ជំងឺគ្រុនពោះវៀនបង្កឡើងដោយបាក់តេរីម្យ៉ាងមានឈ្មោះថា Salmonella Typhi ហើយវាកម្រនឹងកើតមានក្នុងប្រទេសអភិវឌ្ឈន៍ណាស់ ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែបន្សល់ទុកនូវជំងឺដ៏មានការគំរាមគំហែង និងធ្ងន់ធ្ងរក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការទទួលទានទឹក និងអាហារដែលមានមេរោគ ឬមានការស្និទ្ធស្នាលជាមួយអ្នកដែលជំងឺស្រាប់ ។ ខាងក្រោមនេះជាផលវិបាកមួយចំនួនដែលអ្នកអាចនឹងកើតមានក្រោយពីមានជំងឺគ្រុនពោះវៀន និងមិនបានព្យាបាល។

ហូរឈាម ឬធ្លាយពោះវៀន
ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតរបស់ជំងឺគ្រុនពោះវៀនគឺការហូរឈាម ឬធ្លាយពោះវៀន ដែលវាច្រើនកើតក្នុងអំឡុងពេល សប្តាហ៍ទីបី ។ អាការៈបែបនេះប្រហែលជា ៥ភាគរយនៃអ្នកជំងឺគ្រុនពោះវៀនមានផលវិបាកដូច្នេះ ។
ការហូរឈាមក្នុងពោះវៀនច្រើនសម្គាល់ឃើញតាមរយៈសម្ពាធឈាមចុះខ្សោយ និងស្យុក ក្រោយពីមានវត្តមានឈាមក្នុងលាមករួច ។
ការធ្លាយពោះវៀនកើតឡើងនៅពេលដែលពោះវៀនតូច ឬធំទៅជាមានប្រហោង ហើយធ្វើអោយអាហារនៅក្នុងពោះវៀននោះលេចចូលទៅក្នុងស្រោមពោះ និងបង្កជារោគសញ្ញា ឈឺពោះ ក្អួតចង្អោ ធ្ងន់ធ្ងរ និងមេរោគនៅក្នុងចរន្តឈាម (Sepsis) ។ ភាពគ្រោះថ្នាក់ដល់ជីវិតដូច្នេះត្រូវការការព្យាបាលអោយបានលឿនបំផុត ។
ផលវិបាកដែលមិនសូវមានផ្សេងៗទៀត
– រលាកសាច់ដុំបេះដូង (Myocarditis)
– រលាកសួត
– រលាកលំពែង (Pancreatitis)
– មានជំងឺលើតម្រងនោម ឬផ្លោកនោម
– រលាកសាច់ដុំ និងឆ្អឹង (Osteomyelitis)
– រលាកភ្នាស់ និងទឹកនៅជុំវិញខួរក្បាល និងខួរឆ្អឹកខ្នង (Meningitis)
– មានបញ្ហាផ្លូវចិត្តដូចជាររើរវាយ មើលឃើញអ្វីដែលគេមើលមិនឃើញ និងឆ្គួត
ការព្យាបាលបានលឿន ធ្វើអោយប្រជាជនដែលរស់នៅក្នុងប្រទេសអភិវឌ្ឈន៍មានការធូស្បើយច្រើនពីជំងឺគ្រុនពោះវៀននេះ ។ បើគ្មានការព្យាបាលទេ មនុស្សមួយចំនួនប្រហែលជាមិនអាចរស់បានតទៅទៀតទេ ដោយសារតែផលវិបាករបស់ជំងឺ ៕