ជំងឺស្ត្រេស គឺជារឿងមួយដែលមនុស្សភាគច្រើនតែងតែជួបប្រទះ ហើយព្យាយាមចៀសវាងវា។ មានមនុស្សជាច្រើនបានរងទុក្ខជាមួយបញ្ហានេះ ហើយដែលវាបង្កអោយមានជំងឺផ្សេងៗជាច្រើនដូចជា ជំងឺមុនលើស្បែក បញ្ហាតានតឹងផ្លូវចិត្ត ជំងឺបេះដូង សំពាធឈាមឡើងខ្ពស់ និងអការ:ឈឺក្បាល ជាដើម។ វាបានកើតឡើងដែលក្លាយជាទំលាប់បន្តិចម្តងៗដោយមិនដឹងខ្លួនដែលប៉ះពាល់សុខភាព ទាំងផ្លូវចិត្តនិងផ្លូវកាយ។ ទាំងនេះជាទំលាប់ទាំង ៦ដែលអ្នកគួរតែចៀសវាង។

១. ក្តីបារម្ភ
ទោះបីជា មនុស្សគ្រប់គ្នាបានដឹងហើយថាក្តីបារម្ភវាមិនបានផ្តល់អ្វីអោយអ្នកនោះទេ តែផ្ទុយទៅវិញគ្រាន់តែធ្វើអោយអ្នកមានភាពតានតឹងតែប៉ុណ្ណោះ។ អ្នកគួរតែគិតវិញថា ការវិភាគ និងគិតផ្តេសផ្តាសច្រើននោះ វាមិនបានជួយអ្វីដល់អ្នកទេ។ អ្នកគួរតែរៀនទទួលពីការពិត និងព្យាយាមកុំធ្វើអោយស្ថានភាពនោះកាន់តែអាក្រក់ថែមទៀតអី។
២. ព្យាយាមតំរូវចិត្តអ្នកដទៃ
ការផ្គាប់ចិត្តមនុស្សគ្រប់គ្នា គឺវាជារឿងមួយលំបាកណាស់ ហើយពេលខ្លះអ្នកនឹងមិនបានទទួលអ្វីមកវិញទេ មានតែការស្តីបន្ទោស ដែលធ្វើអោយខ្លួនឯងខូចចិត្តតែប៉ុណ្ណោះ។ ព្យាយាមធ្វើអ្វីតំរូវចិត្តខ្លួនឯង វាប្រសើរជាងតំរូវចិត្តអ្នកដទៃ។
៣. គេងមិនបានគ្រប់គ្រាន់
ការមិនងងុយគេង រឺក៍ការគេងមិនបានគ្រប់គ្រាន់ ជាមូលហេតុបង្កអោយមានស្ត្រេស ។មនុស្សពេញវ័យត្រូវការគេងអោយបាន៧ម៉ោង បើមិនដូច្នោះទេ អាចនាំអោយមាន ការស្មុកស្មាញ អារម្មណ៍ឆេវឆាវ ឆាប់ភិតភ័យ មិនជ្រះស្រឡះ ល្ហិតល្ហ័យ និងឆាប់ខឹង។ ទោះបីជាអ្នកមិនងងុយគេងក៏ដោយ ក៏អ្នកគួរតែព្យាយាមដាក់ខ្លួននៅលើគ្រែ បិទភ្នែក នោះអ្នកនឹងគេងលក់នៅពេកណាមួយដ៏ឆាប់។
៤. ប្រៀបធៀបភាពជោគជ័យជាមួយអ្នកដ៏ទៃ
មានមនុស្សជាច្រើនស្ថិតនៅវ័យសិក្សាថ្នាក់វិទ្យាល័យនៅឡើយ ហើយពួកចាប់ផ្តើមមើលឃើញពីស្ថានភាពខ្លួនឯង នៅពេលដែលពួកគេចាប់ផ្តើមដើរចូលជាមួយមិត្តភក្តិផ្សេងៗទៀត។ ដោយមានការីកចំរើនខាងផ្នែកបច្ចេកវិទ្យាជាសកល មនុស្សចាប់ផ្តើមមានការប្រកួតប្រជែងគ្នាខាងផ្នែកសំភារ:និយម ទាំងនេះធ្វើអោយមានការចាប់ផ្តើមខិតខំធ្វើការដើម្បើអោយធ្វើអោយស្មើគេ ហើយនៅពេលនោះហើយបញ្ហានេះបានចូលមកដល់ក្នុងជីវិត។
៥. ទំលាប់គ្រប់គ្រងអ្នកដទៃ
ទំលាប់ចង់គ្រប់គ្រងជីវិតអ្នកដទៃ គឺជារឺគល់មួយដ៏សំខាន់ដែលនាំអោយមាន ស្ត្រេស។ មនុស្សដែលមានតំណែងខ្ពស់នៅកន្លែងការងារ រឺក៏ជាមេគ្រួសារមួយដែលមានទំលាប់ចង់អោយអ្នកនៅក្រោមខ្លួនធ្វើអ្វីដែលខ្លួនចង់។ រឿងនេះវាអាចនាំអោយដ៏ទៃមានភាពជួរចត់ និងភាពតាងតឹងដ៏ធ្ងន់ធ្ងរ។
៦. ទំលាប់ពន្យាពេល
ការពន្យាធ្វើរឿងមួយសំរាប់ថ្ងៃបន្ទាប់ អាចជួយអោយអ្នកសំរាកបានថ្ងៃនោះ ប៉ុន្តែនៅពេលដែលការងារមិនទាន់បានបំពេញនោះវាបន្តទុកច្រើនទៅៗ វាធ្វើអោយអ្នកកើតមានស្ត្រេស នៅពេលដែលអ្នកចាប់ផ្តើមធ្វើវាក្នុងពេលតែមួយ និងបន្ទាន់។ ជៀសវៀងធ្វើវានៅនាទីចុងក្រោយ ឬថ្ងៃចុងក្រោយ ត្រូវធ្វើវាភ្លាមៗ ដូចពាក្យមួយនិយាយថា” ទង្វើរបស់អ្នកនៅថ្ងៃនេះ វាជាលទ្ធផលនៅថ្ងៃស្អែក”៕