​ជាដំបូង គឺ​ថា​អ្នក​មិនត្រូវ​មាន​ការភ្ញាក់ផ្អើល​ពេក​នោះទេ ពីព្រោះ​ថា​សញ្ញា និង រោគសញ្ញា​ទាំងនេះ​ភាគច្រើន គឺ​តែងតែ​កើតមាន ចំពោះ​ការឈឺចាប់ និង ជំងឺ​ជា​ទូទៅ ដែល​អ្នកជំងឺ​មិន​កើត​មាន​ជំងឺមហារីក ក៏​អាច​នឹង​ជួបប្រទះ​បាន​ផងដែរ​។

ប៉ុន្តែ​វា​ពិតជា ប្រការ​ដ៏​ចាំបាច់ ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ បញ្ហា​មួយចំនួន ដែល​រាងកាយ​អ្នក​កំពុង​ប្រាប់​អ្នក​នេះ ហើយ​ប្រសិនបើ​អ្នក កំពុងតែ​ជួបប្រទះ​នូវ សញ្ញា​ណាមួយ ឬ ច្រើន​ជាង​នេះ ជាប្រចាំ នោះ​អ្នក​គួរតែ​ទៅអោយ​គ្រូពេទ្យ​ជំនាញ​ធ្វើការ​ពិនិត្យ​អោយ បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ។ ការ​ឆាប់​បានដឹង​ពី​វា គឺ​ពិតជា​មាន​សារៈសំខាន់ និង អាច​ជួយ​រក្សា​ជីវិត​របស់​អ្នក​បាន ។​

១. មាន​ការឈឺចាប់​
​ជា​ការពិត ការឈឺចាប់ អាច​បណ្តាលមកពី​មូលហេតុ​ជា​ច្រើន​យ៉ាង ជាធម្មតា មនុស្ស​យើង​ម្នាក់ៗ តែង​មាន​ការឈឺ​ក្បាល និង ចុក​ចង្កេះ ស្ទើរតែ​រាល់​ពេល ដោយ​វា​មិនមែន​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ពេក​នោះទេ​។ ប៉ុន្តែ ការ​បន្ត​នូវ​អា​ការៈឈឺ​ក្បាល​មិន​បាត់ អាច​ជា​សញ្ញា​ដំបូង​មួយ នៃ​ជំងឺមហារីក​ខួរក្បាល និង ហើយ ការឈឺ​ចុក​រោយ​ចង្កេះ ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ទ្វារ​លាមក ឬ មហារីក​អូវែ​បាន​ផង​ដែរ​។ ប្រសិនបើ​អ្នក នៅតែ​បន្ត​មាន​ការឈឺចាប់​ទាំងនេះ មិន​ព្រម​បាត់​ទាល់តែសោះ នោះ​អ្នក​គួរតែ​ទៅ​ធ្វើការ ពិនិត្យ​អោយបាន​ច្បាស់លាស់​។​

២.​គ្រុ​នក្តៅ​
​ការ​បន្ត​មាន​គ្រុ​នក្តៅ អាច​ជា​សញ្ញា​ដំបូង នៃ​ជំងឺមហារីក​គ្រាប់​ឈាម ។ ប្រសិនបើ​អ្នក មាន​គ្រុនក្តៅ​មិន​បាត់ នោះ​អ្នក​គួរតែ​ទៅអោយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ បើទោះជា​មិនមែនជា​ជំងឺមហារីក ក៏​វា​អាច​ជា​បញ្ហា ជំងឺ​អ្វី​ផ្សេងទៀត ដែល​នេះ​ជា​សញ្ញា​ប្រកាសអាសន្ន​នៃ​រាងកាយ​អ្នក ក្នុង​ការប្រយុទ្ធ​ឆាំង​នឹង​ការបង្ក​រោគ នៅក្នុង​ខ្លួន​។​

៣. អស់កម្លាំង​
​ការ​អស់កម្លាំង​ជាប់​រហូត បើ​ទោះ​ជា​អ្នក​បាន​ព្យាយាម ធ្វើការ​សម្រាក​ហើយ​ក៏​ដោយ នេះ​ក៏​អាចជា រោគសញ្ញា​នៃ​ជំងឺមហារីក​បាន​ផងដែរ​។ អា​ការៈនេះ អាច​ធ្វើ​អោយ​យល់ច្រលំ ពីព្រោះថា មាន​មនុស្ស​ជាច្រើន អាច​នឹង​មាន​អារម្មណ៍​ថា​អស់កម្លាំង ដោយសារតែ​មូលហេតុ​ផ្សេងៗ​គ្នា​ជា​ច្រើន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ចាប់ផ្តើម​មាន​អារម្មណ៍​ថា អស់កម្លាំង​ភ្លាមៗ រាល់​ពេល​នោះ អ្នក​គួរតែ​ទៅ​ធ្វើ​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​អោយ​ប្រាកដថា វា​មិនមែន​បង្ក​មកពី​បញ្ហា​សុខភាព​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។​

៤. ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​
​អ្នក​ប្រាកដជា​គិតថា ការ​ស្រក​ទម្ងន់​គឺជា​រឿង​ល្អ តើ​មែន​ទេ​? ប៉ុន្តែ វា​មិន​ប្រាកដ​តែងតែ​អញ្ចឹង​នោះទេ ។ ប្រសិនបើ​អ្នក​ស្រក​ទម្ងន់ ដោយសារតែ​អ្នកធ្វើការ​តម​អាហារ ឬ ដោយសារ​ការ​ហាត់ប្រាណ នោះ​វា​ជា​ការល្អ​។ ប៉ុន្តែ ប្រសិនបើ​អ្នកសុខៗ​ស្រាប់តែ​ស្រក​ទម្ងន់ ដោយ​អ្នក​មិនបាន​ធ្វើ​ការផ្លាស់ប្តូរ​នូវ​ទម្លាប់​ប្រចាំថ្ងៃ អ្វី​នោះ នេះ​គឺជា​ការ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ហើយ​វា​អាច​នឹង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺមហារីក​ជាច្រើន​ប្រភេទ រួមមាន​ដូចជា​ជំងឺមហារីក​លំពែង និង ជំងឺ​មហារីកក្រពះ​ជាដើម​។​

៥. ក្អក​ខ្លាំង​
​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ថា​ខ្លួន​អ្នក​ក្អក​ខ្លាំង និង បន្ត​ក្អក​មិន​ព្រម​បាត់​សោះ នោះ​វា​អាច​ជា​សញ្ញា នៃ​ជំងឺមហារីក​សួត ឬ មហារីក​បំពង់​សំលេង​។ វា​អាច​នឹង​ដោយសារ​តែ​អ្នក មានប្រតិកម្ម​នឹង អា​លែ​ហ្សី​ជាមួយនឹង​អាកាសធាតុ ទៅតាម​រដូវ​កាល ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​គូរ​តែ​ធ្វើ​ការពិភាក្សា​ជាមួយ ក្រុម​គ្រូពេទ្យ​អោយបាន​ត្រឹមត្រូវ ។​

៦. ការរំលាយ​អាហារ​មិនល្អ ឬ មាន​បញ្ហា​នឹង​ការ​ទទួលទាន​
​ប្រសិនបើ​អ្នក​មាន​បញ្ហា​នឹង​ការ​ទទួលទាន , ពិបាក​លេប​អាហារ ឬ ការរំលាយ​អាហារ នៅក្នុង​ក្រពះ​មិនល្អ នោះ​អ្នក​អាច​នឹង​មាន ជំងឺមហារីក​បំពង់​អាហារ ឬ ជំងឺ​មហារីកក្រពះ​។ ប៉ុន្តែ​អ្នក​ក៏​គួរ​មាន ការព្រួយបារម្ភ​ខ្លាំងពេក​នោះដែរ ព្រោះ​ថា​មនុស្ស​ភាគច្រើន​ដែល​មាន​បញ្ហា​ពិបាក នឹង​ការរំលាយ​អាហារ​នេះ មិនមែន​តែងតែមាន​ជំងឺមហារីក​នេះ នោះទេ​។​

៧. ឡើង​កូនកណ្តុរ​នៅ​លើ​រាងកាយ​
​ប្រសិនបើ​អ្នក​រក​ឃើញ​កូន​កណ្តុរ នៅ​ផ្នែក​ណាមួយ​នៃ​រាងកាយ នោះ​វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក ។ អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការឡើង​កូនកណ្តុរ​នៅលើ​ដើមទ្រូង និង ពងស្វាស​។ តែ​ទោះជា​យ៉ាងណា អ្នក​មិន​គួរ​មាន​ការបារម្ភ​ពេក​នោះទេ ប្រសិនបើ​អ្នក រកឃើញ​កូនកណ្តុរ​នៅត្រង់​ដៃ​, ជើង ឬ ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ ព្រោះ​ថា​វា​អាច​គ្រាន់តែ​ជា ដុំ​ទឹក​ធម្មតា​នៅក្នុង​រាងកាយ ដែល​មិន​បង្ក​បញ្ហា​គ្រោះថ្នាក់​អ្វី​នោះទេ​។​

៨. មានការ​ហូរ​ឈាម​ខុសពី​ធម្មតា
​ប្រសិនបើ​អ្នក មានការ​ប្រឈម​នឹង​បញ្ហា​ធ្លាក់ឈាម ខុស​ពី​ធម្មតា វា​អាច​ជា​សញ្ញា​មួយ​ផង​ដែរ នៃ​ជំងឺមហារីក​។ ការ​ក្អក​ធ្លាក់ឈាម អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​សួត​, ឈាម​ក្នុង​លាមក អាច​ជា​ជំងឺ​មហារីក​ពោះវៀន ឬ ជំងឺមហារីក​ទ្វារ​លាមក​,​ឈាម​ក្នុង​ទឹកនោម អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ប្លោកនោម​, ឈាម​ធ្លាក់​តាម​ទ្វារមាស អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​មាត់ស្បូន ហើយ​ឈាម​ស្រក់​តាម​ក្បាល​សុដន់ ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​សុដន់​ផងដែរ​។​

៩. បំរែបំរួល​ចំពោះ​មុខងារ​របស់​តម្រង​នោម​
​ប្រសិនបើ​អ្នក​មាន​ការឈឺចាប់ នៅពេល​បត់ជើងតូច​, មាន​ឈាម​នៅក្នុង​ទឹកនោម ឬ មាន​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​ត្រូវការ​ចូល​បន្ទប់ទឹក​ញឹកញាប់ ឬ មិនសូវ​ទាល់តែសោះ ទាំងនេះ​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ប្លោកនោម ឬ ក្រពេញប្រូ​ស្តាត​។ អ្នក​ត្រូវ​តែ​ធ្វើការ​ពិភាក្សា​នូវ​អា​ការៈប្រែប្រួល​ទាំងនេះ ជាមួយនឹង​គ្រូពេទ្យ​អោយបាន​ច្បាស់លាស់​។​

១០. មាន​ការប្រែប្រួល​ចំពោះ​ដំណើរការ​របស់​ពោះវៀន​
​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ មាន​ការប្រែប្រួល​ចំពោះ​មុខងារ​របស់​ពោះវៀន ដូចជា មានការ​រាគ ឬ ទល់លាមក​ជាប់​ជាប្រចាំ វា​អាច​ជា​សញ្ញា​ដែល​អាច​ប្រាប់​អោយ​អ្នក​ដឹងថា អ្នក​កំពុង​មាន​ជំងឺមហារីក​ពោះវៀនធំ​។ ការធ្វើ​ការឆ្លុះ​ពោះវៀន អោយបាន​ឆាប់ អាច​អោយ​អ្នកដឹង​ពី​បញ្ហា​នេះ ហើយ​វា​អាច​ជួយសង្គ្រោះ​អាយុជីវិត​របស់​អ្នក​បាន​។​

១១. មាន​របួស​ដែល​មិន​ព្រម​ជា​
​ប្រសិនបើ​អ្នក​មាន​ការឈឺចាប់ ឬ មាន​ស្នាមរបួស ដែល​ហាក់​នឹង​មិន​ងាយ​ជាសះស្បើយ នោះ​អ្នក​គួរតែ ទៅ​អោយ​គ្រូពេទ្យ ធ្វើការ​ពិនិត្យ​វា​អោយបាន​ត្រឹមត្រូវ អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ការឈឺចាប់​នៅក្នុង​មាត់ អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​មាត់ ហើយ​ការឈឺចាប់​នៅលើ​ស្បែក អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បែក​បាន​ផងដែរ​។​

១២. មាន​ការប្រែប្រួល​នៅលើ​ស្បែក​
​ប្រសិនបើ​អ្នក​សំគាល់​ឃើញ​មាន​នូវ​ការប្រែប្រួល នៅលើ​ស្បែក ឬ នៅលើ​ស្នាម​ប្រជ្រុយ នោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បែក ប្រភេទ​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ហៅថា melanoma ។

១៣. ស្នាម​សៗ​នៅ​ក្នុង​មាត់​
​ចំពោះ​អ្នក​ដែល​ជក់បារី និង ប្រើ​ថ្នាំជក់ គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សញ្ញា​មួយ​នេះ ។ ការឈឺចាប់​នៅក្នុង​មាត់ ឬ នៅលើ​អណ្តាត ដែល​មិន​ព្រម​បាត់​សោះ អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ក្រអូមមាត់​។ អ្នក​គួរ​ឆាប់​ទៅអោយ​គ្រូពេទ្យ ធ្វើការ​ពិនិត្យ​អោយបាន​ឆាប់រហ័ស ។​

១៤. បំរែបំរួល​ខុសពី​ប្រក្រតី​ផ្សេងៗ​ទៀត​
​ប្រសិនបើ​អ្នក​សំគាល់​ឃើញ​មាន នូវ​ការប្រែប្រួល​ចំពោះ​មុខងារ​ណាមួយ​នៅក្នុង​រាងកាយ ឬ អារម្មណ៍ នោះ​អ្នក​គួរតែ​ទៅអោយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ ជាពិសេស ប្រសិនបើ​ការប្រែប្រួល​នេះ នៅតែ​បន្ត​មាន ឬ កាន់តែ​អាក្រក់​ជាង​មុន​។ វា​មិនមែន​តែង​ជា​សញ្ញា​នៃ​ជំងឺមហារីក​ទាំងអស់នោះ​ទេ  ប៉ុន្តែ​រាល់​ការប្រែប្រួល​សំខាន់​ណា​មួយ​នេះ គួរតែ​ត្រូវបាន​ធ្វើ​ការពិនិត្យ និង តាមដាន​រក​ពី​មូលហេតុ​អោយបាន​ច្បាស់លាស់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង