រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី ។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែវិចិ្ឆកានេះ យោងតាមការចេញផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ តែមកដល់ថ្ងៃនេះ បានប្រកាសអនុញ្ញាតឱ្យដំណើរការ មុខរបរទាំងនោះឡើងវិញ ។

ជាមួយគ្នានោះដែរ សូមអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់ផ្តាច់ចរន្តជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា ៕


