បន្លែឃឹនឆាយ ត្រូវបានប្រជាជនខ្មែរយើងចំណាំយកមកធ្វើម្ហូបទទួលទាន ប៉ុន្តែគេមិនសូវដឹងថា ទឹករបស់វាមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណាឡើយ។ តើអ្នកមានដឹងថា ទឹកឃឹនឆាយស្រស់ផ្ទុកទៅដោយសារធាតុជួយឲ្យរបួសឆាប់ជា ដែលល្អចំពោះសុខភាពជាពិសេសដែរទេ?

ទឹកឃឹនឆាយស្រស់ផ្ទុកទៅដោយជីវជាតិជាច្រើន ជាពិសេសជាតិរ៉ែ និងវីតាមីនសំខាន់ៗ ថាមពល និងអង់ទីអុកស៊ីដង់ដែលជួយជម្រុញដល់មុខងារធម្មជាតិក្នុងរាងកាយធ្វើការកាន់តែល្អ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពនៃការញ៉ាំទឹកឃឹនឆាយ៖

ច្រោះជាតិពុល និងលាងសម្អាត

សមត្ថភាពបង្គ្រប់ជាតិទឹក និងមានជាតិអាលកាឡាំងខ្ពស់របស់ទឹកឃឹនឆាយ ព្រមទាំងជីវជាតិដ៏ច្រើនទៀតនោះ បានធ្វើឲ្យភេសជ្ជមួយនេះក្លាយទៅជាឱសថលាងសម្អាតតម្រងនោមដ៏អស្ចារ្យ។ វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលគ្រួសក្នុងតម្រងនោមដែរ ដោយសារតែវាមានប្រសិទ្ធភាពជម្រុញដល់ការនោមកាន់តែច្រើន។ 

ថែរក្សាស្បែក

ឃឹនឆាយសម្បូរទៅដោយ Niacin, វីតាមីន A, B, C, K និង Folate ដែលសំខាន់សម្រាប់ការជួសជុលស្បែកដែលខូចខាត និងថែរក្សាស្បែកឲ្យមានសុខភាពល្អ។ វីតាមីនទាំងនេះនឹងជួយក្នុងការផ្គត់ផ្គង់ជីវជាតិ និងផលិតកូឡាជែនសម្រាប់ស្បែក។ ដូច្នេះ អ្នកអាចនឹងទទួលបានស្បែកដែលនៅក្មេង រលោង និងគ្មានស្នាមជ្រីវជ្រួញឡើយ។ 

បញ្ចុះកូឡេស្តេរ៉ុល

ទឹកឃឹនឆាយគឺជាឱសថធម្មជាតិដ៏អស្ចារ្យមួយក្នុងការបញ្ចុះកូឡេស្តេរ៉ុលក្នុងរាងកាយ។ វាមានសារធាតុគីមីមួយឈ្មោះថា 3-n-butylphthalide ដែលមានឥទ្ធិពលវិជ្ជមានលើការបន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុចរន្តឈាម។ ជាមួយគ្នានេះដែរ វាក៏បង្កើនការបញ្ចេញ Steroid Acids ឬទឹកប្រមាត់ដែលមានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុលផងដែរ។ 

ពង្រឹងដល់សុខភាពឆ្អឹង

តើអ្នកធ្លាប់សម្គាល់ដឹងទេថា ឃឹនឆាយមានរាងដូចឆ្អឹងទេ? ឃឹនឆាយមានជាតិសូដ្យូម ២៣ភាគរយ ខណៈពេលដែលឆ្អឹងក៏មានជាតិសូដ្យូម ២៣ភាគរយដែរ។ ឃឹនឆ្ងាយសម្បូរទៅដោយសារធាតុ Silicon និងកាលស្យូម ដែលអាចជួយពង្រឹង និងជួយឆ្អឹងដែលខូចខាតលូតលាស់វិញបាន។ ឃឹនឆាយផ្ទុកទៅដោយវីតាមីន K ដែលដើរតួនាទីដ៏សំខាន់ក្នុងការការពារប្រឆាំងនឹងជំងឺពុកឆ្អឹង និងការរំលាយឆ្អឹង៕