អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​មាន​ជំនឿ​ជា​យូរ​មក​ហើយ​ថា សារធាតុ​ជា​ច្រើន​ដែល​មាន​ក្នុង​ស្រាក្រហម​ប្រហែលជា​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង​។ ការ​ទទួលទាន​ស្រាក្រហម​ក្នុង​កម្រិត​មធ្យម​ប្រហែលជា​មាន​ជាប់​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​ទៀត​។ ចាប់ពី​ឆ្នាំ ១៩៩០​មក អ្នកឯកទេស​ជា​ច្រើន​បាន​ចាប់ផ្តើម​ផ្តោត​សំខាន់​ទៅ​លើ​សារធាតុ Resveratrol ដែល​ជា​កំ​ផោន​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​ក្នុង​ស្រាក្រហម​។ បន្ទាប់​មក ការ​សិក្សា​តាម​មន្ទីរពិសោធន៍ និង​សត្វ​មួយ​ចំនួន​បាន​បង្ហាញ​ថា សារធាតុ​មួយ​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​វីរុស​, ប្រឆាំង​ការ​រលាក និង​ប្រឆាំង​នឹង​ជំងឺមហារីក​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ថ្នាំ​បំប៉ន​ប្រភេទ Resveratrol មិន​បាន​ធ្វើការ​សិក្សា​យ៉ាង​ល្អ​ទៅ​លើ​មនុស្ស​ឡើយ​។ យើង​មិន​បានដឹង​ច្បាស់​អំពី​អត្ថប្រយោជន៍ និង​ការ​ប្រឈម​មុខ​អ្វីខ្លះ​ដែល​វា​អាច​នឹង​មាន​នោះ​ទេ​។ យើង​ក៏​មិនដឹង​ថា​តើ​សារធាតុ Resveratrol មាន​សារៈសំខាន់​ជាង​សារធាតុ​ធម្មជាតិ​ផ្សេង​ៗ​ទៀត​ដែល​មាន​ក្នុង​ស្រា​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ សារធាតុ Resveratrol បាន​ក្លាយទៅជា​ថ្នាំ​បំប៉ន​ដ៏​ពេញ​និយម​មួយ​។ ប្រជាជន​ប្រើប្រាស់​វា​សម្រាប់​បញ្ហា​ជំងឺ​ជា​ច្រើន​ខុស​ៗ​គ្នា​។ អ្នកខ្លះ​ប្រើ​ដើម្បី​ព្យាយាម​បង្ការ ឬ​ព្យាបាល​ជំងឺ​ធ្ងន់​ៗ​ដូច​ជា ជំងឺមហារីក ឬ​ជំងឺ​បេះដូង​ជាដើម​។ អ្នកខ្លះ​ទៀត​សង្ឃឹមថា ពួក​គេ​នឹង​អាច​បន្ថយ​ដំណើរ​នៃ​ការ​ចាស់​ទោ​តាម​អាយុ​បាន​។ ឥឡូវនេះ ការ​ប្រើប្រាស់​ទាំងនេះ​មិន​មាន​អំណះអំណាង​អ្វី​ដើម្បី​គាំទ្រ​នោះ​ទេ​។

សារធាតុ Resveratrol មិន​មាន​អំណះអំណាង​អ្វី​ដើម្បី​យក​ទៅ​ព្យាបាល​ជំងឺ​ឡើយ ហើយ​ក៏​គ្មាន​កម្រិត​ប្រើប្រាស់​តាម​លក្ខណៈ​ស្តង់ដារ​អ្វី​ដែរ​។ អ្នកខ្លះ​ធ្វើការ​ប៉ាន់ស្មាន​ទៅ​លើ​កម្រិត​ប្រើប្រាស់​ដែល​កើត​ចេញពី​ការ​សិក្សា​ស្រាវជ្រាវ​ដំបូង​ម្ល៉េះ​។ ដូច្នេះ​ចូរ​សុំ​យោបល​ពី​គ្រូពេទ្យ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ដំបូន្មាន​នៃ​ការ​ប្រើប្រាស់​។

សារធាតុ Resveratrol កើត​មាន​ពី​ធម្មជាតិ​ក្នុង​ស្រាក្រហម​, សម្បក​ផ្លែ​ទំពាំងបាយជូរ​ក្រហម​, ទឹក​ទំពាំងបាយជូ​, សណ្តែកដី និង​មើមថ្នាំចិន​មួយ​ចំនួន​។

អ្នកខ្លះ​ឆ្ងល់​ថា​តើ​ពួក​គេ​គួរតែ​ផឹកស្រា​ក្រហម​អោយ​កាន់តែ​ច្រើន​ដើម្បី​ទទួល​បាន​សារធាតុ Resveratrol កាន់​ច្រើន និង​ល្អ​ចំពោះ​សុខភាព​កាន់តែ​ខ្លាំង​បាន​ដែរ​ឬទេ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកឯកទេស និង​អង្គការ​ភាគច្រើន​ដូច​ជា សមាគម​ន៍​ជំងឺ​បេះដូង​អា​មេ​រិ​ក​នៅ​តែ​ណែនាំ​ថា ស្ត្រី​ដែល​និយម​ផឹក​គ្រឿង​ស្រវឹង​បែប​នេះ​គួរតែ​ផឹក​តែ​ម្តង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ចំណែកឯ​បុរស​អាច​ដល់​ពីរ​ដង​។ ការ​ទទួលទាន​ជាតិ​ស្រា​ច្រើន​ពេក​មាន​ផល​អាក្រក់ និង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

ការ​ប្រឈម​មុខ
ផល​រំខាន​៖ នៅ​ពេល​សារធាតុ Resveratrol ត្រូវ​បាន​ទទួលទាន​ក្នុង​ចំនួន​ធម្មតា​តាម​រយៈ​អាហារ ជា​ទូទៅ​គឺជា​រឿង​ធម្មតា និង​មាន​សុវត្ថិភាព​។ វា​អាច​មាន​ប្រតិកម្ម​ចំពោះ​អ្នក​ដែល​អា​ឡែ​ហ្ស៊ី​នឹង​ទំពាំងបាយជូរ ឬ​ស្រា​បាន​។
ការ​ប្រឈម​មុខ​៖ អ្នក​ដែល​មាន​បញ្ហា​សុខភាព​ដូច​ជា ហូរ​ឈាម​មិនធម្មតា​មិន​គួរ​ណា​ទទួលទាន​សារធាតុ Resveratrol ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​ឡើយ​។ ស្ត្រី​ដែល​មាន​បញ្ហា​ជាមួយ​អ័រម៉ូន​ដូច​ជា ជំងឺ​Endometriosis ឬ​ជំងឺមហារីក​សុដន់​, មហារីក​ក្រពេញ​អូ​វ៉ែ ឬ​មហារីក​ស្បូន​ត្រូវ​តែ​ទៅ​ទទួល​ការ​ណែនាំ​ពី​គ្រូពេទ្យ​សិន​មុន​ពេល​ប្រើប្រាស់​ថ្នាំ​បំប៉ន Resveratrol នេះ​។
ការ​ប្រតិកម្ម​៖ បើសិនជា​អ្នក​ប្រើ​ថ្នាំ ឬ​អាហារ​បំប៉ន​ផ្សេង​ៗ​ជា​ទៀងទាត់ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​ពេល​ចាប់ផ្តើម​ប្រើ Resveratrol​។ ព្រោះ​វា​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ៗ​បាន​ដូច​ជា ថ្នាំ​រំលាយ​កំណក​ឈាម​, ថ្នាំ​បញ្ចុះ​សម្ពាធ​, ថ្នាំ​ព្យាបាល​ជំងឺមហារីក​, ថ្នាំ MAOI, ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​, ថ្នាំ​ប្រឆាំង​វី​រ៉ុ​ស និង​ថ្នាំ​ប្រឆាំង​រោគ​ផ្សិត​, ថ្នាំ​បំបាត់​ការ​ឈឺចាប់ NSAID៕

ដោយសារ​តែ​កង្វះ​នូវ​អំណះអំណាង​អំពី​សុវត្ថិភាព​របស់​វា ធ្វើ​អោយ​ថ្នាំ​បំប៉ន Resveratrol មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​ប្រើប្រាស់​លើ​កូន​ក្មេង ឬ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង