ទោះបីជាអ្នកក្លាយជាម្តាយរបស់គេជាលើកដំបូង ឬលើកទីប៉ុន្មានក៏ដោយ, ថ្ងៃ និងសប្តាហ៍នៃការជិតសម្រាលអាចជារឿងមួយរំភើបខ្លាំង។
ស្ត្រីជាច្រើនមានការផ្លាស់ប្តូរអារម្មណ៍ក្រោយសម្រាលកូនរួច, មានការប្រែប្រួលអារម្មណ៍ទៅជាមិនសប្បាយចិត្ត, កំសត់ក្នុងរយៈពេលយូរ ដែលនេះត្រូវបានគេស្គាល់ថាជាជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន។

ការមានអារម្មណ៍មិនសប្បាយចិត្ត និងធ្លាក់ទឹកចិត្តគឺជារឿងមួយកើតមានជាញឹកញាប់ក្រោយពីសម្រាលកូនជាងមនុស្សជាច្រើនដែលអាចដឹងនោះ។ វាជារឿងសំខាន់ចំពោះអ្នកម្តាយថ្មីៗ និងអ្នកដែលស្រលាញ់ពួកគេ ដើម្បីអោយយល់ពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាល និងអោយដឹងដល់សមាជិកគ្រួសារ និងគ្រូពេទ្យដើម្បីជួយគាត់។
ជាមួយនឹងការគាំទ្រផ្ទាល់ និងការព្យាបាល, ម្តាយដែលធ្លាប់មានបញ្ហានៃការធ្លាក់ទឹកចិត្តក្រោយការសម្រាលអាចបន្តរស់នៅដោយមានសុខភាពល្អ, ជាម្តាយដែលសប្បាយចិត្តមួយរូប។
ស្ត្រីលើសពី៨០%មានអារម្មណ៍មិនសប្បាយចិត្ត និងធ្លាក់ទឹកចិត្តនៅថ្ងៃទីមួយក្រោយសម្រាលកូន។ ជាមួយនឹងអារម្មណ៍មិនសប្បាយចិត្តនេះ, ស្ត្រីអាចមានអារម្មណ៍ថាសប្បាយចិត្តមួយភ្លេត និងស្រក់ទឹកភ្នែកទៅវិញនៅពេលបន្ទាប់។ គាត់អាចមានអារម្មណ៍កំសត់, ឆាប់ខឹង, មិនសប្បាយចិត្ត, អស់កម្លាំងជាដើម។ ការមានអារម្មណ៍មិនសប្បាយចិត្តចំពោះស្ត្រីក្រោយសម្រាលកូនរួចជាធម្មតាមានរយៈពេលតែពីរ ឬបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែវាអាចយូររហូតដល់ទៅមួយ ឬពីរសប្តាហ៍ឯណោះ។
ហេតុអ្វីបានជាអារម្មណ៍បែបនេះកើតមានឡើង?
ការប្រែប្រួលអារម្មណ៍ទាំងនេះត្រូវបានគេជឿថាមកពីឥទ្ធិពលនៃការប្រែប្រួលអរម៉ូនដែលកើតមានឡើងលើស្ត្រីមានផ្ទៃពោះ និងការសម្រាលកូន។ កម្រិតនៃអរម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូនដែលបានកើនឡើងអំឡុងពេលមានផ្ទៃពោះបានធ្លាក់ចុះភ្លាមៗក្រោយការសម្រាល ហើយនេះអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍។ នៅពេលដែលកម្រិតអរម៉ូនទាំងនេះត្រឡប់មកធម្មតាវិញ, ការប្រែប្រួលអារម្មណ៍ទាំងនោះជាធម្មតាត្រូវបានដោះស្រាយដោយមិនចាំបាច់ធ្វើអន្តរាគមន៍ពីគ្រូពេទ្យនោះទេ។
អ្វីដែលត្រូវធ្វើ?
ការសម្រាក, ការញ៉ាំអាហារដែលមានជីជាតិ និងការគាំទ្រគឺជារឿងសំខាន់ ស្របពេលដែលការគេងមិនគ្រប់គ្រាន់ ឬការអស់កម្លាំងអាចជម្រុញអោយរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
ដើម្បីដោះស្រាយអំពីបញ្ហានេះ, ម្តាយថ្មីនេះគួរតែព្យាយាមទទួលយកជំនួយនៅក្នុងថ្ងៃដំបូង និងសប្តាហ៍ដំបូងក្រោយសម្រាល។ ទុកអោយគ្រួសារ និងមិត្តភិក្តជួយជាមួយនឹងការដើរផ្សារ, រៀបចំផ្ទះ និងមើលថែទាំកូន។ ទុកអោយនរណាម្នាក់ចម្អិនអាហារអោយ និងមើលកូនខណៈពេលដែលអ្នកសម្រាកដោយការងូតទឹក ឬគេងជាដើម។
សូមគេងអោយបានគ្រប់គ្រាន់ និងញ៉ាំអាហារដែលមានជីជាតិ។ សូមនិយាយទៅកាន់នរណាម្នាក់ដែលជិតស្និទ្ធនឹងអ្នក ឬនិយាយទៅកាន់នរណាដែលទើបក្លាយជាម្តាយរបស់គេថ្មីៗដែរ។ ការធ្វើរបៀបនេះអាចជួយអ្នកទទួលបានអារម្មណ៍នូវការគាំទ្រ និងរំលឹកអ្នកថាអ្នកមិនមែននៅតែម្នាក់ឯងនោះទេ។
នៅពេលណាដែលគួរតែទៅជួបនឹងគ្រូពេទ្យ
ប្រសិនបើការមិនសប្បាយចិត្តនេះមានរយៈពេលយូរជាង២សប្តាហ៍, ការនិយាយទៅកាន់គ្រូពេទ្យដើម្បីពិភាក្សាថាតើជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលនេះអាចជាមូលហេតុនៃការថយចុះអារម្មណ៍ឬយ៉ាងណា៕