។

២. ពិបាកផ្ដោតអារម្មណ៍

រោគសញ្ញាមួយទៀតដែលអ្នកគួរសម្គាល់មើលនៅពេលកាត់បន្ថយការទទួលទានកាហ្វេនោះ គឺអ្នកនឹងជួបប្រទះនូវបញ្ហាពិបាកផ្ដោតអារម្មណ៍។ ត្រូវចាំទុកក្នុងចិត្តថា កាហ្វេ ដើរតួរំញោចបង្កើនសកម្មភាពនៃខួរក្បាល។ ដូច្នេះនៅពេលមិនបានទទួលទានវា មុខងារនៃសតិអារម្មណ៍ប្រែជាដំណើរការយឺតមិនសូវសកម្មរហ័សដូចមុន។

៣. អស់កម្លាំង

ការទទួលទានកាហ្វេ អាចជួយជម្រុញបង្កើនកម្រិតថាមពលរាងកាយគួរឲ្យកត់សម្គាល់តាមរយៈសារធាតុរំញោចលើកកម្លាំងដែលវាមានផ្ទុក។ ទោះជាយ៉ាងណាក៏ដោយ ម្ដងដែលអ្នកផ្ដាច់វានោះអ្នកប្រាកដជាជួបប្រទះនូវបញ្ហាអស់កម្លាំង ហើយងងុយគេងជាមិនខាន។

៤. ឆាប់ខឹងមួរម៉ៅ

រោគសញ្ញានៃការផ្ដាច់កាហ្វេមួយផ្សេងទៀតនោះ គឺការឆាប់ខឹងមួរម៉ៅ។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនមានសមត្ថភាពគ្រប់គ្រងលើអារម្មណ៍ ប៉ុន្តែឥទ្ធិពលរបស់វាមិនលើសពី ៦ ម៉ោងឡើយ ហើយអារម្មណ៍របស់អ្នកនឹងប្រែជាធម្មតាវិញ។

៥. ញ័រ

រោគសញ្ញានេះប្រហែលជាមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ ប៉ុន្តែក៏មានអ្នកចំនួនជួបប្រទះនូវអាការៈញ័រខ្លួននៅពេលពួកគេផ្ដាច់ ឬមិនបានទទួលទានកាហ្វេ។ ភាគច្រើនការញ័រកើតមាននៅត្រង់ដៃ ហើយវាកើតឡើងជាញឹកញយចំពោះអ្នកដែលទទួលទានកាហ្វេច្រើនក្នុងមួយថ្ងៃ ហើយស្រាប់តែផ្ដាច់ភ្លាមៗ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយម្ដងបន្តិចៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង