Join with Health.com.kh on Telegram

ការគេងឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់វ័យដើម្បីរក្សាសុខភាពល្អ។ ចូរស្វែងយល់ថាតើអ្នកត្រូវការការគេងប៉ុន្មាន។

ជារឿយៗមនុស្សកាត់បន្ថយការគេងរបស់ពួកគេសម្រាប់ការងារ តម្រូវការគ្រួសារ ឬសូម្បីតែមើលកម្មវិធីដ៏ល្អនៅលើកញ្ចក់ទូរទស្សន៍។ ប៉ុន្តែប្រសិនបើការគេងមិនបានគ្រប់គ្រាន់ គឺជាផ្នែកធម្មតានៃទម្លាប់របស់អ្នក នោះអ្នកអាចប្រឈមនឹងការកើនឡើងហានិភ័យនៃជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល សុខភាពផ្លូវចិត្តខ្សោយ និងសូម្បីតែឆាប់ស្លាប់។

សូម្បីតែការគេងខ្លីមួយយប់ក៏អាចប៉ះពាល់ដល់អ្នកនៅថ្ងៃបន្ទាប់ដែរ។ អ្នកមិនត្រឹមតែមានអារម្មណ៍ងងុយគេងប៉ុណ្ណោះទេ អ្នកទំនងជាមានអារម្មណ៍មិនល្អ មិនសូវមានផលិតភាពក្នុងការងារ និងជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។

ការគេងឱ្យបានគ្រប់គ្រាន់ គឺជាកត្តាសំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងការរក្សាសុខភាពឱ្យបានល្អ។

តើខ្ញុំត្រូវការគេងប៉ុន្មានទើបគ្រប់គ្រាន់?

រយៈពេលគេងប៉ុន្មានដែលអ្នកត្រូវការ គឺផ្លាស់ប្តូរទៅតាមអាយុ។ បណ្ឌិតសភាវេជ្ជសាស្ត្រនៃការគេងរបស់អាមេរិក និងសមាគមស្រាវជ្រាវការគេងបានផ្តល់អនុសាសន៍ថា ៖

-​ ទារកអាយុពី ៤-១២ ខែ ត្រូវការគេង១២-១៦ ម៉ោងក្នុងមួយថ្ងៃ

-​ ក្មេងទើបចេះដើរតេះតះ ១-២ ឆ្នាំ ១១-១៤ ម៉ោងក្នុងមួយថ្ងៃ

– មត្តេយ្យសិក្សា ៣-៥ ឆ្នាំ ១០-១៣ ម៉ោងក្នុងមួយថ្ងៃ

– អាយុសិក្សា ៦-១២ ឆ្នាំ ៩-១២ ម៉ោងក្នុងមួយថ្ងៃ

– មនុស្សពេញវ័យ ១៨-៦០ ឆ្នាំ ៧ ម៉ោង ឬច្រើនជាងនេះក្នុងមួយយប់។

ទម្លាប់ដែលធ្វើឱ្យការគេងរបស់អ្នកប្រសើរឡើង

– ចូលគេងនៅម៉ោងដដែលជារៀងរាល់យប់ ហើយក្រោកពីគេងក្នុងពេលតែមួយរាល់ព្រឹក រួមទាំងថ្ងៃចុងសប្តាហ៍ផងដែរ។

– ត្រូវប្រាកដថាបន្ទប់គេងរបស់អ្នកស្ងាត់ ងងឹត សម្រាក និងនៅសីតុណ្ហភាពត្រជាក់ល្អ។

– ដកឧបករណ៍អេឡិចត្រូនិកដូចជា ទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ទចេញពីបន្ទប់គេង។ឮ

– កុំប្រើថ្នាំជក់។

– ហាត់ប្រាណរាល់ថ្ងៃឱ្យបាន ៣០ នាទី។

ចុះគុណភាពនៃការគេងវិញ?

ការគេងឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់ ប៉ុន្តែគុណភាពនៃការគេងល្អក៏ចាំបាច់ផងដែរ។

សញ្ញានៃគុណភាពនៃការគេងមិនល្អរួមមាន ៖

– មានអារម្មណ៍ងងុយគេង ឬអស់កម្លាំង សូម្បីតែបន្ទាប់ពីគេងបានគ្រប់គ្រាន់

– ភ្ញាក់ពីគេងម្តងហើយម្តងទៀតនៅពេលយប់

– មានរោគសញ្ញានៃការគេងមិនលក់ (ដូចជាស្រមុក ឬហឺតខ្យល់)។

ទម្លាប់នៃការគេងកាន់តែល្អអាចធ្វើឱ្យគុណភាពនៃដំណេករបស់អ្នកប្រសើរឡើង។ ប្រសិនបើអ្នកមានរោគសញ្ញានៃបញ្ហានៃការគេង ដូចជាស្រមុក ឬងងុយគេងខ្លាំងនៅពេលថ្ងៃបន្ទាប់ពីគេងមួយយប់ អ្នកត្រូវប្រាកដថា អ្នកបានប្រាប់គ្រូពេទ្យរបស់អ្នក៕