អ្វីដែលអ្នកទាំងអស់គ្នាមិនបានដឹងនោះគឺថា សុខភាពបេះដូងល្អ ក៏អាចផ្តល់អោយអ្នក នូវសុខភាពផ្លូវចិត្តល្អបានដូចគ្នាផងដែរ ហើយកាលដែលយើង ទទួលបាននូវសុខភាពផ្លូវចិត្តល្អហើយ នោះក៏មានន័យថា អ្វីទាំងអស់នៅក្នុងជីវិតរបស់យើង ក៏នឹងមានសភាពល្អប្រសើរទៅតាមនោះផងដែរ។
ការទទួលបាននូវ បេះដូងមួយ ដែលមានសុខភាពល្អ គឺមិនមែនគ្រាន់តែ អ្នកត្រូវធ្វើការហាត់ប្រាណ តែម្យ៉ាងនោះទេ វាត្រូវការនូវ កត្តារួមផ្សំជាច្រើនទៀត ដូចជាការ ហាត់ប្រាណអោយបានទៀងទាត់, បរិភោគអាហារអោយបានត្រឹមត្រូវ ដោយទទួលបាននូវ សារធាតុចិញ្ចឹមក្នុងកម្រិតល្អ និង សម្រាកអោយបានគ្រប់គ្រាន់ផងដែរ ។
សម្រាប់មនុស្សទាំងឡាយណា ដែលគិតថាពួកគេ អាចធ្វើការបរិភោគ, ផឹក ឬ គេងតិចតួច ឬ ច្រើនតាម អ្វីដែលគេអាចធ្វើបាន និង គ្រាន់តែព្យាយាមធ្វើការហាត់ប្រាណអោយបានច្រើន នោះពួកគេប្រាកដជា មានសុខភាពល្អហើយ តែតាមការពិតនេះ គឺជាការយល់ខុសនោះទេ។
ខាងក្រោមនេះគឺជាគន្លឹះ ដែលអាចជួយអោយអ្នក អោយទទួលបាននូវបេះដូងមួយ ដែលមានសុខភាពល្អ៖
១. ធ្វើការហាត់ប្រាណអោយបានជាប្រចាំ
ភាគច្រើនអ្វី ដែលមនុស្សទូទៅមិនបានធ្វើនោះគឺ ការហាត់ប្រាណអោយបានគ្រប់គ្រាន់ ដើម្បីអោយប្រាកដថា អ្នកមានសុខភាពល្អ ហើយនេះគឺជាផ្នែកមួយដ៏សំខាន់ ដែលអាចជួយអោយអ្នក មានបេះដូង ដែលមានសុខភាពល្អមួយបាន។ ការដើរ ឬ រត់ត្រេះៗអោយបាន ៣០នាទី ៥ដងក្នុងមួយ សប្តាហ៍ ត្រូវបានគេជឿថា វារឿងដ៏ល្អបំផុតហើយ តែតាមពិតនោះគឺវា មិនទាន់គ្រប់គ្រាន់នោះទេ។ ជាការពិត មនុស្សយើងម្នាក់ៗ ត្រូវធ្វើការដើរ ឬ រត់ត្រេះៗ អោយបានយ៉ាងហោចណាស់ ១ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីធ្វើ អោយបេះដូងរបស់យើង ច្របាច់ឈាមបានសព្វ និង មានដំណើរការបានល្អជាងមុន។
២. ទទួលទានអាហារដែលផ្តល់ផលល្អចំពោះសុខភាព
មនុស្សជាច្រើនយល់ថា អោយតែពួកគេបានធ្វើការហាត់ប្រាណជាប្រចាំហើយ នោះគេប្រាកដជាអាច ញាំអ្វីៗ បានតាមដែលចិត្តចង់។ ការទទួលទានអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព អាចធ្វើអោយ យើងប្រាកដក្នុងចិត្តបានថា បេះដូងរបស់យើង ទទួលបាននូវកម្រិត សារធាតុចិញ្ចឹម និង វីតាមីនបានគ្រប់គ្រាន់។ អ្វីដែលអ្នក ត្រូវកំណត់បរិមាណ ក្នុងការទទួលទានអោយបានត្រឹមត្រូវ នោះគឺដូចជា ពពួកអាហារបំពងសម្បូរជាតិខ្លាញ់ និង មានជាតិប្រូម៉ាសច្រើន ពីព្រោះពួកវាអាចធ្វើអោយសសៃអាទែ អ្នកកកស្ទះជាតិខ្លាញ់ និងកំណត់នូវ បរិមាណឈាមដែលត្រូវហូរចូលទៅក្នុងបេះដូង។
៣. ត្រូវមានការប្រុងប្រយ័ត្នចំពោះភេសជ្ជៈដែលអ្នកផឹក
នេះជាចំណុចមួយ ដែលអ្នកគួរធ្វើការពិចារណា អោយបានឌិតដល់ ព្រោះមនុស្សភាគច្រើន តែងធ្វើការផឹកស្រាបៀរ, ទឹកសូដា និង កាហ្វេក្នុងបរិមាណមួយដ៏ច្រើន។ ភេសជ្ជៈដែលល្អបំផុត សម្រាប់អ្នក ក្នុងការផឹកនោះគឺទឹកធម្មតា នោះក៏ដោយសារតែរាងកាយរបស់មនុស្សយើង គឺផ្តុំឡើងទៅដោយ សារធាតុរាវជាច្រើន ហើយដែលវាតែងត្រូវការ នូវការបង្គ្រប់ និងផ្តល់ថាមពលបន្ថែមទៀត នៅពេលដែលយើងធ្វើការហត់។ យ៉ាងហោចណាស់ អ្នកគួរធ្វើការផឹកទឹក អោយបាន៨កែវយ៉ាងតិច ក្នុងមួយថ្ងៃ។
គន្លឹះទាំង៣ខាងលើ នេះនឹងមិនជាបញ្ហាពិបាក ក្នុងការអនុវត្តតាមនោះទេ អ្វីដែលសំខាន់គឺអ្នក ត្រូវរក្សាធ្វើវាអោយបានខ្ជាប់ខ្ជួន នោះអ្នកនឹងទទួលបាននូវបេះដូងមួយដែលមានសុខភាពល្អ ជាក់ជាមិនខានឡើយ ៕