អ្នកអាចនឹងរំពឹងនូវ ថ្ងៃដ៏អស្ចារ្យដែលទារកអ្នកនឹងកើតចេញមក។ វាជាការធម្មតានោះទេ សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលស្ថិតក្នុងត្រីមាសចុងក្រោយ តែងមានការព្រួយបារម្ភ និង រំពឹងទុកនូវព្រឹត្តិការណ៍ដ៏មានន័យនេះ ។
ដើម្បីបំបាត់នូវសម្ពាធរបស់អ្នក បានបន្តិចនោះ អ្នកអាចស្វែងយល់សញ្ញាទាំង ១០ខាងក្រោម ដែលបញ្ជាក់ថា អ្នកស្ថិតក្នុងដំណាក់ កាលនៃការឈឺពោះសម្រាល ហើយវានឹងអាចអោយអ្នកត្រៀមខ្លួនបានជាស្រេច ក្នុងការប្រឈមនឹង ព្រឹត្តិការណ៍នេះ៖
១. ទារកក្នុងផ្ទៃចាប់ធ្វើចលនាចុះក្រោម
អ្នកអាចនឹងមានអារម្មណ៍ថា ទារកអ្នកប្រឹងរើចុះក្រោមជាងពេលធម្មតា។ គឺថា វា កំពុងត្រៀមខ្លួន ជាស្រេច ក្នុងការចេញមក ពិភពខាងក្រៅ។
២. អ្នកអាចដកដង្ហើមងាយស្រួលជាងមុន
ដោយសារតែទារកអ្នក បានធ្លាក់ចុះក្រោម វាបានសម្រាលដល់សម្ពាធ មួយចំនួន ដែលមាននៅលើ ឆ្អឹងសន្ទះទ្រូងរបស់អ្នក។ ដូចនេះ វាបានធ្វើអោយអ្នក ដកដង្ហើមងាយស្រួលជាងពេលធម្មតា។ អ្នកនឹង សម្គាល់ឃើញថា ខ្លួនអ្នកហាក់នឹងមិនសូវដកដង្ហើមខ្លីៗ ដូចពេលមុននោះទេ។
៣. អ្នកមានអារម្មណ៍ថាប្លោកនោមរបស់អ្នកហាក់នឹងចង់ផ្ទុះចេញ
ឆ្អឹងសន្ទះទ្រូងរបស់អ្នក ហាក់នឹងមានភាពធូរស្រាលជាងមុន ប៉ុន្តែប្លោកនោមរបស់អ្នក ហាក់នឹង ស្ថិតក្នុងដំណាក់កាល ដែលស្ទើរនឹងផ្ទុះបែក ដោយសារតែ ដងខ្លួនរបស់ទារក បានសង្កត់ទៅលើប្លោកនោម របស់អ្នកជាខ្លាំង។ ដូច្នេះ អ្នកនឹង សម្គាល់ឃើញថា ខ្លួនអ្នកត្រូវរត់ទៅបន្ទប់ទឹក កាន់តែញឹកញាប់ ជាងមុន។
៤. អ្នកនឹងសម្គាល់ឃើញមាននូវការធ្លាក់ឈាម
វាគឺជាភា្នសឆ្នុក ការពារទារកអ្នក ហើយវានឹងធ្លាក់ចេញមក ក្នុងសភាពលាយឈាម ដែលចាស់ៗ តែងហៅថា ការធ្លាក់ឈាមត្រា។ ជាធម្មតា វាគឺជាភ្នាសស្តើងដែល គ្របដណ្តប់មាត់ស្បូន អ្នក ដើម្បីធ្វើ ការ ការពារបាក់តេរីអាក្រក់ មិនអោយឆ្លងចូលទៅក្នុង ទ្វារមាសរបស់អ្នក។ ការធ្លាក់ឈាមត្រានេះ គឺជា សញ្ញា មួយដែលបញ្ជាក់ថា ការឈឺពោះសម្រាលនឹងខិតជិតចូលមកដល់។ ឈាមត្រានេះ គឺមានសភាព ទន់ និង សណ្ឋានអន្លាយៗ មើលទៅដូចជា ស្លេស។ វាអាចមានពណ៌ផ្កាឈូក ឬ មាន លាយជាមួយ ចំណុចក្រហមៗ ។ ហើយវាក៏អាច មានសភាពថ្លាផងដែរ។
៥. អ្នកមានការបែកទឹកភ្លោះ
នេះគឺជាសញ្ញា ដែលតែងតែត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្ត ដែលវាគឺជាពេល ដែលស្ត្រីមាន ផ្ទៃពោះ ចាប់មានការហូរទឹក ចេញពីទ្វារមាសរបស់នាង។ នៅពេលដែលមានសភាពនេះកើត ឡើង អ្នកត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ អោយបានជាបន្ទាន់ ។
៦. អ្នកនឹងយល់ឃើញថាខ្លួនអ្នកហាក់មានកម្លាំងខ្លាំងក្លា
ប្រសិនបើពេលភ្លាមៗនោះ ដែលអ្នកចាប់ផ្តើមធ្វើការសម្អាតរបស់របរ ក្នុងផ្ទះ ហើយបែរជាសម្គាល់ ឃើញថា ខ្លួនអ្នកមានថាមពលជាងមុន ជាជាង ការដែលមានអារម្មណ៍ថា ងងុយគេង នោះវាអាចជា សញ្ញាមួយ នៃការឈឺពោះសម្រាលជិតចូលមកដល់ ។វាជាសភាវគតិ នៃការសម្រាលមួយ។
៧. មាត់ស្បូនរបស់អ្នកចាប់ផ្តើមស្តើង
សភាពនៃការឡើងស្តើង របស់មាត់ស្បូន អាចនឹងត្រូវបាន វាស់ និង កំណត់បានដោយ ការពិនិត្យ របស់ឆ្មប និង វេជ្ជបណ្ឌិត ។ វាត្រូវបានគេហៅថា ការបើករបស់មាត់ស្បូន។
៨. មាត់ស្បូនរបស់អ្នក ចាប់ផ្តើមពង្រីកទំហំ
វាមានន័យថា មាត់ស្បូនរបស់អ្នក ចាប់ផ្តើមបើកចំហឡើង ដើម្បីរង់ចាំការចាប់កំណើតរបស់ ទារកអ្នក។
៩. អ្នកនឹងជួបនូវបញ្ហានៃការចុករោយចង្កេះ
នេះគឺជាសញ្ញា ម្យ៉ាងផ្សេងទៀត នៃការឈឺពោះសម្រាល ដោយសារតែទារកអ្នក ចាប់ផ្តើមធ្លាក់ចុះមក ក្រោម ហើយវានឹងធ្វើអោយអ្នកចុករោយចង្កេះជាខ្លាំង ។
១០. អ្នកចាប់ផ្តើមទទួលអាម្មណ៍នៃការកន្ត្រាក់របស់ស្បូន
នេះគឺជាសញ្ញាដ៏ច្បាស់មួយ នៃការឈឺពោះសម្រាល។ នៅពេលដែលអ្នក កំពុងបន្តនូវដំណាក់កាលនៃការឈឺពោះសម្រាល នោះការកន្ត្រាក់របស់ស្បូន នឹងកើតមានជាទៀងទាត់ ជាមួយនឹង គន្លាត ច្បាស់លាស់មួយ។ ពួកវានឹងចាប់ កាន់តែខ្លាំងឡើងៗ និង មិនសូវឃ្លាតឆ្ងាយពីគ្នា។
ប្រសិនបើអ្នកកើតមាននូវសញ្ញា នៃការឈឺពោះសម្រាលខាងលើនេះ នោះអ្នកគប្បីត្រូវទៅកាន់មន្ទីរពេទ្យ អោយបានឆាប់រហ័ស ៕