Join with Health.com.kh on Telegram

ចំពោះ​ទឹកនោមផ្អែម​ប្រភេទ​មួយ គេ​មិន​អាច​កំណត់​បាន​កត្ដា​ហានិភ័យ​របស់​វា​អោយបាន​ច្បាស់លាស់​ទេ​។ ប៉ុន្ដែ​វា​ប្រហែលជា​មាន​ទាក់ទង​កត្ដា​តំណពូជ កត្ដា​បរិស្ថាន ដែល​អាច​បណ្ដាលអោយ​កើតជំងឺនេះ​។ បើសិនជា​មាននរណា​ម្នាក់​ក្នុង​គ្រួសារ​កើត​ទឹកនោម​ផ្អែម​នេះ ឱកាស​កើត​ជំងឺ​នេះអាច​នឹង​កើនឡើង​។ កត្ដា​ហានិភ័យសម្រាប់ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​រួមមាន៖​

– ​អាយុ​៖ ៩០ ទៅ ៩៥​ភាគរយ នៃ​អ្នក​ទឹកនោមផ្អែម មាន​ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​។ ទឹកនោម​ផ្អែមប្រភេទ​ពីរ ជាទូទៅ​កើតមាន​នៅក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​លើសពី​ ៤០​ឆ្នាំ ប៉ុន្ដែ​ឥឡូវនេះ​វា​ក៏​កើតមាន​ច្រើន​ផងដែរ ចំពោះ​កុមារ​និង​មនុស្ស​វ័យ​ជំទង់​។​ មនុស្ស​កាន់តែ​ចាស់​កាន់តែ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​។​

– ​លើស​ទម្ងន់​ឬ​ធាត់​ជ្រុល​៖ មនុស្ស​ជាង​ ៨០​ភាគរយ​ ដែល​មាន​ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​គឺជា​មនុស្ស​លើស​ទម្ងន់​ឬ​ធាត់​ជ្រុល​។ ការ​លើសទម្ងន់​ឬ​ធាត់​ជ្រុល​បង្កើន​ហានិភ័យ​កើត​ទឹកនោម​ផ្អែម​។ ​ជាតិ​ខ្លាញ់​ច្រើន​ហួសហេតុ​ហាក់ដូចជា​បង្កើន​ភាពស៊ាំទៅនឹង អាំង​ស៊ុយ​លីន​ដោយ​ធ្វើអោយ​ជាតិ​គ្លុយកូស​កើនឡើង​និង​លទ្ឋភាព​កើត​មាន​ទឹកនោមផ្អែម​។​ ទោះបី​ការ​ធាត់​ហួសហេតុ​អាច​ប៉ះពាល់​មនុស្ស​គ្រប់គ្នា កត្ដា​ហានិភ័យ​សំខាន់​នោះ​គឺ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​ថាមពលខ្ពស់ ព្រមទាំង​អសកម្ម​ភាព​រាង្គ​កាយ​។ ​និន្នាការ​កាន់តែ​ច្រើន​នៅ​បណ្ដា​ប្រទេស​ជាច្រើន​បង្ហាញ​ចេញ​នូវ​សង្គម​មួយ​ដែល មាន​ការប្រើ​អាហារ​មិន​មាន​សុខភាព ជាជាង​ការបរិភោគ​ផ្លែឈើ​ស្រស់ និង បន្លែ​ដែល​ល្អ​សម្រាប់​សុខភាព ហើយគេ​ក៏​សង្កេតឃើញ​ដែរ​ថា​សកម្មភាព​រាង្គ​កាយ​បាន​ថយចុះ​យ៉ាង​ខ្លាំង​ហើយ​វា​ជំនួស​ដោយ​ការប្រើ​យានយន្ដ​វិញ​។​

– ​ប្រវត្ដិ​គ្រួសារ​មាន​ទឹក​នោម​ផ្អែម​៖ ​ការស្រាវជ្រាវ​បង្ហាញថា​មនុស្ស​កាន់តែ​មាន​ហានិភ័យ​ខ្លាំង បើសិនជា​សមាជិក​គ្រួសា​រណា​ម្នាក់ មាន​ទឹក នោម​ផ្អែម​។ កាលណា​ទំនាក់ទំនង​គ្រួសារ​នោះ​កាត់​តែ​ជិត វា​កាន់តែ​នាំអោយ​មាន​ហានិភ័យ​ខ្ពស់​ដែរ នៅក្នុង ការកើត​ទឹកនោមផ្អែម​។​

​- អសកម្ម​ភាព​រាង្គ​កាយ​៖ ​ការស្រាវជ្រាវ​បង្ហាញថា​មនុស្ស​ដែល​មិន​មាន​ជីវិត​ដ៏​សកម្ម​នោះទេ ពួកគេ​មាន​ហានិភ័យ​ច្រើនជាងគេ នៅ​ក្នុង​ការ​កើត​ទឹកនោមផ្អែម​ប្រភេទ​ពីរ​។ កាលណា​អ្នកមាន​លំ​ហាត់ប្រាណ​កាន់តែ​តិច អ្នកនឹង​កាន់តែ​មាន​ឱកាស ច្រើន​កើត​ទឹកនោម​ផ្អែម​។​

– ​ដំណាក់កាល​ត្រៀម​ទឹកនោម​ផ្អែម​៖ ​មនុស្ស​យើង​ធម្មតា​មាន​ជាតិ​ស្ករ​នៅ​ចន្លោះ​ពី ៧០​ ទៅ​ ១១០ មី​លី​ក្រាម​ នៅក្នុង​ ១០០​មី​លី​លីត្រឈាម ​ឬក៏​នៅ​ចន្លោះ ៣,៩ ​ទៅ ៦,០ មី​លី​ម៉ូ​ល​ក្នុង​១​លីត្រ​ឈាម​។ ​ដំណាក់កាល​ត្រៀម​ទឹកនោម​ផ្អែម គឹ​កម្រិត​ជាតិ​ស្ករ (​គ្លុយកូស​) ខ្ពស់ជាង ធម្មតា ប៉ុន្ដែ​មិន​ទាន់​ដល់​កម្រិត​ដែល​គ្រូពេទ្យ​ចាត់ទុកជា​ទឹកនោម​ផ្អែម​ទេ (​មើល​ខាងក្រោម​)​។​

-​ ជាតិ​សាស្ដ្រ​៖ ​តាម​ដែល​យើង​ដឹង ជាតិ​សាសន៍​មាន​សារសំខាន់​នៅ​ក្នុង​ការកំណត់​លទ្ឋភាព​ដែល​មនុស្ស​ម្នាក់​អាច​កើត មាន​ទឹកនោមផ្អែម​។​ ប៉ុន្ដែ​មាន​ការស្រាវជ្រាវ​តិចតួច​ត្រូវបាន​ធ្វើឡើង​នៅក្រៅ​សហរដ្ឋអាមេរិក​។ នៅក្នុង​ចំណោម ពលរដ្ឋ​អាមេរិក ជនជាតិ​អាហ្វ្រិក អាស៊ី អ៊ី​ស្ប៉ា​និច អ្នក​កោះ​ប៉ា​ស៊ី​ហ្វិ​ច និង ជនជាតិដើម​អាមេរិក ស្ថិតនៅក្នុង ចំណោម​មនុស្ស​ដែល​ងាយ​កើត​មាន​ទឹកនោមផ្អែម​។ ក្នុងចំណោម​ពលរដ្ឋ​អូស្រា្ដលី ជនជាតិ​អាស៊ី អ្នក​កោះ​ប៉ា​ស៊ី​ហ្វិ​ច អឺរ៉ុប​ខាងត្បូង ជនជាតិដើម​អូស្ដ្រាលី​គឺ​ងាយ​បំផុត​កើត​ជំងឺ​នេះ​។