តែបៃតងផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើន ដែលវានឹងជួយបង្ការការខូចខាតដោយសារតែរ៉ាឌីកាលសេរី ហើយក៏ជួយការពារកោសិកាស្បែកបានដែរ។ ដូច្នេះហើយ តែបៃតងអាចជួយថែរក្សាស្បែកដែលមានសុខភាពល្អ ខណៈពេលដែលជួយបង្ការភាពចាស់ជាងវិញផងដែរ។ ជាមួយគ្នានេះដែរ អង់ទីអុកស៊ីដង់ក្នុងតែបៃតងនឹងជួយលុបស្នាកស្នាម និងសម្លាកដោយសារតែជំងឺមុនបានទៀត។ 

អ្វីដែលសំខាន់បំផុតនោះគឺថា តែបៃតងផ្ទុកទោដោយសារធាតុ Catechins ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរី ហើយទប់ស្កាត់បាក់តេរីដែលបង្កជាជំងឺមុនបានទៀត។ ដោយសារតែសមត្ថភាពប្រឆាំងនឹងការរលាក តែបៃតងគឺអាចបន្ថយភាពឡើងក្រហម និងរលាកដែលបង្កឡើងដោយជំងឺមុនដែរ។ 

អ្នកអាចញ៉ាំតែបៃតងយ៉ាងហោចណាស់ ៤ ទៅ ៥ពែងជារៀងរាល់ថ្ងៃ។ ចូរជ្រើសរើសយកតែណាដែលគ្មានជាតិកាហ្វេអ៊ីន។ វាមិនខុសគ្នានឹងបន្លែ និងផ្លែឈើទេ គឺតែបៃតងផ្ទុកទៅដោយសារធាតុ Polyphenols ជាច្រើន។ វាក៏មានសារធាតុ Catechins និង Epigallocatechin-3-gallate ឬ EGCG ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយ និងខ្លាំងជាងអង់ទីអុកស៊ីដង់របស់វីតាមីន C និង E រហូតដល់ ២៥ ទៅ ៥០ដងឯណោះ។ 

EGCG នេះនឹងជួយក្នុងការបង្ការកុំឲ្យអ័រម៉ូនតេស្តូស្តេរ៉ូនបំលែងទៅជា DHT ដែលវាមានប្រយោជន៍ដ៏ខ្លាំងសម្រាប់អ្នកដែលមានជំងឺមុនដោយសារតែអ័រម៉ូន។ ចូរប្រើប្រាស់ស្លឹកតែបៃតងស្រស់ និងទឹករបស់វាសម្រាប់ញ៉ាំ។ ជាមួយគ្នានេះដែរ អ្នកក៏អាចប្រើថ្នាំបំប៉នជាប្រភេទតែបៃតង ៧៥០មីលីក្រាមក្នុងមួយថ្ងៃដែរ៕