អ្នកអាចបំភ្លេចចោលបាន នូវថ្នាំគ្រាប់វីតាមីន A ។ជាមួយនឹង បន្លែដែលមានពណ៌ទឹកក្រូចស្រួយ ខ្ញោក មួយនេះ គឺអ្នកអាចទទួលបាននូវ វីតាមីន A និង អត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងៗទៀត ចំពោះសុខភាព រួមមានដូច ជា៖ សម្រស់ស្បែកស្រស់ថ្លា, ការពារជំងឺមហារីក និង ប្រឆាំងភាពចាស់ជរា។ អ្នកអាចបន្តអាន ដើម្បីបានទទួល នូវគុណសម្បត្តិដ៏ច្រើន ដែលបានមកពី ប្រភេទបន្លែដ៏អស្ចារ្យមួយនេះ ។
សារប្រយោជន៍នៃបន្លែការ៉ុត រួមមានដូចជា៖

១. ធ្វើអោយការមើលឃើញ របស់អ្នកមានភាពប្រសើរឡើង
ការយល់ឃើញរបស់វប្បធម៌លោកខាងលិច ដែលជឿថា ការ៉ុតគឺល្អសម្រាប់ភ្នែក នោះគឺជាការពិតមួយ ដែលត្រឹមត្រូវ។ បន្លែការ៉ុតគឺ សំបូរទៅដោយសារជាតិ បេតាការ៉ូតែន ( beta- carotene) ដែលវាត្រូវបាន បំលែងទៅជា វីតាមីន A នៅក្នុងថ្លើម។ វីតាមីន Aនេះ ត្រូវបានបញ្ជូនទៅក្នុង រ៉េទីនភ្នែក(retina) និង ទៅកាន់ ពណ៌នៃបាតភ្នែក ( rhodopsin) ដែលវាជាសារធាតុពណ៌ស្វាយចាំបាច់ ដល់ការមើលឃើញនៅក្នុងពេលយប់។
សារជាតិ បេតាការ៉ូតែន ( beta- carotene)នេះ ក៏ត្រូវបានគេបង្ហាញថា វាអាចជួយការពារប្រឆាំងនឹងឱនភាព នៃការមើលឃើញ និង ជំងឺឡើងបាយដែលតែងកើតមានចំពោះមនុស្សចាស់។ ការសិក្សាបានរកឃើញថា អ្នកទាំង ឡាយណា ដែលបានទទួលទានជាតិការ៉ូតែននេះបានច្រើនបំផុត គឺអាចកាត់បន្ថយបាននូវការប្រឈមនឹង ការមើលមិនសូវឃើញ បានដល់ ៤០ភាគរយ ច្រើនជាង អ្នកដែលបានទទួលទានវាបានក្នុងកម្រិតតិចតួច។
២. ការពារជំងឺមហារីក
ការសិក្សាបានបង្ហាញថា ការ៉ុតអាចជួយកាត់បន្ថយនូវគ្រោះថ្នាក់ ប្រឈមនឹងជំងឺមហារីកសួត, មហារីកសុដន់ និង ជំងឺមហារីកពោះវៀន។ ក្រុមអ្នកសិក្សាស្រាវជ្រាវ ទើបនឹងបានរកឃើញពីសារជាតិ falcarinol និង falcarindiol ដែលមាននៅក្នុងការ៉ុត ដែលសារជាតិទាំងពីរនេះគឺ មានមុខងារប្រឆាំងនឹងជំងឺមហារីក។
សារជាតិ falcarinol គឺជាថ្នាំធម្មជាតិ សំលាប់សត្វល្អិត ដែលត្រូវបានបង្កើតដោយបន្លែការ៉ុត ដែលបានការពារ ឬសរបស់វាពី ពពួកជំងឺផ្សិត។ ការ៉ុតគឺជាប្រភពតែមួយគត់ នៃសារធាតុផ្សំប្រភេទនេះ។ ការសិក្សាបានបង្ហាញថា កណ្តុរដែលបានស៊ីការ៉ុត គឺអាចកាត់បន្ថយនូវកត្តាប្រឈមនឹងជំងឺមហារីក បាន១ភាគ៣។
៣. ប្រឆាំងនឹងភាពចាស់ជរា
កម្រិតដ៏ខ្ពស់នៃសារជាតិ បេតាការ៉ូតែន ( beta- carotene) បានដើរតួជាសារធាតុប្រឆាំងប្រតិកម្មអុកស៊ីត ចំពោះការបំផ្លាញដល់កោសិកា នៅក្នុងរាងកាយ តាមរយៈការរំលាយអាហារជាទៀតទាត់។ វាជួយបន្ថយល្បឿន នៃភាពចាស់ជរា របស់កោសិកា។
៤. ធ្វើអោយស្បែកមានភាពភ្លឺចែងចាំង ពីខាងក្នុង
វីតាមីន A និង សារធាតុប្រឆាំងប្រតិកម្មអុកស៊ីត បានការពារស្បែកពី ការបំផ្លាញរបស់ពន្លឺព្រះអាទិត្យ។ កង្វះ សារជាតិ វីតាមីន A នឹងបណ្តាលមានភាពស្ងួតដល់ស្បែក, សក់ និង ក្រចក។ វីតាមីន A ការពារភាពជ្រីវជ្រួញមុន អាយុកាល, មុន, ស្បែកស្ងួត, ស្នាមជាំខ្មៅនៅលើស្បែក, កន្ទួលរម៉ាស់ និង ស្បែកដែលមិនស្រស់ថ្លា។
៥. វាជាថ្នាំសំលាប់មេរោគដ៏មានប្រសិទ្ធភាព
អ្នកជំនាញផ្នែកឱសថបុរាណ បានជឿថា ការ៉ុតគឺអាចការពារដល់ការចំលងរោគ។ ពួកវាអាចត្រូវបានគេ ប្រើ នៅលើមុខរបួស ដោយការជិតការ៉ុតស្រស់ ជាចំណិតស្តើងៗ ឬ ចំអិនវា និង ធ្វើអោយវាខាប់ៗ ។
៦. ធ្វើអោយស្បែកផ្នែកខាងក្រៅ មានភាពស្រស់ស្អាត
ការ៉ុត ត្រូវបានគេប្រើជាម៉ាសបិតមុខមួយ ដែលមានតម្លៃថោក និង ងាយស្រួលក្នុងការអនុវត្ត។ គឺអ្នកគ្រាន់តែ លាយការ៉ុតដែលបានកិនរួចជាមួយនឹងទឹកឃ្មុំ រួចលាបវានៅលើផ្ទៃមុខ នោះជាការស្រេច។
៧. ការពារជំងឺបេះដូង
ការសិក្សាបានបង្ហាញថា អាហារដែលមានកម្រិត carotenoids ខ្ពស់គឺមានទំនាក់ទំនងជាមួយនឹង ការប្រឈម នឹងជំងឺបេះដូងបាន ក្នុងកម្រិតទាប។ បន្លែការ៉ុតមិនត្រឹមតែមានសារជាតិ beta-caroteneនោះទេ វាថែមទាំងមាន alpha- carotene និង lutein ទៀតផង។ ការប្រើប្រាស់បន្លែការ៉ុតជាទៀតទាត់ ក៏អាចជួយកាត់បន្ថយនូវ កម្រិត កូឡេស្តេរ៉ូលបានផងដែរ ដោយសារតែសារជាតិសសៃដែលអាចរលាយបាន ដែលមាននៅក្នុងការ៉ុត បានធ្វើការ ភ្ជាប់ជាមួយនឹង អាស៊ីតនៃទឹកប្រម៉ាត់ ។
៨. ធ្វើការសំអាតរាងកាយ
វីតាមីន A បានជួយដល់ ថ្លើមក្នុងការ បញ្ចេញចោលនូវសារជាតិពុលចេញ ពីក្នុងខ្លួនអ្នក។ វាបានកាត់បន្ថយ នូវទឹកប្រម៉ាត់ និង ខ្លាញ់នៅក្នុងថ្លើម។ ជាតិសសៃដែលមាននៅក្នុងការ៉ុត បានជួយដល់ការសំអាត ពោះវៀន និង ជម្រុញដល់ចលនា នៃការបញ្ចេញចោលនូវកាកសំណល់។
៩. ធ្វើអោយធ្មេញ និង អញ្ចាញមានសុខភាពល្អ
វាមាននៅក្នុងភាពផុយស្រួយ របស់វា។ ការ៉ុតបានធ្វើការសំអាត ធ្មេញ និង មាត់របស់អ្នក។ ពួកវាបាន ដុសចេញនូវ ជាតិកំបោរ និង បំណែកអាហារតូចល្អិត បានដូចជាថ្នាំដុសធ្មេញ និង ច្រាសដុសធ្មេញផងដែរ។ ការ៉ុត បានដាស់អញ្ចាញ និង ជម្រុញអោយមានទឹកមាត់ ដែលជាតិអាល់កាឡាំង ជួយរក្សាលំនឹងនៃការកកើតជាតិ អាស៊ីត និង បាក់តេរីនៅក្នុងមាត់។ សារជាតិរ៉ែ ដែលមាននៅក្នុងការ៉ុត នឹងជួយការពារដល់ការខូចខាត របស់ធ្មេញ។
១០. ការពារជំងឺដាច់សសៃឈាម ក្នុងខួរក្បាល
ក្រៅពីអត្ថប្រយោជន៍ដូចដែលបានរៀបរាប់ មកពីខាងលើនេះ វាគ្មានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដែលថា សកលវិទ្យាល័យ ហាវដ ( Harvard University) បានរកឃើញថា អ្នកដែលបានទទួលទានការ៉ុត ៦ដើម ក្នុងមួយសប្តាហ៍ គឺហាក់នឹងមិនងាយរងគ្រោះពីជំងឺ ដាច់សសៃឈាមក្នុងខួរក្បាល ជាជាងអ្នកដែលទទួលទានវា បានតែមួយដើម ក្នុងមួយខែ ឬ តិចជាងនេះ ។