​ចំពោះ​អ្នកជំងឺ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម របប​អាហារ​ត្រូវការ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង សូម្បីតែ​ផ្លែឈើ​ខ្លះ​មិន​ត្រូវបាន​គេ​ប្រើប្រាស់​តាម​អំពើ​ចិត្ត​ក៏ដោយ​។

​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ ដែល​មនុស្ស​កាន់តែច្រើន​ឡើងៗ​ទទួលរង​ពី​ជំងឺ​នេះ​។ នៅពេល​មាន​ជំងឺ​ទឹកនោមផ្អែម បន្ថែម​ពីលើ​ការ​លេបថ្នាំ អ្នកជំងឺ​ក៏ត្រូវ​យកចិត្តទុកដាក់​លើ​របប​អាហារ​ផងដែរ​។​

​មនុស្ស​ជាច្រើន​នៅតែ​មានជំនឿថា ផ្លែឈើ​ជា​អាហារ​ផ្តល់​សុខភាព​អាច​ទទួលទាន​តាមចិត្ត​។ ប៉ុន្តែ​វា​មិនមែនជា​ការពិត​នោះទេ​។ មាន​ផ្លែឈើ​មួយចំនួន​ដែលមាន​រស់ជាតិ​ផ្អែម តែ​បែរជា​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​ក៏មាន​ផ្លែឈើ​ដែលមាន​ជាតិ​ជូរ ហើយ​បង្កើន​ជាតិ​ស្ករ​ផងដែរ​។

​ផ្លែឈើ​៥​មុខ​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ទាំង​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​កាត់បន្ថយ​ផលវិបាក​

​ឃី​វី​

​ផ្លែ​ឃី​វី​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ កាល់ស្យូម ផូស្វ័រ ជាតិ​ដែក ការ៉ូ​ទីន និង​វីតាមីន​ជាច្រើន បន្ទាប់ពី​ទទួលទាន​រួច រាងកាយ​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ប្រព័ន្ធ​ការពារ​រាងកាយ​។ ជាពិសេស​នៅក្នុង​ផ្លែ​គី​វី​មាន​បរិមាណ​ក្រូ​មី​ញ៉ូ​ម​ច្រើន សារធាតុ​នេះ​អាច​ជំរុញ​កោសិកា​ឱ្យ​ផលិត​អាំង​ស៊ុយ​លីន ដោយហេតុនេះ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ដែលមាន​ប្រយោជន៍​ច្រើន​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។​

​ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​សារជាតិ pectin ដែល​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​។ Pectin នៅក្នុង​ផ្លែ​ប៉ោម​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ការពារ​ផលវិបាក​នៃ​សរសៃឈាម​បេះដូង​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ល្អ​។ ដូច្នេះ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​គឺជា​វិធី​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដើម្បី​ធានា​ដល់​សុខភាព​របស់​ពួកគេ​។​

ក្រូច​

​ផ្លែក្រូច​សម្បូរ​ទៅដោយ​វីតាមីន C ដែល​អាចជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​បង្កើន​ភាពស៊ាំ និង​បន្ថយ​ជាតិ​ពណ៌​ស្បែក​ដែល​បណ្តាលមកពី​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។ ជាងនេះទៅទៀត ដោយសារតែ​ផ្លែក្រូច​មាន​ជាតិ​ស្ករ​ទាប យើង​អាច​ធានាបាន​ថា​ការ​ទទួលទាន​ផ្លែក្រូច​នឹងមិន​ធ្វើឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​នោះទេ​។​

​ម្នាស់​

​ម្នាស់​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែលមាន​អត្ថប្រយោជន៍​ច្រើន​ក្នុងការ​ការពារ​សុខភាព​ពោះវៀន​។ លើសពីនេះទៅទៀត ពួកវា​សម្បូរ​ទៅដោយ​វីតាមីន B1 ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​ផលវិបាក​ដែល​បណ្តាលមកពី​ជំងឺ​ទឹកនោមផ្អែម​។ លើសពីនេះ បរិមាណ​ជាតិ​ស្ករ​ក្នុង​ផ្លែ​ម្នាស់​មាន​កម្រិត​ទាប ដូច្នេះ​អ្នកជំងឺ​មិនចាំបាច់​ព្រួយបារម្ភ​ថា ការទទួល​ទាន​ម្នាស់​នឹងធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​នោះទេ​។ ទោះជា​យ៉ាងណាក៏ដោយ យើង​មិនគួរ​ញ៉ាំ​ម្នាស់​លើសពី 3/4 ពែង ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​នោះទេ​។​

​ផ្លែ​ស្ត្រ​បឺ​រី​

​ផ្លែ​ស្ត្រ​បឺ​រី​គឺជា​ផ្លែឈើ​ដែលមាន​កាឡូរី​ទាប​បំផុត​។ លើសពីនេះទៅទៀត ផ្លែ​ស្ត្រ​បឺ​រី​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុ​រ៉ែ ដែល​អាចជួយ​ឱ្យ​រាងកាយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ផ្លែ​ស្ត្រ​បឺ​រី​ក៏​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ការពារ​ជំងឺ​ភ្នែក​ដែល​បណ្តាលមកពី​ជំងឺ​ទឹកនោមផ្អែម​។ ដូច្នេះហើយ ផ្លែ​ស្ត្រ​បឺ​រី គឺជា​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង