​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​គឺជា​ភាព​មិន​ធម្មតា​មួយ​ដែល​មាន​វត្តមាន​ជាតិ​ទឹក​ច្រើន​នៅក្នុង​ស្រោម​បេះដូង ។ វា​ច្រើន​មាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ប្រភេទ ។ ភាគច្រើន​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​ករណី​មាន​វត្តមាន​ទឹក​ដែល​ដក់​នោះ​មាន​ចំនួន​ច្រើន​គឺ​អាច​បណ្តាល​អោយ​មាន​បញ្ហា​ដល់​បេះដូង​ដោយសារ​រាំងស្ទះ​ដល់​មុខងារ របស់​វា ។​

​ស្រោម​បេះដូង​ប្រៀប​ដូចជា​ថង់​មួយ​សម្រាប់​ស្រោប​ជុំវិញ​បេះដូង​អញ្ចឹង​ដែរ ។ នៅពេល​បេះដូង​លោត វា​អាច​រុញ​កកិត​នឹង​ស្រោម​នោះ​បាន​យ៉ាង​ងាយស្រួល ។ ជាធម្មតា ទឹក​នៅ​ក្នុង​ស្រោម​បេះដូង​មានតែ ២ ទៅ ៣​ស្លាបព្រា​កាហ្វេ និង​ពណ៌​លឿង​ថ្លា សម្រាប់​បម្រើ​ជា​ការ​រំអិល​ដល់​ការធ្វើ​ចលនា​របស់​បេះដូង​នៅក្នុង​ស្រោម ។​

​អ្វី​ដែល​ពិសេស​នោះ​គឺ ជម្ងឺ​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​កើតឡើង​លុះត្រាតែ​មាន​វត្តមាន​ទឹក​នៅក្នុង​ស្រោម​បេះដូង​ច្រើន ។ ចំពោះ​ការដក់​ទឹក​នៅ​ក្នុង​ស្រោម​បេះដូង​តិចតួច ទឹក​នោះ​មាន​ប្រហែលជា ១០០​មី​លី​លីត្រ ហើយ​ការដក់​ទឹក​ក្នុង​ស្រោម​បេះដូង​ខ្លាំង​វិញ មាន​រហូត​ដល់​ច្រើនជាង ២​លីត្រ ។​

​មូលហេតុ​

​ភាគច្រើន​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​គឺ​បណ្តាលមកពី​ការ​រលាក​នៅលើ​ស្រោម​បេះដូង (Pericarditis) ។ នៅពេល​ដែល​ស្រោម​បេះដូង​រលាក វា​នឹង​មាន​ការបង្កើត​ទឹក​បន្ថែម​នៅក្នុង​ស្រោម​នោះ និង​ធ្វើអោយ​ដក់​ទឹក​ច្រើន ។​

​ចំពោះ​ជំងឺឆ្លង​ដោយសារ​វី​រ៉ុស​វិញក៏​ជា​មូលហេតុ​មួយដ៏​សំខាន់​ធ្វើអោយ​រលាក​ស្រោម​បេះដូង និង​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​ដែរ ។ មេរោគ​ដែល​ធ្វើអោយ​មាន​ទឹក​ដក់​នៅ​ស្រោម​បេះដូង​រួមមាន Cytomegalovirus, Coxsackieviruses, Echoviruses, និង​ជំងឺអេដស៍ ។​

​កត្តា​ផ្សេងៗ​ទៀត​ដែល​អាច​បង្ក​អោយ​មាន​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​ដែរ​មានដូចជា​៖

•    ជំងឺមហារីក​

•    គ្រោះថ្នាក់​ទៅ​លើ​ស្រោម​បេះដូង ឬ​បេះដូង​ដោយសារ​ការប្រើ​ឧបករណ៍​ពិនិត្យ​លើ​បេះដូង​

•    រលួយ​សាច់ដុំ​បេះដូង (Myocardial Infarction)

•    មាន​ជាតិ​អុយ​រ៉េ​ច្រើន​ក្នុងឈាម (​ខ្សោយតម្រងនោម​ធ្ងន់ធ្ងរ​)

•    ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​មិន​ប្រក្រតី (Lupus, Rheumatoid Arthritis)

•    ជំងឺឆ្លង​ដោយសារ​បាក់តេរី​ដូចជា​ជំងឺរបេង​

​មាន​មនុស្ស​មួយចំនួនធំ​ដែល​មាន​បញ្ហា​ទឹក​ដក់​នៅ​ស្រោម​បេះដូង​មិនទាន់​អាច​រកឃើញ​មូលហេតុ​នៅឡើយ​ទេ ហើយ​ការ​មិន​ទាន់​រកឃើញ​ដូច្នេះ​គេ​ហៅថា Idiopathic Pericardial Effusions ។​

​រោគសញ្ញា​

​នៅពេល​ដែល​ទឹក​ដ​ក់នៅ​ស្រោម​បេះដូង​បង្កឡើង​ដោយ​ការ​រលាក​ស្រោម​បេះដូង រោគសញ្ញា​សំខាន់​គឺ​ឈឺ​ដើមទ្រូង ។ ការ​ឈឺទ្រូង​ប្រហែល​ជា​កាន់តែ​ធ្ងន់​ទៅៗ​នៅពេល​ដកដង្ហើម​ជ្រៅ និង​អោន​ទៅមុខ ។ នៅពេល​ការ​រលាក​ស្រោម​បេះដូង​ធ្វើអោយ​មាន​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង អាច​នឹង​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា​៖

•    ក្តៅខ្លួន​

•    អស់កម្លាំង​

•    ឈឺ​សាច់ដុំ​

•    ពិបាក​ដកដង្ហើម​

•    ក្អួតចង្អោរ និង​រាគ (​ប្រសិនបើ​មាន​វត្តមាន​ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុស​)

​អ្នកជំងឺ​ដែល​មាន​បញ្ហា​ទឹក​ដក​ក្នុង​ស្រោម​បេះដូង​និង​មិន​បង្ក​ឡើង​ដោយ​ការ​រលាក​ស្រោម​បេះដូង គឺ​ច្រើន​តែ​មិន​មាន​រោគសញ្ញា​អ្វី​ទេ ។​

​ចំពោះ​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​ដែលមាន​ចំនួន​ច្រើន និង​ថ្លា​ប្រហែលជា​មាន​រោគសញ្ញា​ដូចជា​៖

•    ពិបាក​ដកដង្ហើម​

•    ញ័រ​ដើមទ្រូង​

•    ធី​ង​ធោង​

•    ត្រជាក់ សើម​ស្បែក​

​ទឹក​ដក់​ក្នុង​ស្រោម​សួត​ដែល​បង្ក​អោយមាន​បញ្ហា​ដូច​ខាងលើ​នេះ​គឺជា​សញ្ញា​ដែល​ត្រូវ​សង្គ្រោះ​ជា​បន្ទាន់ ព្រោះ​វា​អាច​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។​

​រោគ​វិនិច្ឆ័យ​

​ដោយសារ​តែ​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​ច្រើន​តែ​មិន​បង្ក​ជា​រោគសញ្ញា គេ​អាច​រកឃើញ​វា​ក្រោយពី​ធ្វើតេស្ត​រក​ភាពមិនធម្មតា​ហើយ ។ តេស្ត​ជាច្រើន​អាច​នឹង​ធ្វើ​ដើម្បី​រក​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​មានដូចជា​៖

​ការ​ពិនិត្យ​ទៅលើ​រាងកាយ​៖ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ស្តាប់​រកមើល​សម្លេង​បេះដូង​ដែល​មិនធម្មតា​ម្តងម្កាល​ដែរ​ដើម្បី​រក​មើល​សញ្ញា​រលាក​ស្រោម​បេះដូង ។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យ​មិន​អាច​រកឃើញ​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​តាមរយៈ​ការពិនិត្យ​ប្រភេទ​តែមួយ​មុខ​នោះ​ទេ ។​

Electrocardiogram (ECG)៖ អេឡិចត្រូត​ត្រូវបាន​ដាក់​នៅ​លើ​ទ្រូង​ដើម្បី​បង្កើតបាន​ជា​ចង្វាក់​អគ្គិសនី​របស់​បេះដូង ។ រូបភាព​នៃ​លទ្ធផល​របស់ ECG គឺ​អាច​បញ្ជាក់បាន​ថា​អ្នកជំងឺ​មាន​បញ្ហា​ទឹក​ដក​ក្នុង​ស្រោម​បេះដូង ឬ​រលាក​ស្រោម​បេះដូង ។​

​ថត​កាំរស្មីអ៊ិច​៖ ស្រមោល​សៗ​របស់​បេះដូង​នៅលើ​ហ្វីល​កាំរស្មីអ៊ិច​ប្រហែលជា​រីក​ធំ ដែល​ជា​សញ្ញា​បញ្ជាក់ថា​មានទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង ។​

​ប្រសិនបើ​មាន​ការសង្ស័យថា​មានទឹក​ដក់​ក្នុង​ស្រោម​បេះដូង មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​គឺ​ការថត​អេកូ​បេះដូង ។ វត្ត​មាន​ទឹក​ដ៏​ច្រើន​នៅក្នុង​ស្រោម​បេះដូង​ជាធម្មតា​តែងតែ​មើល​ឃើញ​យ៉ាង​ងាយ​តាមរយៈ​អេកូ​បេះដូង​នេះ និង​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​អំពី​រោគ​វិនិច្ឆ័យ ។​

​នៅពេល​ដែល​ទឹក​ដ​ក់នៅ​ស្រោម​បេះដូង​ត្រូវបាន​រកឃើញ គ្រូពេទ្យ​ត្រូវតែ​ធ្វើការ​វាយតម្លៃ​ទៅលើ​ទំហំ និង​ភាព​ធ្ងន់ធ្ងរ​របស់​វា ។ ករណី​ភាគច្រើន ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​គឺ​មាន​ចំនួន​តិចតួច និង​មិន​បង្ក​អោយមាន​បញ្ហា​ធ្ងន់ធ្ងរ​អ្វី​ឡើយ ។ ផ្ទុយទៅវិញ ការដក់​ទឹក​ដ៏​ច្រើន​នៅក្នុង​ស្រោម​បេះដូង​អាច​សង្កត់​ទៅលើ​បេះដូង និង​ធ្វើអោយ​បេះដូង​មិនអាច​ច្របាច់​ឈាម​បាន ។ បញ្ហា​នេះ​ហៅថា Cardiac Tamponade ហើយ​បញ្ហា​នេះ​ធ្វើអោយ​គំរាម​គំហែង​ដល់​ជីវិត ។​

​ដើម្បី​រក​មើល​មូលហេតុ​នៃ​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​បូម​យក​ទឹក​ក្នុង​ស្រោម​បេះដូង​នោះ ។ ដំណើរការ​មួយ​នេះ​ហៅថា Pericardiocentesis គឺ​គ្រូពេទ្យ​ត្រូវ​ចាក់​ម្ជុល​តាម​ដើមទ្រូង និង​ទំ​លុះ​ទៅដល់​ថ្នក់​នៃ​ស្រោម​បេះដូង​ដើម្បី​បូមទឹក​ក្នុង​នោះ​ចេញ ។​

​ការព្យាបាល​

​ការព្យាបាល​នៃ​ជំងឺ​ទឹក​ដក​ក្នុង​ស្រោម​បេះដូង​គឺ​យោង​ទៅតាម​ភាព​ធ្ងន់ធ្ងរ និង​មូលហេតុ​របស់​វា ។ ចំពោះ​ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​តិចតួច​ដែល​មិន​បង្ក​ជា​រោគសញ្ញា ដោយសារ​តែ​តម្រងនោម​ខ្សោយ មិន​ចាំបាច់​ទាមទារ​នូវ​ការព្យាបាល​ណា​ពិសេស​នោះទេ ។​

​សម្រាប់​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​បង្កឡើង​ដោយ​ការ​រលាក​ស្រោម​បេះដូង ការព្យាបាល​ទៅលើ​ការ​រលាក​នេះ​ក៏ដូចជា​ការព្យាបាល​លើទឹក​ដក់​ក្នុង​ស្រោម​បេះដូង​ដែរ ។ ការព្យាបាល​មាន​៖

•    ថ្នាំ Nonsteroidal Anti-inflammatory Drugs (NSAIDs) ដូចជា Motrin, Aleve និង Indocin

•    ថ្នាំ Corticosteroid ដូចជា Prednisone និង Solu-Medrol

•    ថ្នាំ Colchicine

​ប្រសិនបើ​មាន​ជំងឺឆ្លង ឬ​មាន​អ្វីមួយ​ទល់​បេះដូង​ធ្ងន់ធ្ង រ​ទឹក​ក្នុង​ស្រោម​បេះដូង​នោះ​ត្រូវតែ​បូម​ចេញ​ជា​បន្ទាន់ ។ ការ​បូមទឹក​ក្នុង​ស្រោម​បេះដូង​អាច​ធ្វើ​តាម​របៀប​ពីរ​យ៉ាង​៖

•    Pericardiocentesis៖ គ្រូពេទ្យ​ដាក់បញ្ចូល​ម្ជុល​ទៅតាម​ដើមទ្រូង​ចូលទៅ​ថ្នក់ទឹក​ក្នុង​ស្រោម​បេះដូង ។ មាន Catheter មួយ​នៅ​ក្នុង​នោះ​សម្រាប់​បូមទឹក​នោះ​ចេញមកក្រៅ ។​

•    Pericardiectomy (Pericardial Window)៖ គ្រូពេទ្យ​អាច​នឹង​វះ​នៅក្នុង​ដើមទ្រូង​អោយ ដល់ ស្រោម​បេះដូង​តែម្តង ។ ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​បង្ហូរទឹក​ដែល​ដក់​ច្រើន​នៅក្នុង​ស្រោម​បេះដូង​ចេញ និង​ការពារ​ការកើត​វិញ​ម្តង​ទៀត ។ ការធ្វើ Pericardiectomy តម្រូវ​អោយ​ធ្វើការ​សន្តំ​អ្នកជំងឺ​ដោយ​ការ​សន្លប់ និង​ប្រឈម​នឹង​បញ្ហា​ច្រើនជាង Pericardiocentesis ។​

​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​យូរ​រហូតដល់ ៣​ខែ ឬ​ច្រើន​ជាង​នេះ​ហៅថា​ការដក់​ទឹក​ក្នុង​ស្រោម​បេះដូង​រ៉ាំរ៉ៃ ។ ជាធម្មតា​វាប​មិន​អាច​បង្ហាញ​ពី​មូលហេតុ​របស់​វា​បានទេ ។ ទឹក​ដក់​ក្នុង​ស្រោម​បេះដូង​រ៉ាំរ៉ៃ​ច្រើនតែ​ធ្វើ​ការតាមដាន​ដោយ​មិន​បាន​ព្យាបាល​អ្វី​នោះ​ទេ ។ ប្រសិនបើ​វា​ចាប់ផ្តើម​បង្ក​រោគសញ្ញា ឬ​ប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង ការបូមទឹក​ចេញ​គឺជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ ។​

​មនុស្ស​ជាច្រើន​ដែល​មាន​បញ្ហា​ទឹក​ដក់​នៅក្នុង​ស្រោម​បេះដូង​ច្រើន​បង្កឡើង​ដោយ​បញ្ហា​សុខភាព​ដូចជា មាន​ជំងឺ​អេដស៍ Lupus ឬ​ជំងឺ​របេង ។ ករណី​ទាំងនេះ ការព្យាបាល​ទៅលើ​មូលហេតុ​នឹង​អាច​ជួយ​ដល់​ការព្យាបាល​ទៅលើ​ទឹក​ដក់​ក្នុង​ស្រោម​បេះ​ដូង​បាន ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង